ព្រះសីហនុៈ អង្គការ ហេប​កូ​ដ កម្ពុជា​នឹង​ធ្វើ​យុទ្ធនា​ការ ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​អំពី​សុវត្ថិភាព​ទឹក មូលដ្ឋាន​គ្រឹះ​នៃការ​ហែលទឹក និង​វិធី​បង្ការ​ពី​ការ​លង់ទឹក ដល់​សាធារណជន ដែ​ល​ទៅ​ទស្សនា​និង​ហែល​ទឹក​លេង​កម្សាន្ត​ក្នុង​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កំពត​ រយៈពេល ៣ថ្ងៃ (ពីថ្ងៃ​ទី​២៤-២៦ ​កក្កដា) ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​បង្ការ​ការ​លង់ទឹក​ពិភពលោក​ឆ្នាំ ២០២២។

លោកជ័យ រតនា ប្រធាន​បច្ចេកទេស អង្គការ​ហេប​កូដ​កម្ពុជា ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២០ កក្កដា​ថា ជារៀង​រាល់​ឆ្នាំ អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​យក​ថ្ងៃទី ២៥ កក្កដា​ជាថ្ងៃ​ប្រារព្ធ​ទិវា​បង្ការ​ការ​លង់ទឹក​ពិភពលោក។ សម្រាប់​ឆ្នាំ​នេះទិវា​នេះ​នឹង​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធាន​បទ «[រួម​គ្នា​]គិត​ធ្វើ​អ្វីមួយ​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​លោក​ពីការ​លង់​ទឹក» ដើម្បី​ជំរុញ​ដល់​គ្រប់​សហគមន៍ និង​មេដឹក​នាំ​នៃបណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក បង្កើន​​ការ​យក​ចិត្ត​ទុកដាក់ បង្ការ​ការ​លង់ទឹក ខណៈចំ​នួន​អ្នក​ស្លាប់​ដោយការ​លង់​ទឹក​មាន​ការ​កើន​ឡើង​​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ គួរឱ្យ​កត់​សម្គាល់។

អង្គការ​ហេបកូដ កម្ពុជា បាន​រៀបចំ​កម្មវិធី​ចុះចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយស្តីពី​សុវត្ថិភាព​ទឹក និង​មូលដ្ឋាន​គ្រឹះនៃ​ការហែល​ទឹក​​ប្រកប​ដោយ​សុវត្ថិភាព​ដល់​សាធារណជន​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត​ ពិសេស​​ដល់​ក្រុម​ទេសចរ ដែល​ទៅ​ទស្សនា និង​ហែល​ទឹក​សមុទ្រ​លេង ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​បទពិសោធ ​និង​ចំណេះ​ដឹង​បន្ថែម​ទៀត​ ទាក់ទង​នឹង​វិធានការ​បង្ការ​ការពារ​គ្រោះ​ថ្នាក់​លង់​ទឹក និងវិ​ធី​សង្គ្រោះ​បឋម។

លោក​​​ថា​៖ «​មនុស្ស​គ្រប់គ្នា​អាច​លង់​ទឹក​គ្រប់​ពេលវេលា​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​គិត​ដល់​រឿង​នោះ​​ទេ។ ហេតុដូច្នេះ​ហើយ ​ទើប​ក្នុង ១ ឆ្នាំៗ មាន​មនុស្ស​រាប់ពាន់​នាក់​នៅ​ក្នុង​ពិភព​លោក​បាន​ស្លាប់​​ដោយសារ​ការ​លង់ទឹក»។

ការលង់​ទឹកជា​មូល​ហេតុ​ចម្ប​ង​មួយ​នៃ​ការស្លាប់​នៅ​ទូទាំ​ង​ពិភពលោក​ សម្រាប់​កុមារ និង​យុវជន​ដែល​មាន​​អាយុ​ពី ១-២៤ ឆ្នាំ។ ជា​រៀងរាល់​ឆ្នាំ​មនុស្ស​ប្រមាណ ២៣៦ ០០០ នាក់​បាន​លង់​ទឹក​ស្លាប់។ នេះ​បើ​​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាពពិភព​លោក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​លើ​គេហទំព័រ​​របស់​អង្គការ​​ក្នុង​សប្ដាហ៍​នេះ។

ទិន្ន​ន័យ​នោះ​ក៏បាន​បង្ហាញ​ផង​​ដែរ​ថា ជាង ៩០ ភាគរយ​នៃ​អ្នកស្លាប់​​ដោយ​លង់​ទឹក​កើត​ឡើង​នៅ​​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ដោយ​ក្នុង​នោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​មាន​ហានិភ័យ​​ខ្ពស់​បំផុត។ ដោយឡែក​នៅ​​កម្ពុជា ការ​ស្លាប់​ដោយ​ការ​លង់ទឹក​បាន​កើន​ឡើង​ដល់ ១ ១១៣ នាក់ ឬ​ស្មើ ១,២៤ ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​។ តួលេខ​នេះ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា ជាប់​​​ចំណាត់ថ្នាក់​លេខ​រៀង​ទី ១២ ដែល​មាន​អ្នក​ស្លាប់​ដោយការ​លង់ទឹក​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ នេះ​បើ​យោង​​របាយការណ៍​ចុងក្រោយ ​អង្គការ​សុខភាព​ពិភពលោក ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ ២០២០។

អង្គការ​សុខភាព​ពិភ​ព​លោក ​បញ្ជាក់​ថា​៖ «ការស្លាប់​ទាំង​នេះ​ជារឿយៗ​​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ងូតទឹក ការ​ដង​​ទឹក​សម្រាប់​ប្រើប្រាស់​ ការ​ធ្វើ​ដំណើរ​លើទឹក តា​មទូក ឬ​ស្រឡាង​និង​ការ​នេសាទ​ជាដើម។ ផល​ប៉ះពាល់​នៃ​ព្រឹត្តិការណ៍​អាកាស​ធាតុ​តាម​រដូវកាល រួមទាំង​ខ្យល់​មូសុង ក៏ជា​មូលហេតុ​ញឹកញាប់​នៃការ​លង់ទឹក​ផងដែរ»។

ថ្វី​ដ្បិតតែយ៉ាងដូច្នេះ​ក្ដី​អង្គការ​នេះ​បា​ន​កត់​​សម្គា​ល់​​ថា ភាគច្រើន​នៃ​ការ​ស្លាប់​ទាំង​នេះ​គឺ​អាច​ការពារ​បាន​ តាមរយៈ​ដំណោះស្រាយ​ ដោយ​ផ្អែក​លើ​ការ​វាយ​តម្លៃនៃ​ស្ថានភាព​ជាក់​​ស្ដែង ដូចជា​ការ​ដំឡើង​របាំង​ការពារ​ការ​ចូល​ប្រើប្រាស់​ទឹក។ ការ​ផ្តល់​កន្លែង​សុវត្ថិភាព​នៅ​ឆ្ងាយ​ពីទឹក​សម្រាប់​កុមារ​មត្តេយ្យ​សិក្សា ជាមួយ​នឹង​ការ​ថែទាំ​កុមារ​​ដែល​មាន​សមត្ថភាព​បង្រៀន​ហែលទឹក​សុវត្ថិភាព​ទឹក​និង​ជំនាញ​សង្គ្រោះ​​ដោយ​សុវត្ថិភាព។

ក្មេងៗកូនអ្នកភូមិនៅក្នុងសង្កាត់ជ្រោយចង្វារ កំពុងលេងទឹកទន្លេមេគង្គ កាលពីថ្ងៃទី ៣០ ឧសភា។ហេង ជីវ័ន

ជា​មួយ​គ្នា​នេះ ការ​បណ្តុះ​បណ្តាល​អ្នក​ឈរ​មើ​ល​​ក្នុង​ការ​ជួយ​សង្គ្រោះ​និង​សង្គ្រោះ​ដោយ​សុវត្ថិភាព ​ការកំណត់ និង​អនុវត្ត​បទ​ប្បញ្ញត្តិ​នៃការ​ជិះទូក ការ​ដឹក​ជញ្ជូន និង​ស្រឡាង​ប្រកបដោយ​សុវត្ថិភាព ​និង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​ហានិ​ភ័យ​ទឹក​ជំនន់ ក៏ជា​មធ្យោបាយ​ដ៏ល្អ ក្នុង​ការ​បញ្ចៀស​នូវបញ្ហា​ស្លាប់​ដោយ​ការ​លង់ទឹក​ផងដែរ។

ពាក់​ព័ន្ធទៅនឹង​ដំណោះ​ស្រា​យ​នេះ អ​ង្គការ​ហេប​កូដ កម្ពុជា ដែ​ល​បាន​និង​កំពុង​អនុវត្ត​កម្មវិ​ធី​សុវត្ថិភាព​ទឹក និង​បង្ការ​ការ​លង់ទឹក​ តាំង​ពី​ឆ្នាំ ២០១៨ មក ​កំពុង​បន្ត​កិច្ច​សហការ​ជាមួយ​មន្ទីរ​អប់រំ ខេត្ត​​ព្រះសីហនុ​តាមរយៈ​កម្មវិធី​ដើ​ម្បី​គាំទ្រ​ដល់​ការ​បង្ការ​ការ​លង់ទឹក​របស់​កុមារ និង​កម្មវិធី​ហែល​ទឹក​ដើម្បីការ​រស់​រាន​មាន​ជីវិត។

លោក​ រតនា បាន​និយាយ​ថា នៅ​ចុង​ឆ្នាំ ២០២២ នេះ អង្គការ​នឹង​ជួយ​សម្រួល​ដល់វគ្គ​បណ្តុះ​បណ្តាល​សុវត្ថិភាព​ទឹក​និង​ជំនួយ​​ដំបូង​សម្រាប់​កុមារ ៣ ០០០ នាក់​ និង ប្រជា​ពលរដ្ឋ ២០០ គ្រួសារ​នៅ​ក្នុង​សហគមន៍​ផ្សេងៗ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កំពត។

លោក​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន​អង្គការ​យើងកំពុង​បន្ត​បេសកកម្ម​នេះ ដើម្បី​ការពារ​ការ​លង់ទឹក​ និង​រក្សា​​កុមារ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ឱ្យមាន​សុវត្ថិភាព និង​សប្បាយ​រីករាយ​នៅក្នុង និង​ជុំវិញ​ទឹក»។

យ៉ាង​ណាក្តី​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ជាប់​គ្នានេះ (១៨-២០ កក្កដា ២០២២) មាន​ករណី​លង់ទឹក​ស្លាប់ ៦ នាក់​ ក្នុង​នោះ​​ខេត្ត​ព្រះសីហនុ​ម្នាក់ ​កំពង់ធំ​ម្នាក់ ​សៀមរាប ២ នាក់​ កំពង់ឆ្នាំង​ម្នាក់ និង​ខេត្ត​បាត់ដំបង​ម្នាក់។ កាល​ពីខែ​មិថុនា ក៏មាន​ករណី​កុមារ​ចំនួន ៦ នាក់​បាន​ស្លាប់​ដោយ​ករណី​លង់​ទឹក​ស្រះ​និង​ទឹក​អូរ​ផងដែរ។

ជុំវិញ​គ្រោះ​ថ្នាក់​លង់​ទឹក​ស្លាប់​នេះ លោក សុទ្ធ គឹម​កុលមុន្នី អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អំពាវនាវ ដល់​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​វាល​ទំនាប​តាម​ដងទន្លេ​ បឹង​បួ ព្រែក និង ដៃ​សមុទ្រ​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័​ត្ន និង​យក​ចិត្តទុក​ដាក់​អំពី​សុវត្ថិភាព​ចំពោះ​សមាជិក​គ្រួសារ របស់​ខ្លួន ជាពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ កុមារ ចាស់-ជរា និង​ស្ត្រីមាន​ផ្ទៃពោះ ឱ្យ​នៅ​ឆ្ងាយ​ពី​ទឹក។

ទន្ទឹម​នឹង​នេះលោ​ក​​បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ ជាពិសេស កង​កម្លាំង​ប្រដាប់អាវុធ​ទាំង ៣ ប្រ​ភេទ ត្រូវ​ត្រៀម​បម្រុង​នូវ​មធ្យោបាយ​ទាំងអស់ ដើម្បី​អន្តរា​គមន៍​សង្គ្រោះ​ពលរដ្ឋ​ក្នុង​តំបន់​រងគ្រោះ ​ក្នុង​ករណី​ជួប​ប្រឈម​គ្រោះ​ទឹកជំនន់។

យ៉ាង​ណាក៏​ដោយ ចំនួន​អ្នកស្លាប់​ដោយ​លង់​ទឹក មិន​ត្រូវបា​ន​គេកត់​ត្រា​ ដើម្បី​ចង​ក្រង​ជា​ទិន្នន័យ​ច្បាស់លាស់​នោះ​ទេ។​

ជុំវិញ​ករណី​នេះ​ដែរ លោក​ គឹម​កុល​មុន្នី មាន​ប្រសាសន៍​ថា៖ «​ជា​ទូទៅ​ យើង​ស្រង់​ទិន្នន័យ​អ្នកលង់​ទឹក​ស្លាប់​ តែក្នុង​ពេល​មាន​គ្រោះទឹក​ជំនន់​កើត​ឡើង​ប៉ុណ្ណោះ​។ អ្នក​ដែលលង់​ទឹក​ស្លាប់​ក្នុង​ពេល​គ្មាន​គ្រោះ​ទឹកជំនន់​កើត​ឡើង យើង​មិន​បាន​កត់ត្រា​នោះ​ទេ ព្រោះ​វាមិន​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ»។

បើតាម​លោក គឹម​​កុលមុន្នី គ្រោះ​មហន្តរាយ​ទឹក​​ជំនន់​ក្នុង​ឆ្នាំ ២០២១ កន្លង​ទៅ បាន​បណ្ដាល​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស ស្រី ចំនួន ១៤ នាក់​លង់​ទឹក​ស្លាប់ និង ២ នាក់​ទៀត​រងរបួស៕