កោះកុងៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ២២ ខែ កក្កដា ឆ្នាំ​ ២០២២ ​នេះ បាន​ប្រជុំ​ពិនិត្យ​កែតម្រូវ និង​សម្រេច​លើ​សេចក្ដីព្រាង​ចុងក្រោយ​ស្តីពី​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​គ្រប់គ្រង និង​អភិរក្ស​អណ្ដើក​ហ្លួង ក្រពើ​ត្រី និង​ធនធាន​ជលផល តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS Cambodia) បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ ផ្ដោត​សំខាន់​លើ ទី​១ ការស្ដារ​ឡើងវិញ​នូវ​ធនធាន​ផល​ផល ជាពិសេស អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី ដែល​កំពុង​ទទួលរង​ការគំរាមកំហែង នៅតាម​តំបន់​គ្រប់គ្រង​ជលផល ស្ថិតក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ទី​២ ទប់ស្កាត់​ការចាប់ និង​ការជួញដូរ​ប្រភេទ​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រឹ ចំណែក​ទី​៣ គាំទ្រ​ដល់​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​កាត់បន្ថយ​បទល្មើស​នេសាទ និង​ការកាប់បំផ្លាញ​ទីជម្រក មានដូចជា​ព្រៃ​លិច​ទឹក និង​កោង​កាង និង ទី​៤​កសាង​សមត្ថភាព​មន្ត្រី​សម​ភាគី និង​សហគមន៍​មូលដ្ឋាន​ដើម្បី​គាំទ្រ​ដល់​ការងារ​ស្តារ​ធនធាន​ផល​ផល​ឡើងវិញ និង​រួមចំណែក​លើកស្ទួយ​ជីវភាព និង​សុវត្ថិភាព​ស្បៀង​របស់​សហគមន៍​។

​អង្គការ WCS Cambodia បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០២២ និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣ និង​បន្ត​រៀងរាល់​១​ឆ្នាំ​ម្តង​៕