
សកម្មភាពសាបព្រោះស្រូវ នៅក្នុងខេត្តកណ្ដាលកាលពីកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈគិតត្រឹមថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២២ ការងារដាំដុះស្រូវរដូវវស្សាបានសម្រេច ៧៧,០៥ ភាគរយ ស្មើនឹង ២,០២ លានហិកតា នៃផែនការផ្ទៃដីដាំដុះដំណាំស្រូវសរុប ២,៦ លានហិកតា។ នេះបើតាមការប្រាប់ឱ្យដឹងពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ។
ថ្វីបើដូច្នេះក្ដី លោក គង់ គា បានថ្លែងថា ល្បឿនការងារដាំដុះស្រូវរដូវវស្សាឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុនប្រមាណ ៤២០ ពាន់ហិកតា បើធៀបនឹងរយៈពេលដូចគ្នានេះ។ ភាពយឺតយ៉ាវនេះបណ្ដាលមកពីកត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់តាំងពីពាក់កណ្ដាលខែមេសា ដែលធ្វើឱ្យដីស្រែកសិករនៅតាមបណ្ដាខេត្តមួយចំនួនត្រូវទឹកដក់និងលិចលង់មិនអាចចល័តគ្រឿងចក្រភ្ជួររាស់ និងដាំដុះបាន។
លោកថ្លែងថា៖ «យោងតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ នៅឆ្នាំនេះ ថ្វីដ្បិតតែមានភាពយឺតយ៉ាវបន្តិចក្ដី ប៉ុន្តែដំណាំស្រូវមានការលូតលាស់ល្អ ដែលយើងអាចរំពឹងថានឹងផ្ដល់ទិន្នផលខ្ពស់ជាងឆ្នាំមុន ហើយស្រូវដែលកសិករដាំដុះនៅក្នុងឆ្នាំនេះភាគច្រើនជាប្រភេទស្រូវប្រណីត»។
បើតាមលោក គង់ គា កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករដាំដុះពូជស្រូវប្រណីតដូចជា ស្រូវសែនពិដោរសែនក្រអូប ០១ ផ្ការំដួល ផ្ការំដេង ផ្ការមៀត និងផ្កាមាលតី...ជាដើម ដើម្បីធានាបាននូវនិរន្តរភាពស្បៀងអាហារ និងសម្រាប់គាំទ្រគោលនយោបាយនាំចេញស្រូវអង្ករទៅក្នុងទីផ្សារក្រៅប្រទេស។ ក្នុងនោះប្រភេទស្រូវសែនពិដោរ និងស្រូវសែនក្រអូប ០១ ជាប្រភេទស្រូវមិនប្រកាន់រដូវដែលធន់ទ្រាំគ្រប់អាកាសធាតុនិងកត្តាចង្រៃផ្សេងៗ ប៉ុន្តែអាចដាំបានតែក្នុងដីស្រែដែលនៅទីខ្ពស់មិនដក់ទឹកខ្លាំងប៉ុណ្ណោះ។ ចំណែកប្រភេទស្រូវផ្ការំដួល ផ្ការំដេង ផ្ការមៀតនិងផ្កាមាលតី ជាស្រូវប្រកាន់រដូវ សម្រាប់ដាំតែក្នុងរដូវវស្សានិងក្នុងដីស្រែទីជម្រៅ ព្រោះវាអាចធន់ទ្រាំនឹងទឹកបានយូរ។ ពូជស្រូវទាំងនេះ អាចផ្ដល់ផលជាមធ្យមចន្លោះពី ៣,៥ តោន ដល់ ៥,៥ តោន ក្នុង ១ ហិកតា អាស្រ័យដោយការថែទាំដាក់ជីបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ដែលបានណែនាំដោយមន្ត្រីជំនាញ។
ទន្ទឹមនឹងនេះដែរ លោក គង់ គា បានអំពាវនាវដល់កសិករដែលនៅមិនទាន់ចាប់ផ្ដើមដាំដុះស្រូវ ឱ្យប្រញាប់រូតរះភ្ជួររាស់និងសាបព្រោះពូជស្រូវដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈបច្ចុប្បន្ននេះអង្គការស្បៀងអាហារពិភពលោកបានប្រកាសពីកង្វះស្បៀងអាហារដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
លោកថ្លែងថា៖ «យើងដឹងហើយថាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺប៉ះពាល់ល់សន្តិសុខស្បៀងអាហារពិភពលោកខ្លាំងណាស់ ប៉ុន្តែវាជាឱកាសមួយសម្រាប់កម្ពុជាយើងក្នុងការផលិតស្បៀង បើយើងផលិតបានកាន់តែច្រើនគឺកាន់តែល្អ។អ៊ីចឹងសូមបងប្អូនប្រជាកសិកររូតរះដាំដុះស្រូវកុំទុកដីចោលឱ្យសោះ ព្យាយាមដាំដុះឱ្យបានច្រើនចៀសវាងមានដីស្រែ តែទិញអង្កររបស់គេមកហូប»។
ជុំវិញការអំពាវនេះប្រជាកសិករនៅខេត្តសៀមរាប លោក ឈាវ ហុង អាយុ ៦៥ ឆ្នាំ មានលំនៅក្នុងភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រួសាររបស់លោក បានដាំដុះស្រូវសែនពិដោរលើផ្ទៃដី៣ហិកតាដែលមកទល់ពេលនេះស្រូវបានចាប់ផ្ដើមចេញកួរជាបណ្ដើរៗហើយ។
លោក ហុង បានថ្លែងថា៖ «អ្នកភូមិរបស់លោកនិយមដាំស្រូវសែនពិដោរក្នុងរដូវប្រាំងនិងដើមរដូវវស្សា។ លុះដល់រដូវវស្សាពេញលេញពិសេសចាប់ពីចុងខែកក្កដា ឬដើមខែសីហាទៅ គឺពួកយើងដាំស្រូវផ្ការំដួល ព្រោះវាអាចធន់ទ្រាំនឹងទឹកបានយូរ»។
បើតាមលោក ហុង នៅក្នុងមុខរបរធ្វើស្រែនេះ គឺគាត់មិនប្រើកម្លាំងគោក្របីអូសទាញនោះទេ គឺគាត់ប្រើគ្រឿងចក្រសុទ្ធសាធ ចាប់តាំងពីការភ្ជួររាស់ ពង្រាបដីស្រែ ដាំដុះស្រូវ និងការប្រមូលផលស្រូវ ដោយគ្រួសាររបស់គាត់មានត្រាក់ទ័រ ម៉ាស៊ីដាំស្រូវ ម៉ាស៊ីនច្រូត និងម៉ាស៊ីនមូរចំបើងនិងគល់ជញ្ជ្រាំងស្រូវ សម្រាប់ប្រើប្រាស់ខ្លួនឯងផងនិងសម្រាប់ស៊ីឈ្នួលភ្ជួររាស់ដាំដុះ ច្រូតកាត់ឱ្យអ្នកភូមិនៅក្នុងសហគមន៍របស់គាត់ផងដែរ៕