ភ្នំពេញៈ គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រែកលៀប សាលារៀន​ជំនាន់​ថ្មី នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នេះ បាន​បង្ហាញ គម្រោង​សិក្សា​ស្រាវជ្រាវ​ជាង​ ២៥០ ​ប្រធានបទ​របស់​សិស្សានុសិស្ស​ជូន​ដល់​ឪពុកម្តាយ អាណាព្យាបាល​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ស្នាដៃ​សិស្ស​។

តាម​ការចុះផ្សាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ២២ ខែកក្កដា​នេះ ឱ្យដឹងថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​បាន​លើក​ទឹកចិត្ត​សិស្សានុសិស្ស​ក្នុង​ការ​បង្កើត​គម្រោង​សិក្សា​ស្រាវជ្រាវ និង​ដាក់​បង្ហាញ​ជា​សាធារណៈ និង កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ជូន​សហគមន៍ ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ផងដែរ រួមមាន ៖​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី សមិទ្ធផល​ស្នាដៃ និង​ការសិក្សា​របស់​សិស្ស ការទំនាក់​ទំនង​រវាង​សាលារៀន និង​សហគមន៍ បរិស្ថាន​សិក្សា​សាលារៀន និង​ការផ្តល់​ឱកាស​ឱ្យ​សិស្ស​បញ្ចេញ​សមត្ថភាព​។

ក្រសួង​អប់រំ​បន្តថា ស្នាដៃ​សិស្សានុសិស្ស​មាន​ជាអាទិ៍ ស្នាដៃ​និពន្ធ ការពិសោធ​វិទ្យាសាស្ត្រ បសុវប្បកម្ម និង​ដំណាំ ការសង្កេត​បាតុភូត​ធម្មជាតិ គំរូ​ស្ថាបត្យកម្ម ការសម្តែង​សិល្បៈ​ជាដើម ដែល​មាន​គ្រូ​ទទួលបន្ទុក​មុខវិជ្ជា​ជា​អ្នក​តម្រង់ទិស ត្រូវបាន​បង្ហាញ​ជូន​មាតាបិតា សហគមន៍ និង​សាធារណជន​។

លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែងថា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ជា​កំណែ​ទម្រង់​របស់​ក្រសួង​អបរំ យុវជន និង​កីឡា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ​៤ របស់​រាជរដ្ឋាភិបាល​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ​៤.0​។

លោក​ថ្លែងថា​៖« ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អបអរសាទរ និង​កោតសរសើរ​ដល់​គំនិត​ផ្តួចផ្តើម​នៃ​ការសិក្សា​ដោយ​ការបង្កើត​គម្រោង​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស​ទាំងអស់​»៕