
កណ្តាលៈ តាមរយៈសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កម្មវិធី WAT4CAM បានគាំទ្រដល់ការបង្កើតសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល (KSVUAC)។
តាមការផ្សព្វផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី ២២ ខែកក្កដានេះ ឱ្យដឹងថា សហគមន៍ខាងលើនេះ ទើបតែចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ៣ ដើម្បីកែលម្អការចែកចាយផលិតផលក្នុងស្រុក ដោយគិតគូរដល់បរិស្ថាន និងប្រកបដោយនិរន្តរភាព។
បើតាមស្ថានទូតបារំាងប្រចាំកម្ពុជា កម្មវិធីនេះមានគោលបំណងលើកកម្ពស់ភាពធន់ផ្នែកផលិតកម្មអាហាររបស់កម្ពុជា ដោយផ្តល់អាទិភាពដល់ការសម្របខ្លួន និងការឆ្លើយតបចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលជាប់ពាក់ព័ន្ធជាពិសេសជាមួយវិបត្តិនៅអ៊ុយក្រែន៕