បន្ទាយមានជ័យៈ សិក្ខាកាម​ជា​យោធិន​ចំនួន ១០០ ​នាក់​នៃ​តំបន់​ប្រតិបត្តិការ​សឹករង​នៃ​ខេត្ត​បន្ទាយមានជ័យ​ទទួលបាន​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន ដើម្បី​ពង្រឹង​សមត្ថភាព គុណភាព និង​ចំណេះ​រយៈពេល ៩០ ​ថ្ងៃ​។

លោក ឯក សំអូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​ ៥ ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នេះ​ឱ្យដឹងថា វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​អង្គភាព​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ឆ្នាំ​ ២០២២ មាន​រយៈពេល​សិក្សា​សរុប ចំនួន ៩០ ​ថ្ងៃ និង​សិក្ខាកាម​សរុប ចំនួន ១០០ ​នាក់​។

លោក​បន្តថា វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​អង្គភាព​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ឆ្នាំ​ ២០២២ ដែល​ប្រារព្ធ​បើក​នា​ថ្ងៃនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការកសាង​ធនធាន​មនុស្ស ពង្រឹង​សមត្ថភាព គុណភាព ការទទួល​ខុសត្រូវ និង​សក្តានុពល​ការពារជាតិ ព្រមទាំង​សកម្មភាព​ប្រចាំថ្ងៃ​របស់​កងទ័ព​ក្នុង​ការបំពេញ​ភារកិច្ច ការបង្កើន​ប្រសិទ្ធភាព ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ពិតប្រាកដ ធានា​បាន​នូវ​ប្រសិទ្ធភាព និង​សមត្ថភាព​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​ជូន​អង្គភាព ដែល​ជា​ការរួមចំណែក​លើ​ភារកិច្ច​ការពារជាតិ​មាតុភូមិ​នៃ​យើង​សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ភារកិច្ច​បាន​រឹងមាំ​។

លោក ឯក សំអូន បាន​ស្នើឱ្យ​អង្គភាព​ទាំងអស់​ត្រូវ​រំឭក​ដាស់តឿន និង​តាមដាន​ជាប្រចាំ​នូវ​កម្មវិធី​ហ្វឹកហ្វឺន បើ​មាន​បញ្ហា​អ្វី​លំបាក​ត្រូវ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា​។

លោក​បន្តថា មួយទៀត​ត្រូវ​បំផុស​ចលនា​ប្រឡងប្រណាំង​ដណ្តើម​យក​ស្នាដៃ​បុគ្គល​ល្អ ក្រុម​ល្អ បង្ក​បរិយាកាស​ឱ្យ​មាន​ភាពរស់រវើក ដើម្បី​ពេល​បញ្ចប់​វគ្គ​បានទទួល​ប័ណ្ណសរសើរ និង​លិខិត​សរសើរ​។

ចំណែក ក្រុម​គ្រូ​ត្រូវអនុវត្ត​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​ធ្វើជា​គំរូ​ល្អ​ដល់​សិស្ស និង​បញ្ចេញ​នូវ​ទេពកោសល្យ​អំពី​សមត្ថភាព ទាំង​ចំណេះដឹង​ក្នុង​ការបង្រៀន​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ​ពេល​បញ្ចប់​វគ្គ​។

លោក​ថ្លែងថា​៖ «​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​រៀនសូត្រ មាន​វិន័យ​ខ្ពស់ គោរព​បទបញ្ជា​ផ្ទៃក្នុង​មាន​សាមគ្គី​ផ្ទៃក្នុង​បាន​ល្អ ធ្វើខ្លួន​ឱ្យ​ស័ក្តិសម​ជា​កងយោធពល​ខេមរភូមិន្ទ​»៕