
ដៃ ជើងរបស់អ្នកកើតជំងឺឃ្លង់ នៅពេលមិនទាន់ធ្វើការព្យាបាល។ រូបថត សហការី
ភ្នំពេញៈ ជំងឺហង់សិន (ឃ្លង់) អាចបណ្តាលឱ្យអ្នកកើតជំងឺនេះ មានពិការភាពបានដូចជាក្ងិងក្ងង់ដៃជើង ឬទាញស្បែកមុខមាត់ឱ្យខូចសម្ផស្ស ប្រសិនបើមិនធ្វើការព្យាបាលតាមវេជ្ជបញ្ជាពីគ្រូពេទ្យឱ្យបានត្រឹមត្រូវនោះទេ។ ប៉ុន្តែប្រសិនបើអ្នកកើតជំងឺប្រភេទនេះទទួលបានការព្យាបាលទាន់ពេលវេលានឹងមិនបណ្តាលឱ្យមានពិការភាពនោះឡើយ សូម្បីតែមានប្តីប្រពន្ធក៏មិនឆ្លងទៅកូនដែរ។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ជំងឺហង់សិនអាចព្យាបាលបានជាសះស្បើយ ១ រយភាគរយ ពោលគឺមិនមានឆ្លងតំណពូជដូចកាលពីជំនាន់មុនៗ ដែលតែងនិយាយថា ជំងឺហង់សិន របេង ជាជំងឺតពូជ តែតាមការពិតមិនមែនទេ។ បើកាលណាអ្នកជំងឺទទួលការព្យាបាលតាមរូបមន្តដែលព្យាបាលបានត្រឹមត្រូវ នោះគឺវាអាចនឹងជាសះស្បើយហើយក៏ដូចជាតាមការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ។
ទោះយ៉ាងណាលោកបញ្ជាក់ថា ជំងឺហង់សិន បើសិនជាអ្នកជំងឺមិនបានព្យាបាលឱ្យទាន់ពេលវេលាទេវាអាចឱ្យអ្នកជំងឺមានពិការភាព។ «អ៊ីចឹងបើយើងព្យាបាលទាន់ពេលវេលា វានឹងមិនអាចឱ្យយើងមានពិការភាពបានទេ។ មជ្ឈមណ្ឌលជាតិតែងតែយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវហើយព្យាបាលទាន់ពេលវេលា ដើម្បីកុំឱ្យឈានទៅរកពិការភាពទាន់»។
បើតាមលោក ចាន់យុដា ចំពោះការព្យាបាលវិញ គឺត្រូវការពេលវេលាប្រហែលជា ១ ឆ្នាំ ទៅតាមរូបមន្តព្យាបាលរបស់ជំងឺហង់សិន តែការព្យាបាលនេះមានរយៈពេលខ្លី ឬក៏វែងទៅតាមស្ថានភាពរបស់អ្នកជំងឺ។ បើអ្នកជំងឺហង់សិនមានកើតជាដំបៅគឺគ្រូពេទ្យនឹងព្យាបាលដំបៅនោះ ដើម្បីឱ្យបានជាសះទៅតាមរោគសញ្ញា និងទៅតាមប្រភេទថ្នាំដែលត្រូវព្យាបាល។ ប៉ុន្តែប្រសិនបើយើងត្រូវការការពារគឺយើងលេបថ្នាំជំងឺហង់សិនទៅគឺវាជាសះហើយ ដោយវាមិនអាចឆ្លងទៅណាទៀតទេ។
លោកថ្លែងថា៖ «ការការពារហ្នឹងមានន័យថា គេធ្វើការវះកាត់ គេធ្វើការព្យាបាលទៅតាមរោគសញ្ញា។ បើរោគសញ្ញារបស់គាត់យ៉ាងម៉េចគឺព្យាបាលតាមហ្នឹងទៅវាជាសះដំបៅនោះហើយ ហើយក៏មិនអាចឆ្លងទៅអ្នកផ្សេងបានដែរ ព្រោះគាត់បានលេបថ្នាំហង់សិនរួចហើយ ទៅតាមការណែនាំរបស់គ្រូពេទ្យ»។
លោកបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានរកឃើញថា គិតពីដើមឆ្នាំ ២០២២ រហូតដល់ខែមិថុនាឆ្នាំ ២០២២ នេះ មានអ្នកកើតជំងឺហង់សិន ៣២ ករណីនៅទូទាំងប្រទេស គឺមានការថយចុះបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមាន ៣៧ ករណី។ មជ្ឈមណ្ឌលកំពុងតែធ្វើការស្រាវជ្រាវនៅទូទាំងប្រទេសដោយកំណត់ថា ក្នុង ១ ម៉ឺននាក់ត្រូវរកអ្នកសង្ស័យ ឬកើតជំងឺហង់សិនម្នាក់។
ប្រភពនៃជំងឺហង់សិន គឺត្រូវបានរកឃើញថា ចេញមកពីភូមិត្រើង ឃុំមៀន ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប៉ុន្តែជំងឺហង់សិនបានកើតមាននៅទូទាំងប្រទេសឱ្យតែក្រុមការងារចុះទៅស្រាវជ្រាវ។
លោក ប៊ុន គឹមស្រ៊ន អាយុ ៦២ ឆ្នាំជាអ្នកកើតជំងឺហង់សិន (ឃ្លង់) ម្នាក់រស់នៅភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរនិយាយថា នៅក្នុងភូមិត្រើងដែលលោករស់នៅគឺនៅមានអតីតមនុស្សកើតឃ្លង់ច្រើនដែលត្រូវបានគេហៅថា ជាភូមិឃ្លង់ ព្រោះកាលពីជំនាន់សង្គមរាស្ត្រនិយម គឺគេប្រមូលអ្នកកើតឃ្លង់ទូទាំងប្រទេសមកដាក់នៅក្នុងភូមិត្រើងនេះ។
ចំណែករូបលោករស់នៅស្រុកកំពង់សៀមក្នុងខេត្តកំពង់ចាមឯណោះទេ។ ប៉ុន្តែក្រោយមកក្នុងឆ្នាំ ១៩៩៥ លោកបានឆ្លងជំងឺឃ្លង់ពីគេហើយគ្រូពេទ្យបានយករូបលោកមកព្យាបាលនៅភូមិត្រើងរយៈពេល ៦ ខែទើបជាសះស្បើយ។ បន្ទាប់ពីជាសះស្បើយមកលោកលែងត្រឡប់ទៅស្រុកវិញ ព្រោះស្រឡាញ់នារីមេម៉ាយម្នាក់ ហើយបានសែនព្រេនជាមួយស្ត្រីមេម៉ាយកូន ១ រូបនោះនៅក្នុងភូមិត្រើងនេះ ប៉ុន្តែប្រពន្ធរបស់គាត់គ្មានជំងឺឃ្លង់ទេ។
លោក គឹមស្រ៊ន បានរៀបរាប់ថា ជំងឺឃ្លង់ វាធ្វើឱ្យយើងស្ពឹកនៅត្រង់កន្លែងមានកន្ទួល ឬក៏នៅលើស្បែកដែលមានពណ៌សដុំៗ និងធ្វើឱ្យចុកដៃចុកជើង ហើយបើនៅលើស្បែកមានពណ៌សដុំៗនោះទោះជាត្រូវកម្ដៅភ្លើងក៏មិនដឹងក្តៅដែរ។ កាលពីលោកកើតជំងឺនេះដំបូង ដោយសារតែលោកមិនបានលេបថ្នាំទប់ស្កាត់ជាមុន ទើបមេរោគឃ្លង់នេះបានស៊ីឆ្អឹងក្ដោងច្រមុះរបស់លោកអស់។ រីឯដៃជើងក៏ត្រូវទាញស្បែកក្ងិងក្ងង់អស់ដែរ។
ដូច្នេះបើភ្លាមៗដឹងថា ខ្លួនមានកើតជំងឺឃ្លង់ត្រូវប្រញាប់ទៅមន្ទីរពេទ្យផ្នែកជំងឺហង់សិន ដើម្បីព្យាបាលវាហើយបើយើងបានលេបថ្នាំទៅ គឺមេរោគឃ្លង់មិនអាចឆ្លងទៅអ្នកផ្សេងបានទៀតទេ។ ប៉ុន្តែអ្នកមានជំងឺឃ្លង់មិនអាចធ្វើការងារធ្ងន់ៗ ដូចអ្នកមិនមានជំងឺនេះបានទេ ព្រោះគ្មានកម្លាំងគ្រប់គ្រាន់ហើយម្យ៉ាងទៀតស្នាមដំបៅចាស់អាចនឹងក្លាយជាដំបៅជាថ្មីទៀត ប្រសិនបើលើកវត្ថុអ្វីធ្ងន់ហើយប៉ះកកិតនឹងកន្លែងស្នាមដំបៅចាស់។
លោក គឹម ស្រ៊ន ប្រាប់ថា៖ «ប្រពន្ធខ្ញុំអត់ឆ្លងពីខ្ញុំទេ កាលពីខ្ញុំយកគាត់ធ្វើប្រពន្ធ គឺខ្ញុំកំពុងព្យាបាលឃ្លង់លេបថ្នាំឃ្លង់តែប្រពន្ធអត់ឆ្លងពីខ្ញុំ។ ខ្ញុំឆ្ងល់ដែរពេលខ្ញុំសួរពេទ្យទៅពេទ្យប្រាប់ថា បើយើងបានលេបថ្នាំហើយថ្នាំនោះទៅសម្លាប់មេរោគមិនឱ្យឆ្លងទៅអ្នកផ្សេងទេ។ ប៉ុន្តែបើខ្ញុំចេញក្រៅភូមិខ្ញុំគឺនៅតែមានអ្នកខ្លះរើសអើងពីជំងឺនេះដែរ»។
លោក ហេង ហ៊ីង មេភូមិត្រើងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីសម័យសង្គមរាស្ត្រនិយមបានប្រមូលអ្នកកើតឃ្លង់ពីខេត្តផ្សេងៗយកមកព្យាបាលនៅភូមិត្រើងទាំងអស់ ព្រោះក្នុងបំណងមិនឱ្យអ្នកកើតឃ្លង់ដើរចម្លងដល់អ្នកផ្សេងទៀត។ លុះដល់របបប៉ុលពត អ្នករស់នៅក្នុងភូមិនេះត្រូវបានជម្លៀសទៅនៅកន្លែងផ្សេងហើយបើអ្នកជំងឺឃ្លង់ណាធ្វើការឱ្យគេមិនបានត្រូវគេយកទៅសម្លាប់ចោលតែម្តង។ ប៉ុន្តែក្រោយពីឆ្នាំ ១៩៧៩ មក ប្រជាជនដែលធ្លាប់រស់នៅពីមុនបានមករស់នៅវិញពិសេសបងប្អូនជាអ្នកជំងឺឃ្លង់។
បច្ចុប្បន្នអ្នកជំងឺឃ្លង់បានជាសះស្បើយអស់ហើយ ដោយសារមានគ្រូពេទ្យមកព្យាបាលតែអ្នកជំងឺចាស់ដែលពិការ ដោយសារមេរោគឃ្លង់ស៊ីដៃជើងមុខមាត់គឺមាននៅសល់ប្រុសស្រីចំនួន ៣៩ នាក់ ពីអាយុជាង ៥០ ឆ្នាំដល់អាយុ ៨០ ឆ្នាំ។ ពាក់ព័ន្ធនឹងការប្រកបរបររកស៊ីវិញគឺពួកគាត់មិនអាចធ្វើអ្វីបានទៀតទេ ដោយសារវ័យចាស់ហើយកូនៗរបស់ពួកគាត់ជាអ្នករកស៊ីចិញ្ចឹម ក៏ប៉ុន្តែកូនៗរបស់ពួកគាត់ ក៏មិនឆ្លងមេរោគឃ្លង់នេះទៀតដែរ ដោយសារតែឪពុកម្តាយពួកគេបានលេបថ្នាំព្យាបាលសម្លាប់មេរោគឃ្លង់ដែលមេរោគនេះគ្មានលទ្ធភាពទៅចម្លងអ្នកផ្សេងបានទេ។ កូនៗរបស់អ្នកមានជំងឺហង់សិនខ្លះក៏មានចេញទៅធ្វើជាពលករនៅប្រទេសកូរ៉េដែរ ខណៈអ្នកខ្លះក៏ទៅធ្វើការរោងចក្រកាត់ដេរ ឬកម្មករសំណង់។
លោកថ្លែងថា៖ «ក្មេងសាក្រោយដែលជាកូនរបស់អ្នកជំងឺហង់សិន គេមានរោគសញ្ញាតិចតួចអីគេរកថ្នាំហង់សិនព្យាបាលទៅបាត់ទៅ អត់មានចេញជាស្លាកស្នាមអីទេ អាហ្នឹងបើគេព្យាបាលទាន់ពេលវេលា។ ពួកគាត់ខ្លះត្អូញត្អែរពីជីវភាពដែរហ្នឹង ដោយសារពួកគាត់មានពិការដៃជើង អ៊ីចឹងគាត់ធ្វើការងារធ្ងន់អត់បានទេ ដូច្នេះគាត់ត្រូវជួបបញ្ហាជីវភាពបើចេញក្រៅភូមិក៏នៅមានអ្នករើសអើងពួកគាត់ដែរហ្នឹង»។
លោក ជិន យ៉េន ជាគ្រូពេទ្យព្យាបាលជំងឺហង់សិននៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមប្រចាំនៅភូមិត្រើងឱ្យដឹងថា បច្ចុប្បន្ននៅក្នុងភូមិត្រើង មានអ្នកជំងឺឃ្លង់តែម្នាក់ប៉ុណ្ណោះកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់លោក ហើយក្រៅពីនេះ គ្មានអ្នកជំងឺឃ្លង់ទៀតទេ ព្រោះអ្នកជំងឺមុនៗព្យាបាលបានជាសះស្បើយអស់ហើយ។ ប៉ុន្តែពួកគាត់គ្រាន់តែបន្សល់នូវពិការភាពដូចជា ក្ងិងក្ងង់ដៃជើងប៉ុណ្ណោះ។
ចំពោះអ្នកជំនាន់ក្រោយៗនេះដែលចាប់ពីកុមាររហូតដល់អាយុជាង ៤០ ឆ្នាំក៏ឧស្សាហ៍មកពិគ្រោះយោបល់ ឬក៏ពិនិត្យតាមដានសុខភាពរបស់ពួកគេដែរ ព្រោះថា ជីដូនជីតាពួកគេ មានកើតជំងឺហង់សិនដែលអាចឱ្យពួកគាត់បារម្ភខ្លះៗដែរ តែពេលក្រុមគ្រូពេទ្យពិនិត្យទៅគ្មានឃើញរោគសញ្ញាមេរោគឃ្លង់ទេ។ ចំពោះអ្នកជំងឺហង់សិននៅក្នុងភូមិត្រើង ឃុំ មៀន ស្រុកព្រៃឈរ គឺត្រូវបានព្យាបាលជាសះអស់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយបច្ចុប្បន្ននេះមានអ្នកជំងឺបុរសតែម្នាក់អាយុ ៣៧ ឆ្នាំប៉ុណ្ណោះដែលកំពុងព្យាបាល។
លោក ជិន យ៉េន បានពន្យល់ថាចំពោះរោគសញ្ញាជំងឺហង់សិននេះមានលក្ខណៈពណ៌សរាបនៅលើស្បែក ឬឡើងជាកណ្តាប់ៗពណ៌ក្រហមហើយវាបន្លំនឹងការកើតភ្លឺជាមួយនឹងជជុះមាន់ ក៏ប៉ុន្តែអាការដែលនៅកន្លែងសនោះបើគេក្តិច ឬយកភ្លើងទៅដុះក៏មិនដឹងឈឺដែរ ព្រោះមេរោគនេះវាស៊ីប្រព័ន្ធសរសៃប្រសាទស្បែកអស់ហើយ។ បើសិនណាអ្នកកើតជំងឺនេះ មិនចាប់អារម្មណ៍មិនប្រញាប់ទៅរកគ្រូពេទ្យព្យាបាលទេ គឺមេរោគជំងឺហង់សិននេះវាស៊ីឆ្អឹងច្រមុះអាចចេញកន្ទួលលើមុខនៅតាមត្រចៀកនៅតាមកែងដៃ និងនៅតាមខ្ទង់ច្រមុះ។
លោកបន្តថា៖ «ជំងឺនេះចាប់ផ្តើមដំបូងវាស៊ីសរសៃប្រសាទនៅប្រជុំកែងដៃធ្វើឱ្យក្ងង់កូនដៃ នាងដៃ និងស៊ីទៅជាស្វិតថ្លើមដៃដែលធ្វើឱ្យអ្នកជំងឺទន់ធ្លាក់ដៃចុះ លើកមិនរួចតែម្តង។ មេរោគនេះមុនវាចេញធ្វើសកម្មភាពនៅលើខ្លួនមនុស្សពី ២ ទៅ ៣ ឆ្នាំ ទើបយើងដឹងហើយទម្រាំដឹងមេរោគបានវាយលុកក្នុងខ្លួនយើងអស់ហើយតែក៏យើងព្យាបាល ដើម្បីបញ្ឈប់មិនឱ្យមេរោគរាលដាលបានទៀតដែរ»៕