កំពង់ឆ្នាំងៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ជូនដំណឹង​ទៅ​អភិបាលខេត្ត​កំពង់ឆ្នាំង អំពី​ករណី​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ចាន់​ឌឿ​ន បានប្រគល់​ដី ២២ កន្លែង​ជូន​រដ្ឋ​វិញ​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តាម​ការសម្រេច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា​នេះ​។

​ហ្វេ​ស​ប៊ុ​ក​អង្គភាព​នេះ​បានឱ្យដឹងថា លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​២០ និង ២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បី​ជូនដំណឹង​ជូន​ដល់​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ថា​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បានប្រគល់​ដី ២២ កន្លែង​ជូន​រដ្ឋ​វិញ តាមរយៈ​ការស្រាវជ្រាវ​លើ​ពាក្យ​ប្តឹង​ជាច្រើន ប៉ុន្តែ​អង្គភាព​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា ដី​ទាំងនោះ​ទំហំ​ប៉ុន្មាន​នោះទេ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថាៈ ពាក្យ​ប្តឹង​ទាំងនោះ​រួមមាន ករណី​សំណុំរឿង​នៅ កោះ​ក្ទុ​ម មាន​ពាក្យ​ប្តឹង​លេខ ៤៥០/២០) សំណុំរឿង​នៅ ទីទួល​សុវត្ថិភាព (​ពាក្យ​ប្តឹង​លេខ ០៤៣០/១៨) ករណី​ផ្លាស់​ទី​ឡើងគោក (​ឃុំ​ឆ្នុកទ្រូ​ពាក្យ​ប្តឹង​លេខ (០០៦៦/២០, ០២៧៤/២០ និង​ឃុំ​ខុន​រ៉ុង ពាក្យ​ប្តឹង​លេខ ០១៨៧/២១+០១៨៨/២១) សំណុំរឿង​នៅ បឹង​កន្ទប (​ពាក្យ​ប្តឹង​លេខ ០៣៥០/២១) ករណី​លោកស្រី ជៀម ច័ន្ទ​ស៊ីម (​ពាក្យ​ប្តឹង​លេខ ០៤៦១/២០) និង​ករណី​ប្លង់​ជាន់គ្នា ស្រុក​ទឹកផុស (​ពាក្យ​ប្តឹង លេខ ២៥០/២២) ៕