ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អះអាង​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ​ថា ជនជាតិ​នីហ្សេរីយ៉ា ដែល​មាន​កើត​ជំងឺ​អុតស្វា ហើយ​គេច​ខ្លួន​ពី​អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​មិនទាន់​មាន​ព័ត៌មាន​ណា​ដែល​បញ្ជាក់​ថា ជនជាតិ​នេះ បាន​មក​ដល់​កម្ពុជា ឬ​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ​នោះ​ទេ។

លោកស្រី ឱ វណ្ណឌីន បាន​ឱ្យ​ដឹង​តាម​រយៈតេឡេក្រាម​នៅ​មុន​នេះ​បន្តិច​ថា ករណី​ជនជាតិ​នីហ្សេរីយ៉ា មាន​កើត​ជំងឺ​អុតស្វា​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​អាជ្ញាធរ​សុខាភិបាល​ថៃ ហើយ​ដែល​បាន​គេចខ្លួន​តាំង​ពី​យប់​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២២ មក​នោះ គ្រាន់​តែ​ឮ​ថា​ប្រហែល​ជាចូល​មក​កម្ពុជា (ដោយ​អាជ្ញាធរថៃ​បាត់​ទំនាក់ទំនង​ដែរ​នោះ) ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា កំពុង​តែ​ឆែកឆេរ ស្វែងរក និង​បង្កើនការ​ប្រុង​ប្រយ័ត្ន នៅ​គ្រប់​ទីតាំង និង​ច្រកចេញចូល។

លោកស្រី​លើក​ឡើង​ថា ជាក់ស្តែង​មក​ទល់​រសៀល​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ នៅ​មិនទាន់​មាន​ព័ត៌មាន​ណា​ដែល​បញ្ជាក់​ថា ជនជាតិនេះ បានមក​ដល់​កម្ពុជា ឬ​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ​នោះ​ទេ។ ដូច្នេះ លោកស្រី​អំពាវនាវ​ដល់​សាធារណ:ជន សហការគ្នា​ចូលរួម​សង្កេត និង​ផ្តល់​ព័ត៌មាន ប្រសិន​បើ​ឃើញ​ជនជាតិ​នីហ្សេរីយ៉ា​រូបនេះ សូម​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​សុខាភិបាល ដែល​នៅ​ជិត​លោកអ្នក ឬ​ហៅទៅ​លេខ​១១៥ ដើម្បី​មាន​វិធានការ​សុខាភិបាល​ជា​បន្ទាន់ ទប់ស្កាត់​ការ​ចម្លង​វីរុស​អុតស្វា​នេះ​បាន​ទាន់​ពេលវេលា។

លោកស្រីបញ្ជាក់ថា៖ «មិនទាន់​មាន​រក​ឃើញ​វត្តមាន​នៃ​បុគ្គល​នីហ្សេរីយ៉ា​ដែល​មាន​ជំងឺ​អុតស្វានេះ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ សូមអរគុណ»៕