ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) កាល​ពី​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ បាន​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​មួយ​ចំនួន​ដែល​អគ្គលេខាធិការដ្ឋាន គ.ជប ស្នើ​ឡើង ដើម្បី​ត្រៀម​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប ចេញ​ផ្សាយ​កាល​ពី​ព្រលប់​ថ្ងៃទី ២១ ខែ​កក្កដា បញ្ជាក់​ថា​ ឯកសារ​ដែល​អគ្គលេខាធិការ​ដ្ឋាន គ.ជប ស្នើ​សុំ គ.ជ.ប ពិនិត្យ និង​សម្រេច​រួម​មាន៖

១. ប្រតិទិន​សម្រាប់​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ ​បោះឆ្នោត​ ឆ្នាំ ២០២២ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រជុំ​ចំនួន ៨ លើក ក្នុង​ដំណាក់កាល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះ​ឆ្នោត​ឆ្នាំ​នេះ។

២. របាយការណ៍​ស្តីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០២១។

៣. របាយការណ៍​ស្តីពី​ការ​គ្រប់គ្រង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ ដែល​នឹង​ត្រូវ​ជូន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​រាជរដ្ឋាភិបាល។

៤. សេចក្តី​ព្រាង​ផ្តល់​យោបល់ និង​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​លោក Vitit Muntarbhorn អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

៥. ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ប្រឡង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ឱ្យ​បម្រើ​ការងារ​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត ( លធ.ខប) ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០២២។

បន្ទាប់​ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​លើ​ឯកសារ​ទាំង​អស់​ខាង​លើ​រួច​មក គ.ជ.ប បាន​កែ​សម្រួល​ខ្លឹមសារ​មួយ​ចំនួន ហើយ​បាន​សម្រេច​ឯកភាព​ជា​គោលការណ៍ សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ និង​សម្រាប់​អនុវត្ត បន្ទាប់​ពី​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួច។

ដោយ​ឡែក​ចំពោះ​សេចក្តី​ព្រាង​សេចក្ដី​ផ្តល់​យោបល់​លើ​របាយការណ៍​របស់​លោក Vitit Muntarbhorn អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ​ពិនិត្យ​មើល​ខ្លឹមសារ​ក្នុង​ចំណុច​ទី២៤ នៃ​របាយការណ៍ និង​លើក​យោបល់​ដើម្បី​ដាក់​ឆ្លង គ.ជ.ប ឡើង​វិញ មុន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

ចំពោះ​ការ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​សរុប​ទូទាំង​ប្រទេស​ចំនួន ៥២៧ រូប សម្រាប់​បម្រើ​ការងារ​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត (លធ.ខប) ទាំង ២៥ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ គ.ជ.ប ចាប់​ផ្តើម​ប្រកាស​ក្នុង​ការ​ពិនិត្យ​ជ្រើសរើស​នៅ​ដើម​ខែ​សីហា​ ខាង​មុខ​នេះ៕