ខេត្តព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន នៅ​រសៀល​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ ប្រាប់​ឱ្យ​មន្ត្រីពាក់​ព័ន្ធ​ទាំងអស់​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​មនុស្ស ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ក្នុង​ដែន​របស់​ខ្លួន បើសិនជា​បាន​ឃើញ​ជនជាតិ​ នីហ្សេរីយ៉ា ម្នាក់​ដែល​កើត​ជំងឺ​អុតស្វា​ រត់​គេច​ពី​ប្រទេស​ថៃ ចូល​ខេត្ត​ព្រះសីហនុ ត្រូវ​រាយការណ៍​ភ្លាម។

សារ​សំឡេង​បន្ទាន់​របស់ លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត បាន​ឱ្យ​ដឹងថា ករណី​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដែល​កើត​ជំងឺ​អ៊ុតស្វា បាន​រត់គេច​ពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​នៃ​ព្រះរាជាណាចក្រ​ថៃ ចូល​មក​កាន់ខេត្ត​ព្រះសីហនុ។ ហេតុនេះ ប្រសិន​បើ​បាន​ឃើញ​ជននេះ​នៅ​កន្លែង​ណា​ត្រូវ​ធ្វើ​ការ​រាយការណ៍​បន្ទាន់ ទៅ​មន្ទីរសុខាភិបាល​ដើម្បី​ចាត់​វិធានការ​គ្រប់គ្រង​បញ្ហា​សុខភាព​បាន​លឿន​បំផុត។

លោក​បញ្ជាក់​ថា៖ «ក្នុង​ករណី​បាន​ឃើញ​បាន​ដឹង​ព័ត៌មាន​នេះ​នៅ​កន្លែង​ណា​គឺ​សូម​ឱ្យ​រាយការណ៍​មក​សុខាភិបាល ដើម្បី​ចាត់​វិធានការណ៍គ្រប់គ្រង​បញ្ហា​សុខភាព​ឱ្យ​បាន​លឿន​បំផុត។ សូម​គ្រប់​មន្ទីរ​អង្គភាព​ដែល​មាន​ការ​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​មនុស្ស អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំងប្រដាប់​អាវុធ ចាត់ចែង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ករណី​នេះ»៕