ភ្នំពេញៈ​ ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប និង​ក្រុមហ៊ុន​វី​តា​ល់ នឹងធ្វើ​ការដាំ​ដើម​កោង​កាង​ចំនួន ៣ ០០០ ដើម ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោងកាង នៅ​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ​ ២០២២​ នេះ ក្នុង​សហគមន៍​នេសាទ​ភូមិ​ថ្មី ស្ថិតក្នុង​សង្កាត់​ព្រៃធំ ក្រុង-ខេត្ត​កែប​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៥ ខែកក្កដា​ថា ការដាំ​ដើម​កោង​កាង​នេះ​ដើម្បី​បង្កើន​ចំនួនដើម​កោង​កាង​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដើម្បី​ការពារ ប្រព័ន្ធ​អេកូឡូស៊ី និង​បង្កើន​ជីវចម្រុះ​នៅ​តំបន់​សមុទ្រ​។​ មួយវិញទៀត​ដើម្បី​ជួយ​ការពារ​គ្រោះមហន្តរាយ​នានា​ដូចជា​ខ្យល់ព្យុះ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​ដាំ​ជាមួយ​សហគមន៍​នៅក្នុង​ខេត្ត​កែប​ដើម្បី​ធ្វើ​ម៉េច​ឱ្យបានជា​ការផ្ញើ​សារ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន​ឱ្យចូលរួម​ថែរក្សា ហើយ​បណ្តុះ​ស្មារតី​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឱ្យ​គាត់​ចេះ​ស្រឡាញ់​ដើម​កោង​កាង និង​ចូលរួម​ដាំ​បន្ថែម​នូវ​ព្រៃកោងកាង​ក្នុងប្រទេស​កម្ពុជា​»​។

លោក អុឹម បញ្ញា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បាន​ឱ្យដឹង​នៅ​ថ្ងៃទី ២៥ ខែកក្កដា​ថា ការសម្រេច​យក​សហគម​ន៍​នេសាទ​ភូមិ​ថ្មី ស្ថិតក្នុង​សង្កាត់​ព្រៃធំ ក្រុង-ខេត្ត​កែប​ ជាទី​តាំង​សម្រាប់​ដាំ​ដើម​កោង​កាង​ដោយសារតែ​ទីនោះ​មាន​អំណោយផល​ដល់​ការដាំ​ដើម​កោង​កាង មាន​ដី​ភក់​ទំនេរ ហើយ​ត្រូវ​នឹង​លក្ខខណ្ឌ​នៃ​ការ​ដុះ​លូតលាស់​របស់​ដើម​កោង​កាង ម្យ៉ាងទៀត​ទីកន្លែង​នោះ មន្ត្រី​ជំនាញ​បរិស្ថាន​ធ្លាប់ធ្វើ​ការដាំ​សាកល្បង​បាន​ចំនួន ៥០០ ដើម ម្តង​រួចមកហើយ ដែល​ទទួលបាន​លទ្ធផល​ល្អ​។

លោក​ថ្លែងថា​៖ «​ព្រៃកោងកាង​នេះ​វា​ត្រូវការ​លក្ខណពិសេស​ច្រើនណាស់ គឺ​វា​ត្រូវការ​មិនមែន​តែ​ទឹកប្រៃ​សុទ្ធ​ទេ វា​ត្រូវការ​ទឹក​ភ្លាវ បានន័យថា មាន​ទឹកសាប​ហូរ​ចូល អ៊ីចឹង​តំបន់ហ្នឹង​វា​មាន​ព្រែ​កមាន​អូរ​ទឹកសាប​ធ្លាក់ចូល អ៊ីចឹង​វា​អំណោយផល​ឱ្យការដាំ​កូន​កោង​កាង​ហើយ​វា​អាចរ​ស់បាន​»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ប្រាប់ថា ក្នុងនាម​ជំនាញ​ពាក់ព័ន្ធ​មន្ទីរ​បរិស្ថាន​មិនបាន​ព្រងើយកន្តើយ​ក្នុងការ​ថែរក្សា​ព្រៃកោងកាង​នោះទេ ពោលគឺ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ការពារ អភិរក្ស​ព្រៃកោងកាង ព្រមទាំង​បានធ្វើ​ការដាំដុះ​បន្ថែម​បន្តបន្ទាប់​ទៀត​ដើម្បី​បង្កើន​ព្រៃកោងកាង​ផងដែរ​។ លោក​បន្តថា កន្លងមក​ទីតាំង​នេះ ត្រូវបានធ្វើ​ការដាំដុះ​ដើម​កោង​កាង​ប្រមាណ​ ៥ ០០០ ដើម​រួចមកហើយ ខណៈ​នៅ​ថ្ងៃទី ២៦ ខែកក្កដា​នេះ នឹង​ដាំ​បន្ថែម ៣ ០០០ ដើម​ទៀត​។

លោក​បញ្ជាក់ថា ទោះបី​មាន​ការដាំដុះ​ជា​បន្តបន្ទាប់​ក្តី ទីតាំង​ដី​ដែល​ត្រូវបាន​ដាំ​ដើម​កោង​កាង​នោះ នៅតែមាន​កន្លែង​ទំនេរ​ច្រើន រហូតដល់​ប្រមាណ​ជាង ២០ហិកតា ហេតុនេះ​បើ​មាន​អ្នក​ចង់​ដាំ មន្ត្រី​ជំនាញ​រង់ចាំ​ការចូលរួម​សហការ​ជួយ​ធ្វើ​ការដាំដុះ បន្ថែម​គ្រប់ពេល​។

លោក​ថ្លែងថា​៖ «​យើង​នៅសល់​ដី​ប្រមាណ ២០​ហិកតា​ទៀត នៅ​អាច​ដាំ​បន្ថែម​បាន ឥ​ឡូ​វ​នេះ​យើង​ទើប​ដាំ​បាន​ប្រមាណ ៣​ ហិកតា​ព្រោះ ៣ ០០០ ដើម​នេះ​បានតែ​ចំនួន ១ ​ហិកតា​ទេ ចំណែក​កាល​មុន ៥ ០០០ ដើម​បានតែ ​១​ហិកតា​កន្លះ​ទេ ហើយ​បើ​ថែម​ ១ ០០០ ​ដើម​ទៀត នឹង​បាន​កន្លះ​ហិកតា​ទៀត អ៊ីចឹង​យើង​ទើប​ដាំ​បាន​រង្វង់​៣​ហិកតា​អី​ទេ​»។

លោក​បញ្ជាក់បន្ថែមថា មន្ត្រី​បរិស្ថាន​តែង​ធ្វើ​ការត្រួត​ពិនិត្យមើល​ព្រៃកោងកាង​ដែលមាន​ស្រាប់​នៅ​តំបន់​សហគមន៍ ដោយ​ថែរក្សា​ជាប្រចាំ មិនថាតែ​ការកាប់​ទន្ទ្រានព្រៃ ឬ​ការកាប់​ព្រៃកោងកាង​ធ្វើ​ឧស​ជាដើម​នោះទេ សូម្បីតែ​សត្វ​ស្លាប និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ក្នុង​តំបន់​នោះ​ក៏​មន្ត្រី​ជំនាញ​បានធ្វើការ​អភិរក្ស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​មិនមាន​បទល្មើស​កាប់​រានទន្ទ្រាន​ទ្រង់ទ្រាយ​ធំ​ទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការកាប់​ដើម​កោង​កាង​បន្តិចបន្តួច ដោយ​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​រោង​គោ ឬ​យកទៅ​ធ្វើ​អ្វីខ្លះៗ​ដែលជា​តម្រូវការ​ជាក់ស្តែង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក៏មាន​ខ្លះៗ​ដែរ»៕