ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អាជ្ញាធរជាតិ​អប្សរា​បានដឹកនាំ​សហការី​ចូលរួម​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​រយៈពេល ៣០ ឆ្នាំ និង​ការ​ពិភាក្សា​ទស្សនវិស័យ​រយៈពេល ១០​ឆ្នាំ​ ខាងមុខ​ទៀត​របស់ អាយស៊ីស៊ីអង្គរ (២០២៣-២០៣៣) នៅទីស្នាក់ការ​ក្រសួង​អឺរ៉ុប និង​កិច្ចការ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី ២១ ខែ​កក្កដា។

ហ្វេសប៊ុក​ក្រសួង​វប្បធម៌ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា អង្គប្រជុំ​ដ៏​មាន​សារៈសំខាន់​នោះ មាន​ការ​អញ្ចើញ​ចូលរួម​ពី លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ​អប្សរា លោក បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូ​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ និង​ភាគី​ពាក់ព័ន្ធ​សំខាន់​មួយ​ចំនួន​ទៀតដូចជា ភាគី​តំណាង​ប្រទេស​បារាំង ដឹកនាំ​ដោយ​លោក Matthieu PEYRAUD ក្រសួង​ការបទេស​បារាំង លោក Bruno FAVEL លោកស្រី Francine d''ORGEVAL តំណាង​ក្រសួង​វប្បធម៌​បារាំង ភាគី​តំណាង​ប្រទេស​ជប៉ុន ដឹកនាំដោយ លោក MIZUTANI Toshihiko លេខា​ទីមួយ ប្រតិភូ​អចិន្ត្រៃយ៍​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​អង្គការ​យូណេស្កូ លោកស្រី Nao HAYASHI តំណាង​អង្គការ​យូណេស្កូ​ទីក្រុង​ប៉ារីស។

រីឯ​តំណាង​គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ មាន​ការ​អញ្ជើញ​ចូលរួម​ដោយ លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិកា រអាយស៊ីស៊ី-អង្គរ និង​លោក​សាស្ត្រាចារ្យ Mounir BOUCHENAKI អ្នក​ជំនាញ​ចំពោះកិច្ចសម្រាប់​ការ​អភិរក្ស​នៃ​គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ។

ក្រសួងវប្បធម៌​បញ្ជាក់ថា នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ២៨ នៃ​គណៈកម្មាធិកា រអាយស៊ីស៊ី-អង្គរ នាទី​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ខេត្ត​សៀមរាប សហប្រធាន​នៃ​គណៈកម្មាធិការ​នេះ​គឺ​ប្រទេស បារាំង និង ជប៉ុន បាន​ប្រកាស​យ៉ាង​ឱឡារិក​អំពី​ការ​បន្ត​បេសកកម្មជ្រោម​ជ្រែង​ចំនួន ១០ ឆ្នាំ​បន្ថែម​ទៀត​ដល់​កម្ពុជា ក្នុង​កិច្ចការ​អភិរក្ស​ និង អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​អង្គរ៕