
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មធិការជាតិប្រឆាំងភេរវកម្ម នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដល់អង្កភាព និងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តសៀមរាបសរុបចំនួន ១០៨ នាក់។
សិក្ខាសាលានេះ រៀបចំធ្វើ និងដឹកនាំដោយលោក ប៉ឹល ច័ន្ទ វីរៈ សមាជិក លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បន្ទាប់ពីប្រទេសនៅក្នុងតំបន់ និងពិភពលោក បានជួបប្រទះបញ្ហាភេរវកម្មជាច្រើនករណី។
តាមការផ្សព្វផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី ២២ ខែកក្កដានេះ ឱ្យដឹងថា ដោយនាពេលកន្លងមកមានប្រទេសជាច្រើន ទាំងប្រទេសមហាអំណាចប្រទេសកំពុងអភិវឌ្ឍន៍ បានជួបប្រទះបញ្ហាភេរវកម្ម ហើយភេរវកម្មបានបង្កបញ្ហាវឹកវរជាច្រើន ដល់សន្តិសុខ សុវត្ថិភាពសង្គម។
រដ្ឋបាលខេត្តសៀមរាបបន្តថា ដូចនេះ ភេរវកម្ម គឺជាបញ្ហាអន្តរជាតិដែលតភ្ជាប់ពាសពេញពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ ហេីយភេរវកម្មគ្មានព្រំដែនកំណត់នោះទេ។ ការប្រយុទ្ធនឹងអំពើភេរវកម្ម តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរជាតិ។
បើតាមរដ្ឋបាលខេត្តសៀមរាប សម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០០១មក អង្គការភេរវកម្មអន្តរជាតិ មានការផ្លាស់ប្តូរទម្រង់ មានផែនការថ្មីៗ រួមទាំងការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថា សម្រាប់កម្ពុជាយើង អំពើភេរវកម្មអាចសំដៅមកលើផលប្រយោជន៍កម្ពុជាផង និងផលប្រយោជន៍បរទេសនៅកម្ពុជាផង ពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការបង្កើតបណ្តាញភេរវកម្មការសម្អាតប្រាក់ (Money Laundering) ការគាំទ្រហិរញ្ញប្បទានភេរវកម្ម (Terrorist Financing) ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (Proliferation Financing) កើតចេញពី ក្រុម Al-Qa''ida, Jemaah Islamiya (JI), ISIL,...។
សិក្ខាសាលា ផ្សព្វផ្សាយ សៀវភៅ ផែនការ ជាតិ ប្រឆាំងភេរវកម្ម ផ្តោតសំខាន់លើ ការសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំង ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងផែនការ ឆ្លើយតបរបស់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់៕