ភ្នំពេញៈ គ្រោះ​មហន្ត​រាយ​ពី​ធម្មជាតិ​ ដែល​បង្ក​ឡើង​ពី​ខ្យល់​កន្ត្រាក់ ​និង​រន្ទះ​បាញ់​ នៅ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២២​ នេះ ​បាន​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​ស្លាប់​ និង​រងរបួស​សរុប​ចំនួន​ ៧៩ នាក់។​ ចំនួន​នេះ​បាន​​ថយ​ចុះ​បើ​ធៀប​នឹង​ឆមាស​ទី ១ ​ឆ្នាំ ២០២១ ដែល​មាន​ជន​រងគ្រោះ​ស្លាប់​ និង​រង​របួស​ចំនួ ១៦៤ នាក់​ ដោយ​សារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​បាញ់​។​ នេះ​បើ​យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ សម្រាប់​ឆមាស​ទី ១ និង​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆមាស​ទី ២ ឆ្នាំ ២០២២​ របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន។​​

តាម​រយៈ​របាយ​ការណ៍​នេះ ​ស្ថានភាព​អាកាស​ធាតុ​សម្រាប់​ ៦ ខែ ​ឆ្នាំ ២០២២​ នេះ​ មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ ២០២១​ ដោយសារ​កម្ពុជា​ទទួល​រង​កម្រិត​កម្ដៅ​ខ្សោយ​ពុំ​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ ២០២១​ ហើយ​ភ្លៀង​កក់ខែ ​កើត​មាន​ច្រើន​ក្នុង​រដូវប្រាំង​ ដែល​បាន​កាត់​បន្ថយការ​ប្រឈម​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ និង​ទឹក​សម្រាប់​ការ​បង្កបង្កើន​ផល​ ព្រមទាំង​ពុំ​សូវ​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ក្នុង​តំបន់​នោះ​ទេ។​

​ថ្វីបើ​​ដូច្នេះ​ក្ដី ​លោក​គន់ ​គីម​ អនុ​ប្រធាន​ទី ១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​នោះ​ថា​៖ «គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដែល​បង្ក​ឡើង​ពី​ការ​ ប្រែប្រួល​អាកាស​ធាតុ ​ដូចជា​ គ្រោះ​រាំង​ស្ងួត ​ទឹក​ជំនន់​ ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​ ​នៅ​តែ​ជា​បញ្ហា​ប្រឈម ​និង​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ តាម​ទី​ទំនាប​ជាប់​មាត់ទឹក»។​

​ក្នុង​នោះ​លោក​បាន​លើកឡើង​ថា​ កាល​ពី​ក្នុង​រដូវក្ដៅ​កន្លង​មក​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ សៀមរាប​ ព្រៃវែង​ ត្បូងឃ្មុំ​ កណ្ដាល​ ពោធិ៍សាត់​ តាកែវ ​និង​ខេត្ត​ស្វាយរៀង​ បាន​ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ ១៥ ០៧៣ ហិកតា ដោយសារ​តែ​បរិមាណ​ភ្លៀង​កក់ខែ​កើត​មាន​តិចតួច​។​ ប៉ុន្តែ​បញ្ហា​នោះ​ត្រូវបាន​ដោះស្រាយ​ប្រកប​ដោយ​បរិយាប័ន្ន​ តាមរយៈ​កិច្ច​សហការ​របស់​ក្រសួង​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បាន​ជួយ​អន្តរា​គមន៍​បើក​បញ្ចេញ​ទឹក និង​បូមទឹក​ជួយ​សង្គ្រោះ​ជា​បន្ត​បន្ទាប់​ បាន​ទាន់​ពេលវេលា។ ​

លុះ​ដល់​ក្នុង​រដូវ-​វស្សា ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​ចាប់​ពី​ដំណាច់​ខែ​ឧសភា​ មក​ដល់​ដើម​ខែ​មិថុនា​ បង្ក​ឱ្យមាន​​ការ​ជន់​លិច​នៅ​តាម​តំបន់​ទំនាប​ និង​ទីប្រជុំ​ជន​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី​ក៏​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ខូចខាត​ ដំណាំ​ស្រូវ ១៣៧៥១ ហិកតា ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ត្បូងឃ្មុំ ​និង​សៀមរាប​ ក្នុង​នោះ​ខូចខាត​ទាំង​ស្រុង​អស់ ៩ ៨១៣ ហិកតា និង​ ខូចខាត​ដំណាំ​រួមផ្សំ ២១ ហិកតា។​

ក្រៅ​ពីនេះ​ជំនន់​ទឹកភ្លៀង​នា​ដើម​រដូវវស្សា​ បាន​បង្ក​ផលប៉ះពាល់ ​និង​ខូចខាត​ដល់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​មួយ​ចំនួន​ រួមមាន​ផ្លូវលំ ២ ខ្សែ ​បាក់​ស្ពាន​ឈើ ១ បាក់​ដាច់​ខ្នង​ទំនប់​អាង​ស្តុក​ទឹក​ចំនួន ២ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប​ ខណៈ​នៅ​ស្រុក​កូនមុំ​ខេត្ត​រតនគិរី មាន​ការ​ជន់​លិច​ផ្ទះ​កម្មករ​ចម្ការ​ចេក​ចំនួន ៧ ល្វែង​ ស្មើ ១៥០ បន្ទប់​ ដោយ​បាន​ជម្លៀស​កម្មករ​ចេញ​ទៅ​ទីទួល​សុវត្ថិ​ភាព សរុប​ចំនួន ១៧៦ គ្រួសារ។​​

ជា​មួយ​ការ​មក​ដល់​នៃ​រដូវ​វស្សា ព្យុះ​ក្នុង​តំបន់​ចំនួន ២ បាន​កើត​មាន​នៅ​ដំណាច់​ខែមិថុនា ​ក្នុង​នោះ​កូន​ព្យុះ​ទី ១ បង្ក​ឥទ្ធិពល​បន្ទាន់​ដល់​កម្ពុជា​ធ្វើ​ឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង​លើ​ផ្ទៃ​សមុទ្រ​រួមជា​មួយ​ភ្លៀង​ និង​បាតុភូត​ខ្យល់​កន្ត្រាក់​ ផ្គរ​ រន្ទះ​ ចាប់ពី​តំបន់​មាត់​សមុទ្រ​ដល់​តំបន់​ទំនាប​ភាគ​ពាយព្យ​ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ​និង​តំបន់​ ខ្ពង់រាប​ភាគឦសាន។​

រាជ​ធានី​-​ខេត្ត​ចំនួន ២៣​ លើក​លែង​តែ​ខេត្ត​មណ្ឌលគិរី ​និង​ខេត្ត​តាកែវ​ ខ្យល់​កន្ត្រាក់​ដែល​កើត​ឡើង​ពី​ឥទ្ធិពល​ព្យុះ​ក្នុង​តំបន់​បាន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ ៣ នាក់​ស្លាប់​ និង ១៨ នាក់​ទៀត​រង​របួស​ ព្រម​ទាំង​រលំ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ​៦៨៥ ខ្នង​ របើក​ដំបូល​ និង​ខូច​មធ្យម ២ ៣៧៤ ខ្នង​ របើក​ដំបូល​សាលារៀន ​១៩ អគារ​ ដួល​រលំ​តូប​លក់​ដូរ ១៣ តូប​ របើក​ដំបូល​អគារ​រដ្ឋបាល​ ៦ អគារ។ ​ទន្ទឹម​នឹង​នេះ​ បាតុភូត​រន្ទះបាញ់​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ ៣២ នាក់​ស្លាប់ ​និង​រង​របួស ២៦ នាក់ ងាប់​គោ​ក្របី ​៦៩ ក្បាល និង​ខូចខាត​ផ្ទះ​សំបែង ១១ ខ្នង។​

​លោក​ សុទ្ធ​ គឹម​កុល​មុន្នី​ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែងថា ជា​ទិស​ដៅ​បន្ត ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​សហការ ​និង​ចូលរួម​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​ក្នុងការ​តាមដាន​ និង​ត្រៀម​ការ​អន្តរាគមន៍​សង្គ្រោះ​គ្រប់​ហេតុការណ៍​គ្រោះ​មហន្តរាយ​ ដែល​អាច​នឹង​កើត​មាន​ក្នុង​រដូវវស្សា​ដើម្បី​ធ្វើការ​ឆ្លើយតប៕​