ភ្នំពេញៈមន្រ្តីជាន់​ខ្ពស់ក្រសួង​សុខាភិបាល ​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើ​នការ​ប្រុង​ប្រយ័ត្ន​ និង​ការពារ​ខ្លួន​ឱ្យ​បា​ន​ខ្ពស់​បន្ថែម​ទៀត​ ពីការ​ឆ្លង​មេរោគ​កូវីដ ​១៩ ខណៈដែល​​វីរុស​​​បំប្លែងថ្មី​អូមីក្រុង​ ១ ​ប្រភេទ​ទៀតត្រូវ​បានរក​ឃើញ​ នៅ​ក្នុង​ប្រ​​ទេ​ស​ជិតខាង​​កម្ពុជាគឺ​ប្រភេទ ​BA2.75​ ដែល​ល្បឿន​នៃ​ការ​ឆ្លង​របស់​​វីរុស​បំប្លែង​ថ្មីនេះ ​គឺ​​លឿន​ជាង​វីរុស​បំប្លែង​មុនៗ​។

លោក​ស្រី​ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាល ​និងជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩ ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​ថ្លែង​ថា យោង​តាម​ព័ត៌មាន​ ​វីរុស​បំប្លែង​ថ្មីអូមី​ក្រុង​ជា​ប្រភេទ BA2.75 ត្រូវ​បាន​រក​ឃើញ​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ ​​។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖ «វាជា​ប្រភេទ​បំប្លែង​ថ្មីមួយ​ទៀត​ ដែល​​បំប្លែង​ចេញ​ពី​​វីរុស​បំប្លែង​អូមីក្រុ​ង​ប្រភេទ​ BA.2 ប៉ុន្តែវា​នៅតែ​ជាប្រភេទ​កូវីដ ១៩​ អូមី​ក្រុង​ដដែល។ យោងតាម​ការ​វិភាគ វីរុស​ប្រភេទ​ BA2.75 នេះ​ត្រូវ​បាន​គេបញ្ជា​ក់​​ថា​ វាមាន​លទ្ធ​ភាព​វាយ​លុក​ធ្ងន់​ធ្ងរ​ជាង​ពពួក​ប្រភេទ​ BA.4 និង BA.5​ ទៅទៀត​»។

ជា​មួយ​គ្នានេះ​ដែរ លោ​ក​ស្រី​ ឱ វណ្ណឌីន ក៏​បាន​បញ្ជាក់ដែរ​ថា ការលើក​ឡើង​នេះ​ មិន​ទាន់​មាន​ការ​សិក្សា​ណាមួយ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ​

​លោក​ស្រី​​មានប្រសាសន៍​ថា ៖ «លទ្ធភាព​នៃការ​វិវត្ត​របស់​វីរុស​នេះ​គឺមាន​តទៅ​មុខ​ទៀត​ ហើយ​យើង​ក៏​មិន​ដឹង​ថា តើ​វានឹង​វិវត្ត​ទៅ​ដល់​ត្រឹម​ណាទៀត​នោះ​ទេ? អ៊ី​ចឹង​ អ្វីដែល​ត្រូវ​ឱ្យ​បងប្អូ​ន​ប្រុង​ប្រយ័ត្ន​ហើយ​ចូលរួ​ម​ឱ្យ​បាន​សស្រាក់​សស្រាំគឺ​ការ​ការ​ពារ​ខ្លួន​ និង​កុំភ្លេច​ទទួល​យក​ការ​ចាក់​វ៉ាក់​សាំង​កូវី​ដ​ ១៩ ​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ជា​ពិសេស​ដូស​ជំរុញ​»។

យោង​តាម​អង្គការ​សុខ​ភាព​ពិភ​ព​លោក (WHO) បាន​លើកឡើ​ង​ថា មនុស្សភាគ​ច្រើន​ដែល​ជាសះស្បើ​យទាំង​ស្រុង​​​ពីជំងឺ​កូវីដ ​១៩​​ ហើយ​ក៏ដោយ ក៏​ប៉ុន្តែ​តាម​ភ័ស្តុតាង​បច្ចុប្បន្ន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នកដែល​ជាសះ​ស្បើ​យច​ន្លោះ​ពី​១០% ទៅ​ ២០% ​នៅ​មាន​ផ​ល​ប៉ះពាល់​លើ​សុខ​ភាព​របស់​ពួក​គាត់ ​ដែល​បាន​បន្សល់​ទុកក្រោយ​ពី​ការ​ជាសះ​ស្បើយ​ពីកូវីដ​ ១៩​។

ទាក់​ទង​នឹង​បញ្ហានេះ​ដែរ លោក​ស្រី ឱ វណ្ណឌីន បាន​លើកឡើង​ថា៖ «នា​ពេលថ្មី​ៗ​នេះ អង្គការ​សុខ​ភាព​ពិភព​លោក​​បាន​ធ្វើការ​ពន្យល់​ទៅដល់​បណ្តា​ប្រទេស​នៅលើសកលលោក​ថា អ្នក​ដែល​ឈឺជំងឺ​កូវីដ​ ១៩ និង​បាន​ជាសះ​ស្បើយ​រួច​ហើយ គេ​សង្កេត​ឃើញ​ថា​ មនុស្ស​ជាង​ ១​ លាន​នាក់ លើស​កលលោក​នៅមាន​បញ្ហាសុ​ខភាព បន្ទាប់​ពី​ជាពី​​កូវីដ​ ១៩ ហើយ​គេមិន​ទាន់​ដឹង​ថា​ វាប៉ះពាល់​យូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ»​។

​បញ្ហា​សុខ​ភាព​ដែល​ពួកគាត់​នៅមាន​បន្ទាប់​ពី​ជាសះ​ស្បើយ​ពីកូវីដ​ ១៩​ នោះ មាន​មួយ​ចំនួន​មាន​បញ្ហា​​ផ្លូវ​ចិត្ត ឈឺ​ក្បាល​ញឹក​ញាប់ សម្រាន្ត​មិន​លក់ មាន​អារម្ម​ណ៍​ខ្សោយ​អស់​កម្លាំង​ ប៉ះពាល់​សួត​ បេះ​ដូង តម្រង​នោម និង​មាន​មួយ​ចំនួន​ទៀត​ បាត់​បង់​សមត្ថ​ភាព​ផ្លូវ​ភេទផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​កូវីដ​ ១៩​ ក៏មាន​បញ្ហា​​ប៉ះពាល់​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​យោង​តាម​ការ​សិក្សា​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ឱ្យ​ដឹងថា ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ ​១៩ ទាំង​អស់ ​ដែល​កើត​មាន​កន្លងម​ក មាន​អ្នក​ជំងឺ​ចន្លោះ​ពី​ ២៥​% ទៅ ៣០%​ ប៉ះ​ពាល់​ផ្លូវ​ចិត្ត​។

មួយ​វិញ​ទៀត លោក​ស្រី ​ឱ វណ្ណឌីន ក៏នៅ​តែជំរុញ​ឱ្យ​ប្រជាព​លរដ្ឋ​ត្រូវ​ទៅ​ ​ទទួល​យក​ការ​ចាក់​វ៉ាក់​សាំង​កូវីដ ​១៩ ​ពិសេស​ដូស​ជំរុញ ដែល​រហូត​មក​ដល់​ពេល​នេះ ​អត្រា​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩ នៅ​កម្ពុជា គិតត្រឹម​ថ្ងៃទី​ ២៣ ខែ​កក្កដា ធៀប​នឹង​ចំនួន​ប្រជា​ជន​សរុ​ប ១៦ ​លាន​នាក់​មាន​ចំនួន​ ៩៤,៤៨%។

ក្រសួង​បាន​បន្ត​ថា សម្រាប់​​អត្រា​ចាក់​វ៉ាក់​សាំងដូស​ទី ៣ មាន​ចំនួន​ជាង ៩,​៦ ​លាន​នាក់ អត្រា​អ្នក​ចាក់​ដូស​ទី ៤ មាន​ចំនួន​ជាង​ ៣,៣​ លាន​នាក់ និង​អត្រាចាក់​ដូស​ទី​ ៥ មាន​ចំនួន​ជាង​ ៤៣ ម៉ឺ​ននាក់​៕