
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ខែកក្កដា។ ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ ២០២២-២០៣០ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ខែកក្កដា បញ្ជាក់ថា ក្នុងការធ្វើឱ្យប្រសើរឡើងនូវផែនការមេទាំង ២ ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភ័ស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ផ្តល់ធាតុចូលឱ្យបានឆាប់ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេអន្តរកាលដែលបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មកាលពីខែមករា ឆ្នាំ ២០២០។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ របស់កម្ពុជា ដែលផ្តោតជាសំខាន់លើការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដែលការងារអាទិភាពទាំងនោះរួមមាន៖ ១) ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ២) ការអភិវឌ្ឍធនធានមនុស្សល្អ ៣) ការបញ្ចុះតម្លៃភ័ស្តុភាកម្ម និងដឹកជញ្ជូន ៤) ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕