
អតីតមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ (ស្តាំ)។ រូបថត សហការី
ភ្នំពេញៈ លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាកាកំពូល នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានសម្រេចចេញសាលដីកាដោះលែងអតីតមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមកាតព្វកិច្ចមួយចំនួន។
ការសម្រេចដោះលែងឱ្យនៅក្រៅឃុំនេះ ធ្វើឡើងតាមការស្នើសុំជនជាប់ចោទ ប៉ុន្តែត្រូវបានដាក់ឱ្យស្ថិតនៅក្នុងកាតព្វកិច្ចមួយចំនួន រួមមានមិនឱ្យចេញទៅក្រៅប្រទេស ប្រគល់លិខិតឆ្លងដែនឱ្យសាលដំបូងខេត្តក្រចេះ និងត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះ ក្រុងក្រចេះ ១ ខែម្តង គិតចាប់ពីខែសីហាតទៅ។
ជនជាប់ចោទ ទេព ហ៊ុយ អាយុ ៤២ ឆ្នាំ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ននៅក្នុងពន្ធនាគារពីបទ ទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ គំរាមកំហែងសម្លាប់តាមបញ្ញត្តិមាត្រា ២១១, ២១៩, ៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ជនជាប់ចោទ ពេទ ហ៊ុយ កាលពីអំឡុងឆ្នាំ ២០២១ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធការធ្វើទារុណកម្មលើក្មេងស្រីចំនួន ២ នាក់ ដែលជា «ខ្ញុំបម្រើ» និងបានបង្ខំឱ្យជនរងគ្រោះ សំពះខ្មោចឆ្កែរបស់ជនជាប់ចោទ និងឱ្យស៊ីអាចម៍ឆ្កែ ដោយសារតែជនរងគ្រោះបានធ្វើឱ្យឆ្កែមួយក្បាលរបស់ជនជាប់ចោទងាប់ប្រព្រឹត្តនៅ ហាងយីហោ លាង ហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងនៅចំណុចភូមិរកាកណ្ដាល ១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ៕