​ភ្នំពេញៈ​ ភ្លើងសង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​អស់​ជាច្រើន​លាន​នាក់​ប៉ុណ្ណោះនោះទេ ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ស្ទើ​រតែពាសពេញ​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា​ ដោយមាន​ទាំង​ក្នុង​ទឹក និង​នៅលើ​គោក និងបានធ្វើឱ្យ​ប្រជាពលរដ្ឋ​បន្ត​មាន​ភាពភ័យខ្លាច​រហូត​មកដល់បច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាលបានកំពុង​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដើម្បីធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ទាំងមូល​មាន​សុខ​សុវត្ថិភាព និង​សន្តិសុខ​ពេញលេញ ដោយគ្មាន​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំ​ងនៅក្នុង​ទឹក និង​នៅលើ​គោក ដើម្បី​បម្រើសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍ ព្រមទាំង​មិន​ឱ្យមាន​ភាពភ័យខ្លាច​ដ​ល់​ពលរដ្ឋ​បន្តទៀត​។

នៅក្នុង​សម័យ​សង្គ្រាម​ឆ្នាំ ១៩៧០-១៩៧៥ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ដែល​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ០៩ ខែ តុលា ឆ្នាំ​ ១៩៧០ ដឹកនាំដោយ​សេនាប្រមុខ លន់ នល់ បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ដោយបាន យក​នាវា ដឹកជញ្ជូន​គ្រាប់​ សម្ភារ​សឹក​ផ្សេងៗ ចេញពី​ប្រទេស​វៀតណាម​តាមផ្លូវ​ទឺ​ក (​គាំទ្រ​ដោយ​អាមេរិក​នៅពេលនោះ ) ដើម្បី​បម្រើ​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ជា​អកុសល នាវា​មួយចំនួន​ត្រូវបាន​ពន្លិច និង​បាញ់​ពន្លិច​ចូលទៅក្នុង​ទន្លេ​ពីស​ត្រូវ បានធ្វើឱ្យ​នាវា​ទាំងនោះ បន្សល់ទុកក្នុង​បាតទន្លេ​ដែលមានគ្រាប់​រាប់រយ​តោន រហូតមកទល់​បច្ចុប្បន្ន​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​សិក្សា​ស្រាវជ្រាវ និង​កំណត់​ទីតាំង​ដែល​នាវាចម្បាំង​លិចទាំងនោះ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២០ លោកបាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ក្នុង​គោលដៅ​មិន​ឱ្យមាន​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​នៅ ក្នុងប្រទេស ដោយ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​បាន​ជាង​ ១៦ ​តោន រួមទាំង​សម្ភារសឹក បំណែក​ឆ្អឹង​សព និង​ស្រង់​នាវា​ឡើងមក​លើគោក​ជា​ស្ថាពរ ក្នុង​កិច្ចប្រតិបត្តិការ​រយៈពេល​ ៦​ ខែ​។​

ក្រោយពី​បញ្ចប់​ប្រតិបត្តិការ​នៅ​ទីតាំង​ ក្នុងស្រុកស្រីសន្ធរនេះ ដោយ​ជោគជ័យ លោក ហ៊ុន សែន កាលពី​ថ្ងៃទី ​២៦ ខែ មករា ឆ្នាំ​ ២០២១ បានសម្រេច​បន្ថែម​សមាសភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​ឱ្យ បន្ត​ប្រតិបត្តិ​ការសិក្សា ស្រាវជ្រាវ និង ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​លិច​ក្នុង​នាវាចម្បាំង​មួយចំនួនទៀត​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​, ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។​ បច្ចុប្បន្ននេះ ទីតាំង​ទាំងនេះ ត្រូវបាន​កំណត់ និង​កំពុង​ប្រតិបត្តិការ​ស្រង់យក​គ្រាប់​ចេញ ដោយ​ក្រុមមន្ត្រី​ជំនាញ​ចម្រុះ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ផ្ទាល់ ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

លោក ស ខេង ធ្លាប់បាន​លើកឡើង​កាលពីពេល​ថ្មី​នេះ​ថា រហូតមកដល់​ពេលនេះ ដ្បិតថា​ ការងារ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក និង​ស្រង់​នាវា​ពី​បាតទន្លេ​មេ​ង្គ មិនទាន់​បញ្ចប់​ទាំងស្រុង ប៉ុន្ដែ​កំពុង​ទទួលបាន​ជោគជ័យ និង​មាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​ជាមួយ​ក្ដីសង្ឃឹម​ជឿជាក់ថា​ បេសកកម្ម​នេះ​នឹង​ឈានទៅ​បញ្ចប់​នាពេលខាងមុខ។​

តាម​ការស្រាវជ្រាវ​ទីតាំង​ស្ថិតនៅ​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម​ ១ កន្លែង បង្ហាញថា នាវាចម្បាំង​ដែល​បាន​លិច​កាលពី​សម័យ​សង្គ្រាម​នោះ គឺជា​ប្រភេទ​នាវា​សឹក​របស់​កងទ័ព លន់ នល់ ដែលមាន​ចំណុះ​ប្រមាណ​ ៨០០ ​តោន ហើយ​ដែល​អ្នកស្រុក​ហៅថា ប្លង់តុង​។​

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​ដែល​អង្គភាព​របស់លោក ក៏​ស្ថិតនៅក្នុង​សមាសភាព​នេះដែរ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រតិបត្តិ​ការយក​គ្រាប់​ចេញពី​នាវា​ដែល​លិច​ក្នុង​ទន្លេមេគង្គ សម័យ​សង្គ្រាមស៊ីវិល ចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥ នៅតែ​បន្ត​រហូតដល់​ចប់ និង​មាន​សុវត្ថិភាព​ទាំងស្រុង ព្រោះ​វា​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​សុវត្ថិភាព​ទាំង​នៅក្នុង​ទឹក និង​នៅលើ​គោក​។​

លោក​បន្តថា ការយក​គ្រាប់​ចេញពី​នាវា​ដែល​លិច​នៅក្នុង​ទន្លេមេគង្គ​នៅពេលនេះ មិន​ងាយស្រួល​ដូច​ការយក​គ្រាប់​នៅលើ​គោក​នោះទេ ព្រោះ​នៅក្នុង​ទឹក​មាន​បំណែក​នាវា និង​បូម​ខ្សាច់​ដែល​ហូរ​កប់​គ្រាប់ ដែល​តម្រូវ ឱ្យ​មន្ត្រី​ជំនាញ​មាន​បច្ចេកទេស និង សម្ភារ​គ្រប់គ្រាន់ ដើម្បី​ធ្វើយ៉ាងណា យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ប្រកបដោយ​សុវត្ថិភាព។​

លោក​ថ្លែងថា​៖ «​ការយក​គ្រាប់​ចេញពី​ក្នុង​ទឹក និង​នៅលើ​គោក​នេះ​ត្រូវ​បានទទួល​គោលការណ៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ស ខេង ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​សន្តិសុខ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត និង​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​»​។​

បើតាមលោក ហេង រតនា ប្រតិបត្តិការ​នៅក្រោម​ទឹក មានការ​ប្រឈម​ហា​និ​ភ័យ​គ្រោះថ្នាក់​ខ្ពស់ ព្រោះ​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ មិនមែន​តែ​ស្ថិតនៅក្នុង​បាត​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែគ្រាប់​ទាំងនោះ បាន​កប់​នៅក្នុង​ខ្សាច់ ដែល​ត្រូវ​បូម​ខ្សាច់​ចេញ​ទើប​យកចេញ​បាន។ មួយវិញទៀត តំបន់​ដែល​យក​គ្រាប់​ចេញ​នេះ គឺជា​តំបន់​ទឹក​ហូរ​ខ្លាំងនៅតែ​ជាការ​លំបាក​សម្រាប់​មន្ត្រី​ជំនាញ​របស់លោក ដែល​តម្រូវឱ្យមាន​សម្ភារ​ទំនើប និង​បច្ចេកទេស គ្រប់គ្រាន់ ជាមួយនឹង​ការហ្វឹកហាត់​របស់​មន្ត្រីបាន​ត្រឹមត្រូវ។​

លោក​បញ្ជាក់ថា ការយក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ទន្លេមេគង្គ​នេះ គឺជា​ប្រតិបត្តិការ​ង​ងិ​ត មិនអាច​បើកភ្នែក​មើល​បាន​ដោយ​ងាយ​នោះទេ។ ប៉ុន្តែ​មន្ត្រី​ជំនាញ មាន​ទឹកចិត្ត​ហានក្លា​បំផុត ដើម្បី​ធ្វើ​កិច្ច​ទាំងនេះ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ជម្នះ​នូវ​រាល់​ឧបសគ្គ ដើម្បីឱ្យ​កម្ពុ​ជាមាន​សុខ​សុវត្ថិភាព​ពេញលេញ។ ទោះជា​យ៉ាងណា ការ​បោសសម្អាត និង​យក​គ្រាប់​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ទន្លេមេគង្គ​នេះ ត្រូវការ​ពេលវេលា​យូ​រជាង​ប្រតិបត្តិការ​នៅលើ​គោក។​

លោក​បន្ថែមថា ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ក្នុង​ប្រតិបត្តិ​ការយក​គ្រាប់​ចេញពី​ក្នុង​ទន្លេ​នេះ ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម រហូតមក​ដល់បច្ចុប្បន្ននេះ ក្រុម​ប្រតិបត្តិ​ករ និង​មន្ត្រី​ជំនាញ មិនទាន់​ជួប​នូវ​បញ្ហា​គ្រោះថ្នាក់​ណាមួយ​កើតឡើង​នៅឡើយ​ទេ។ ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​នៅតែ​មានការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់។

លោក សេង ធា អភិបាលស្រុក​ពាម​ជរ ខេត្តព្រៃវែង​ថ្លែងថា លោក ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អង្គភាព​ស៊ីម៉ាក់ និង​ក្រសួងការពារជាតិ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​គ្រាប់​ចេញពី​ក្នុង​ទន្លេ​នេះ ដើម្បី​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​កុំ​ឱ្យមាន​ភាពភ័យខ្លាច​ក្នុង​ការចុះ​ទៅធ្វើ​នេសាទ និងយក​ទឹក​មកប្រើប្រាស់​ប្រ​ចាំថ្ងៃ។

លោក​បន្តថា កន្លងមកនេះ លោកក៏​ធ្លាប់បាន​ទៅ​ចូលរួម​សម្ពោធ​បើក​ការដ្ឋាន ដើម្បី​យក​គ្រាប់​ចេញពី​ក្នុង​ទន្លេ​នេះដែរ នៅឯខេត្តកណ្តាល ដែល​កិច្ចការ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បីឱ្យ​កម្ពុ​ជាមាន​សុវត្ថិភាព​ពេញលេញ​ទាំង​នៅក្នុង​ទឺ​ក និង​នៅលើ​គោក។​

លោក​ថ្លែងថា​៖ «ខ្ញុំគាំទ្រចង់ឱ្យ​អង្គការ​ស៊ី​មាក់ និង​ក្រសួង​ការពារ​ប្រទេស ឱ្យ​គាត់​ជួយ​យក​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ គឺគាត់​ប្រកបមុខរប​នេសាទត្រី​លក្ខណៈ​គ្រួសារលែងមាន​ការភ័យខ្លាច»​។​

​ស្រដៀង​គ្នា​នេះ លោក អ​គី​រ៉ា ប្រធាន​អង្គការ​ដោះមីន​កម្ពុជាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា មិន​ថា​ប្រតិបត្តិ​ការយក​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​គោក ក៏ដូចជា​នៅក្នុង​ទឹក លោកគាំទ្រពេញទំហឹង ដើម្បីឱ្យ​ប្រទេសជាតិ​រួច​ផុតពី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ កើតឡើងដល់​ប្រជាពលរដ្ឋ។

លោកថ្លែងថា៖ «សង្ឃឹមថា កម្ពុជា​នឹង​លែងមាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​នៅលើ​គោក និងនៅក្នុង​ទឹក ហើយខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល យកចិត្តទុកដាក់ ក្នុង​ប្រតិបត្តិ​ការយក​គ្រាប់​មិន​ទាន់​ផ្ទុះ ចេញពី​ក្នុង​ទន្លេមេគង្គ និង​នៅលើ​គោក​នៅពេលនេះ»។

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាលប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការយក​គ្រាប់​ចេញពី​បាតទន្លេ គឺជា​កិច្ចការ​សំខាន់បំផុត ដែល​រដ្ឋបាលខេត្តត្រូវគោរព និង​អនុវត្តតាម​អនុសាសន៍​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស ខេង ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីធ្វើយ៉ាងណាមិនឱ្យមាន​គ្រាប់​មិនទាន់​ផ្ទុះ និង​គ្រាប់មីន ជាពិសេស​នៅក្នុង​មូលដ្ឋាន​ខេត្តកណ្តាល​ដែលមាន​នៅក្នុង​ទន្លេ ដែល​ប្រតិបត្តិការ​នេះ ធ្វើជា​ប្រចាំ​ដោយ​ធ្វើការ​ស្រាវជ្រាវ និងយក​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​បាតទន្លេ។​

លោក​ថ្លែងថា៖ «ខេត្ត និង​ស្រុក សហការ​ជាប្រចាំ ព្រោះសម្តេច​ក្រឡាហោមបាន​យកចិត្តទុកដាក់លើ​បញ្ហា​នេះ។ យើង​ត្រូវតែ​បន្ត​ការដោះស្រាយ យក​គ្រាប់​មិនទាន់​ផ្ទុះ​នេះ ចេញឱ្យអស់ បើ​អស់​លឿន​កាលណា ល្អ​កាល​ហ្នឹង ព្រោះ​ផល​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​នេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន បង្កបង្កើនផល និង​នេសាទ​ផ្សេងៗ»៕