
នគរបាលបង្ហាញជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនដែលបង្ក្រាបបាន៕ រូបថត នគរបាល
ភ្នំពេញៈ ស្ត្រីម្នាក់ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង ៥២ គីឡូក្រាមដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនមកតុលាការកំពុងត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសាកសួរនៅថ្ងៃទី ២៤ កក្កដា បន្ទាប់ពីចាប់ខ្លួនបាន៤ថ្ងៃនៅ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក អុិន សុង នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់នៅថ្ងៃទី ២៤ ខែកក្កដា ថា ស្ត្រីសង្ស័យឈ្មោះ ឆន សុខា អាយុ ៤១ ឆ្នាំត្រូវបានសមត្ថកិច្ចជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ហើយនៅថ្ងៃទី ២៤ ខែកក្កដា កំពុងត្រូវបានតំណាងអយ្យការអមសាលាដំបូងសាកសួរនៅឡើយ។
លោកថ្លែងថា៖ «ស្ត្រីម្នាក់ហ្នឹងខាងជំនាញខ្ញុំបញ្ជូនគាត់មកតុលាការរាជធានីភ្នំពេញ (ថ្ងៃទី ២៣ កក្កដា) ហើយនៅ (ថ្ងៃទី ២៤ កក្កដា) គាត់កំពុងត្រូវសាកសួរនៅឡើយទេ»។
ជុំវិញករណីនេះភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ២៤ ខែកក្កដាបានសាកសួរទៅលោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមប្រព័ន្ធតេឡេក្រាមដែរតែមិនឃើញឆ្លើយតប។
ទោះយ៉ាងណាបើតាមការផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ២៤ ខែកក្កដា បង្ហាញថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះធ្វើឡើង នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី ដោយកម្លាំងជំនាញចម្រុះ។ ករណីនេះមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គេហទំព័រដដែលបង្ហាញថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានស្ត្រីម្នាក់ និងឆែកឆេរក្នុងបន្ទប់ស្នាក់នៅ សមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥២ គីឡូក្រាម និង ៦០៨.៤៦ ក្រាម៕