ភ្នំពេញៈ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ដែល​កើត​ជំងឺ​អុតស្វា រត់គេច​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅយប់​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ ក្រោយ​កម្លាំង​សមត្ថកិច្ច​រក​ឃើញ និង​ឃាត់​ខ្លួន​នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ នេះ​បើតាម​លោក ថេង សុថុល អភិបាល​ខណ្ឌ​ចំការមន។

លោក​អភិបាល​ខណ្ឌ​ចំការមន​បាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ នីហ្សេរីយ៉ា ដែល​កើត​ជំងឺ​អុតស្វា រត់​គេច​​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ព្រលប់​ថ្ងៃទី ២៣ ខែ​កក្កដា នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) ដើម្បី​មន្ត្រី​សុខាភិបាល​អនុវត្ត​វិធានការ​បន្ត​ទៅ​តាម​ជំនាញ។

លោកថ្លែងថា៖ «ឥឡូវ​យក​ទៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ហើយ ដើម្បី​មន្ត្រី​ជំនាញ​សុខាភិបាល​ធ្វើ​ការ​បន្ត​ទៀត យើង​បញ្ជូន​ទៅ​មុន​នេះ​ប្រហែល​កន្លះម៉ោង [ម៉ោង ៧យប់]»។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អះអាង​នៅថ្ងៃ​ទី ២៣ ខែ​កក្កដា​នេះ​ថា ជនជាតិ នីហ្សេរីយ៉ា រូប​នោះ​មាន​កើត​ជំងឺ​អុតស្វា​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​អាជ្ញាធរ​សុខាភិបាល​ ថៃ ហើយ​ដែល​បាន​គេច​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០២២៕