ភ្នំពេញៈ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ជា​ថ្មី​ដល់​ក្រុម​បាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ មួយ​ចំនួនតូច​ដែល​នៅ​សេសសល់​ឱ្យ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នៅ​តាម​ទីសាធារណៈ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ហើយ​ងាក​មក​ចូលរួម​អនុវត្ត​យន្តការ​ដោះស្រាយ​របស់ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

ការ​អំពាវនាវ​របស់​អ្នកនាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មីនេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ បន្ទាប់​ពី​មាន​ក្រុម​បាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រមាណជា ៩០នាក់ បាន​បន្ត​មក​ប្រមូល​ផ្តុំ​គ្នា​ធ្វើ បាតុកម្ម​ខុសច្បាប់​នៅ​កណ្តាល​មហាវិថី​សម្តេច​សុធារស ដោយ​ធ្វើ​ដំណើរ​លើ​ទ្រូង​ផ្លូវ ចាប់​ពី​មុខ​ចំណុច ផ្សារ​ទំនើប​អីអន១ មក​ដល់​ចំណុច​សួនច្បារ​មុខ​សាកល​វិទ្យាល័យ បៀលប្រាយ កាលពីរសៀល​ថ្ងៃទី២២ ខែ​កក្កដា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដានេះ បាន​លើក​ឡើង​ថា មិនខុស​ពី​រាល់ដង ដោយ​មានការ​ត្រៀម​លក្ខណៈ​រួច​ជាស្រេច ក្រោម​ការ​រៀបចំ​ផែនការ​ទុក​ជា មុន​របស់​មនុស្ស​មួយ​ក្តាប់តូច​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិន​ល្អ​មក​លើ​អាជ្ញាធរមាន​សមត្ថកិច្ច និង​បង្ក​ការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ដោយ​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​អនាធិបតេយ្យ។

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា៖ «បាតុករ​ដើរ​ដង្ហែ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​សាធារណៈ លើកបដា ស្រែក​ឡូឡា​ទាមទារ​នេះទាមទារ​នោះ ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ផ្លុំប៉ីជ័រ វាយស្គរ បង្ក​សំឡេង​រំខាន​ដល់​គេឯង និង​នាំគ្នា​ឈរ​អង្គុយ បិទ​ចរាចរណ៍​មិន​ឱ្យមាន​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ»។

បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​គោលបំណង​បង្កើត​រូបភាព​អវិជ្ជមាន​ផ្សេងៗ​ដើម្បី​ទម្លាក់​កំហុស​មក ​លើ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ តាម​រយៈការ​លូកដៃ​ចូលរួម​យ៉ាងចំហ និង​សកម្ម​ពីបុគ្គល​មួយ​ចំនួន​ដែល​មិនមែន​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រុមបាតុករ ហ៊ានបក​ទម្លាយ​ប៉ារាស និង​បង្ក​ហិង្សា​មក​លើ​សមត្ថកិច្ច មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ដែល​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ប្រើប្រាស់​សិទ្ធិការពារ​ខ្លួន៕