
សមត្ថកិច្ចខេត្តកំពង់ចាមចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ រូបថត រដ្ឋបាលខេត្ត
កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នេះបានចេញសេចក្ដីណែនាំដល់គ្រប់សមាសភាពឱ្យមានវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោយពីពិនិត្យឃើញថារយៈពេលនៃត្រីមាសទី ១ ឆ្នាំ ២០២២ នេះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
យោងតាមសេចក្តីណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលនិងជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាមបញ្ជាក់ថា ដោយពិនិត្យឃើញថារយៈពេលនៃត្រីមាសទី ១ ឆ្នាំ ២០២២ នេះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ កំណើនយានយន្ត ទោចក្រយានយន្ត មានការកើនឡើងលើសពីការប៉ាន់ប្រមាណពីឆ្នាំកន្លងទៅ។ អ្នកប្រើប្រាស់យាន ប្រើប្រាស់ផ្លូវហាក់មិនបានយកចិត្តទុកដាក់គោរពច្បាប់ និងប្រើប្រាស់ផ្លូវ យានយន្តត្រឹមត្រូវតាមច្បាប់កំណត់ឱ្យបានប្រសើរនៅឡើយ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ របួស ស្លាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកបន្តថា ដើម្បីធានានូវការកាត់បន្ថយបានការគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត នៅភូមិសាស្ត្រខេត្តកំពង់ចាមប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាមលោកដាក់ចេញនូវការណែនាំមួយចំនួន ដូចខាងក្រោម ៖
- គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ គ្រប់ស្ថាប័នសាធារណៈ និងឯកជន គ្រឹះស្ថានសិក្សា រោងចក្រសហគ្រាស
- គ្រប់ក្រុមគ្រួសារ អាណាព្យាបាល សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋគ្រប់រូប៖
១- ត្រូវមានបណ្ណបើកបរចំពោះអ្នកបើកបរយានយន្ត៖ រថយន្តគ្រប់ប្រភេទ, ទោចក្រយានយន្ត យានយន្តសណ្ដោងរ៉ឺម៉ក និងត្រីចក្រយានយន្ត និងយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ១២៥ (មួយរយ ម្ភៃប្រាំសង់ទីម៉ែត្រគុប) ឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី ១១ (ដប់មួយ) គីឡូវ៉ាត់។
២- សម្រាប់ការបើកបរយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី ១២៥ (មួយរយម្ភៃប្រាំសង់ទីម៉ែត្រ គុប) ចុះក្រោម ឬថាមពលអគ្គិសនីចាប់ពី ១១ (ដប់មួយ) គីឡូវ៉ាត់ចុះក្រោម អ្នកបើកបរមិនតម្រូវឱ្យមានបណ្ណបើកបរឡើយ ប៉ុន្តែត្រូវមានអាយុយ៉ាងតិច ១៥ (ដប់ប្រាំ) ឆ្នាំឡើង។
៣- ការប្រើប្រាស់យានយន្តត្រូវបំពាក់ឧបករណ៍ឱ្យបានគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេសដែលច្បាប់បានកំណត់។
៤- គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត គ្រឹះស្ថានសាធារណៈ និងឯកជន គ្រឹះស្ថានសិក្សា រោងចក្រសហគ្រាស ត្រូវចូលរួមផ្សព្វផ្សាយដល់មន្ត្រី បុគ្គលិក ពិសេសបងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយដល់កូន ចៅក្នុងបន្ទុកឱ្យគោរពបានតាមកំណត់នៃច្បាប់។
៥- គ្រប់គ្រឹះស្ថានសិក្សា សាលារៀនត្រូវមានកម្មវិធីអប់រំផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្ស
៦- មន្ត្រីអនុវត្តច្បាប់ត្រូវប្រកាន់យកអាកប្បកិរិយា សីលធម៌វិជ្ជាជីវៈ និងអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ បំផុត។ និង ៧-គ្រប់ប្រព័ន្ធផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់បន្តអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីបានយល់ដឹងដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង-ស្រុក និងសហគមន៍ឱ្យអនុវត្តបានគ្រប់ៗគ្នា៕