
រូបភាព រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ អង្គភាពបោសសម្អាតមីនភាគខាងត្បូង (ស៊ីម៉ាក់) បានបោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុសម្រេចបានលើផ្ទៃដីចំនួន ១ ៧៣៧ ០១៣ ម៉ែត្រការ៉េ ស្មើនឹង ១៧៣ ហិកតា រកឃើញ និងកម្ទេចចោលគ្រាប់មីនបានចំនួន ៣៤ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៩៣ គ្រាប់។
តាមរបាយការណ៍របស់អង្គភាពបោសសម្អាតមីនភាគខាងត្បូង (ស៊ីម៉ាក់) បានបង្ហាញនៅក្នុង ពិធីសំណេះសំណាលរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ២២ ខែកក្កដានេះឱ្យដឹងថា ដំណើរការបោសសម្អាតមីនប្រកបដោយជោគជ័យនៅពេលនេះ ដោយសារមានការគាំទ្រគម្រោងថវិកាពីរដ្ឋាភិបាលចិន។
របាយការណ៍នេះបន្តថា ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុមានចំនួន ៥ ក្រុម មានបុគ្គលិកសរុប ៣៦ នាក់ ក្នុងនោះស្រី ៤ នាក់ ដែលបានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុងនៅត្រឹមដំណាច់ខែកក្កដាឆ្នាំ ២០២២ ខាងមុខ។
បើតាមរបាយការណ៍នេះ ទន្ទឹមនោះក្នុងការបោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចម្ការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវមិនអាចចូលទៅដល់ចំការមីន ខ្លះធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល ៤ ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈមក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងាររបស់យើងបានខិតខំជម្នះនូវរាល់ឧបសគ្គទទួលបានលទ្ធផលល្អ។
លោកបន្តថា ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺបានរំដោះផ្ទៃដីស្រែចម្ការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។
លោកថ្លែងថា៖ «ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគនៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ បេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមថែមទៀត»។
បើតាម លោក គួច ចំរើន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ដោះស្រាយវិស័យមីន លុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដំណើរការសេដ្ឋកិច្ចសង្គមជាតិ៕