កណ្តាលៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ប្រតិកម្ម​ទៅនឹង​របាយការណ៍​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ទៅក្នុង​ចំណាត់ថ្នាក់​លេខ​ ៣ ​ចុងក្រោយ​គេ​ពាក់ព័ន្ធ​នឹង​ករណី ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ថា កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

ការប្រតិកម្ម​នេះ​ធ្វើឡើង ខណៈ​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​សាលា​បឋមសិក្សា ហ៊ុន សែន ថ្នល់​ទទឹង សាលារៀន​ខ្មែរ​-​ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិត​ក្នុង​ភូមិ​ថ្នល់​ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​ ២៣ ខែ កក្កដា ឆ្នាំ​ ២០២២ និង​នៅក្រោយ​ពេល​ក្រសួង​ការបរទេស​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ពី​លេខ​ ២ មក​លេខ ​៣​។

លោក​ថ្លែងថា ក្នុង​នាម​លោក​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៣ ដែលថា កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ប៉ុន្តែ​កន្លងមក កម្ពុជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ក្នុង​នោះ កម្ពុជា​មាន​ទាំង​ច្បាប់ មាន​គោលនយោបាយ និង​មាន​យន្តការ​ក្នុង​ការ​អនុវត្ត​។

លោក​បញ្ជាក់ថា លោក​មាន​ការបារម្ភ​លើ​លក្ខខណ្ឌ​នៃ​ការវាយតម្លៃ ឬ​មនោសញ្ចេតនា​នៃ​ការវាយតម្លៃ​នេះ ប៉ុន្តែ​កម្ពុជា​នៅតែ​មាន​ឆន្ទៈ និង​នៅតែ​បន្តធ្វើ​ការងារ​នេះ ហើយ​នៅតែ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់​ដោយ​ស្មោះ​ជាមួយ​គ្នា​។

លោក ស ខេង ថ្លែងថា​៖ «​យើង​និយាយ​តាមរបៀប​សាមញ្ញ​ថា អ្នក​មក​ជួយ​ខ្ញុំ ដើម្បី​ជួយ​ឱ្យ​ខ្ញុំ​ឈ្នះ តែ​បើ​ខ្ញុំ​ចាញ់ មាន​ន័យថា អ្នកឯង​ក៏​ចាញ់​ដែរ មិនមែន​ចាញ់​តែ​ខ្ញុំ​ទេ​។ មក​ជួយ​ឱ្យ​ល្អ តែបើ​ធ្វើ​មិន​បាន​ល្អ អាហ្នឹង អ្នកឯង​ក៏​អាក្រក់​ដែរ​។ ថា​អ៊ីចឹង​ទៅ​ចុះ​...​។ ប្រទេស​ខ្លះ​ដូចជា​ធ្វើ​ការងារ​នេះ​មិន​បាន​ល្អ​ទេ តែ​បែរជា​បាន​ពិន្ទុ​ល្អ​វិញ​»​។

ទោះ​យ៉ាងណា លោក​សង្កត់ធ្ងន់​ថា កម្ពុជា​នឹង​មិន​ដកថយ​ឡើយ​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ផ្ទុយ​ទៅវិញ​នឹង​ខិតខំ​រកឱ្យ​ឃើញ​ចំណុច​ខ្សោយ ដើម្បី​ដោះស្រាយ ជាពិសេស​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​លើ​កិច្ចការ​ជួញដូរ​មនុស្ស​នេះ​។

លោកស្រី​ ជូ ប៊ុនអេង អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គជបជ​) ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​ ២១ ​កក្កដា​ថា ការទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​ទី​ ៣ ក្នុង​ការប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ជា​រឿង​ដែល​ខកចិត្ត ដែល​ការវាយ​តម្លៃ វា​ខុស​ពី​ការរំពឹងទុក ព្រោះ​ទាំង​រដ្ឋាភិបាល ដៃគូ​ជាតិ អន្តរជាតិ បាន​ដឹង​ច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ទទួល​លទ្ធផល​ជាច្រើន​ក្នុង​ឆ្នាំ​កន្លងទៅ​»​។

បើតាម​លោកស្រី​ ជូ ប៊ុនអេង ក្នុងនាម​ជា​ដៃគូ​សហការ​ដែល​បាន​ប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ដូច្នេះ​ចំណាត់ថ្នាក់​នេះ​ជា​ការទទួល​ខុសត្រូវ​រួម​មិនអាច​ប្រកែក​បាន​។ ការដាក់​ចំណាត់​ថ្នាក់​លេខ​ ៣ ស្មើនឹង​កម្ពុជា​មិន​បាន​ធ្វើ​អ្វី​សោះ​ ប៉ុន្តែ​ជា​រឿង​មិន​ពិត ហើយ​នាំ​ដល់​ការដាក់​ទណ្ឌកម្ម​ថែមទៀត គឺជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​។

លោកស្រី​ចោទ​ជា​សំណួរ​ថា តើ​ស័ក្តិសម​ដែរ​ទេ ដែល​កម្ពុជា​ត្រូវបាន​ចាត់​ចូល​ចំណាត់​ថ្នាក់​ទី​ ៣ និង​បញ្ជីខ្មៅ ហើយ​ប្រឈម​នឹង​ការដាក់​ទណ្ឌកម្ម ក្នុងពេល​ដែល​ទាំងអស់​គ្នា​ប្រឹងប្រែង​មិន​ឈប់ឈរ​បែបនេះ​?

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែកក្កដា ថា រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ប្រតិកម្ម​ទៅនឹង​របាយការណ៍​នេះ ដើម្បី​ការពារ​ខ្លួន​។ លោក​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​មាន​ការសោកស្តាយ​ដែល​កម្ពុជា​បាន​រអិល​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ ​២ មកដល់​លេខ​ ៣ ដែល​នេះ​គឺជា​ចំណុច​មួយ​មិនល្អ​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ចំណុច​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​មាន​ប្រតិកម្ម​ខ្លាំង ពីព្រោះ​វា​ជះ​ឥទ្ធិពល និង​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ហើយ​មួយរយៈ​ចុងក្រោយ​នេះ យើង​ក៏បាន​ឃើញ​ថា ទាំង​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះផ្សាយ​ជាច្រើន​ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​»​។

បើតាម​លោក​ អំ សំអាត ការ​ប្រតិកម្ម​របស់​កម្ពុជា គឺជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​រាជរដ្ឋាភិបាល គួរតែ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​បន្ថែមទៀត ក្នុង​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស តាមរយៈ​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក ពីព្រោះ​បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​រំហូរ​ជនបរទេស​ចូលមក​ប្រទេស​កម្ពុជា​ក៏​ច្រើន​ដែរ អាច​នឹង​ធ្វើឱ្យ​មានការ​ជួញដូរ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​៕