ភ្នំពេញៈ តប​តាម​ការអំពាវនាវ​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការ HALO Trust នៅ​ថ្ងៃទី ​២២ ខែ កក្កដា ឆ្នាំ ​២០២២ បាន​ព្រម​ទទួលយក​ការ​បោសសម្អាត​មីន​បញ្ចប់​នៅ​ខេត្តសៀមរាប និង​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ទំហំ​ផ្ទៃដី​នៅសល់​សរុប​ចំនួន ៥៧ ៨៩១ ៤២១ ម៉ែត្រក្រឡា (៥៧,៨៩ គីឡូម៉ែត្រ​ក្រឡា​) ស្មើនឹង ៦៥៩ ចម្ការមីន ដោយ​ប្រើប្រាស់​ធនធាន​ដែលមាន​ស្រាប់​ពី​ម្ចាស់ជំនួយ​។​

​យោងតាម​ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ​មីន​នៅ​ថ្ងៃទី​ ២២ ខែកក្កដា​នេះ ​ឱ្យដឹងថា ធនធាន​មាន​ស្រាប់​របស់​អង្គការ HALO Trust សម្រាប់​ការ​បោសសម្អាត​មីន​នៅ​ខេត្តសៀមរាប បានមកពី​ការចូលរួម​គាំទ្រ​ពី​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​អាល្លឺម៉ង់ ស្វ៊ី​ស និង​អៀរ​ឡង់​។​

​ប្រភព​ដដែល​បន្តថា អង្គការ HALO Trust នឹងដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​ចាប់ពី​ខែសីហា នេះ​តទៅ ដោយ​គ្រោង​នឹង​បញ្ចប់​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ នៅក្នុង​ឆ្នាំ​២០២២ នេះ ចំណែក​ស្រុក​ផ្សេងទៀត គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​បន្ទាប់ៗ​។​

​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​ចលនា​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន និង​សប្បុរសជន សម្រាប់​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​នៅ​ទូទាំងប្រទេស ដើម្បី​អាចបំពេញ​បាន​នូវ​គោលបំណង​ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ និង​ដើម្បី​សម្រួល​ដល់​ការរៀបចំ​ផែនការ បែងចែក​តំបន់​ប្រតិបត្តិការ និង​ទំហំ​ថវិកា​សម្រាប់​បោសសម្អាត​។​

​លោក​បន្តថា កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​ចម្ការមីន​របស់​អង្គការ HALO Trust នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ លោក​បានស្នើ​សុំ​ទៅ​លោក Miles Hawthorn ប្រធាន​អង្គការ HALO Trust ប្រចាំ​នៅ​កម្ពុជា ឱ្យ​ពិនិត្យ​លទ្ធភាព​ពី​ការទទួលយក​ខេត្តសៀមរាប ធ្វើការ​បោសសម្អាត​មីន​បញ្ចប់ ក្នុង​ទំហំ​ផ្ទៃដី ៥៧ ៨៩១ ៤២១ ម៉ែត្រក្រឡា ស្មើនឹង ៦៥៩ ចម្ការមីន ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន​តាម​ពេលវេលា​សមស្រប​។​

​ក្នុងនាម​លោកនាយក​រដ្ឋមន្ត្រី លោក​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ HALO Trust ដែល​បាន​បំពេញការងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក ដើម្បី​ផ្តល់​ដី​សុវត្ថិភាព សង្គ្រោះ​ជីវិត​ពលរដ្ឋ ក៏ដូចជា​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នេះ នៅ​ទឹកដី​ខេត្តសៀមរាប លោក​ទេសរដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​៣០​ឆ្នាំ នៃ​ការចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់ HALO Trust នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ តប​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​មីន អង្គការ HALO Trust បានទទួល​យល់ព្រម​ធ្វើ​ការ​បោសសម្អាត​មីន​នៅ​ស្រុក​/​ក្រុង​ចំនួន ៣ រួមមាន​ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ ក្នុង​ទំហំ​ផ្ទៃដី ១ ០១៣ ៥២២ ម៉ែត្រក្រឡា (​ជាង ១​គីឡូម៉ែត្រ​ក្រឡា​) និង​កំពុងធ្វើការ​បោសសម្អាត​ផងដែរ​៕