​ភ្នំពេញៈ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា និង​នី​ហ្សេ​រី​យ៉ា ប្រកាស​ជំហរ​រួមគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា ដោយ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ពជើងគោក ជើង​ទឹក ជើង​អាកាស និង​កងកម្លាំង​ថែរក្សា​សន្តិភាព រវាង​ប្រទេស​ទាំង​ ២​។​

លោក ​Ea Ejodame ​ទីប្រឹក្សាយោធា​នី​ហ្សេ​រី​យ៉ា​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ថ្លែងថា ភាពខ្លាំង​របស់​កងទ័ព​ប្រទេស​ទាំង​ ២ កម្ពុជា​-​នី​ហ្សេ​រី​យ៉ា អាច​សហការគ្នា​បាន ដោយ​ផ្អែកលើ​ប្រទេស​ទាំង ​២ ​មាន​វិទ្យាស្ថាន​កងទ័ព ​មាន​សាកលវិទ្យាល័យ​ការពារជាតិ និង​មាន​មជ្ឈមណ្ឌល​ថែរក្សា​សន្តិភាព​ដូចគ្នា ដែល​ជាការ​ផ្តល់ឱកាស​ដល់​ការចែករំលែក​បទពិសោធ​ និង​ចំណេះដឹង​ឱ្យ​គ្នា​បាន​យ៉ាងច្រើន​។​

លោក​ថ្លែង​ដូច្នេះ​ក្នុងជំនួប​ជាមួយ លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅឯ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា​ ក្នុងឱកាស​លោក​មក​បំពេ​ញ​ទស្សនកិច្ច​ជា​លើកដំបូង​មកកាន់​កម្ពុជា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​កិច្ចប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំង ​២​។​

សេចក្តីប្រកាស​ព័ត៌មាន​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដកស្រង់​សម្ដី លោក​ Ea Ejodame ថា កម្ពុជា និង​នី​ហ្សេ​រី​យ៉ា មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ ដោយ​ធ្លាប់​ទទួលរង​នូវ​សង្គ្រាម​។ បច្ចុប្បន្ន​ប្រទេស​ទាំង​ ២​ បាន​ខិតខំ​ប្រឹងប្រែង «​យ៉ាងខ្លាំង​» ដើម្បី​ទទួលបាន​សន្តិភាព និង​កំពុង​ចែករំលែក​បទពិសោធពី​ការទទួលបាន​សន្តិភាព​នេះ​ទៅដល់​បណ្តា​កងទ័ព​នៅលើ​ពិភពលោក​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោកឧ​ត្ត​ម​សេនីយ៍​ត្រី Ea Ejodame ក្នុងការ​ស្វែងរក​ឱកាស​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំង​២ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស និង​កងកម្លាំង​ថែរក្សា​សន្តិភាព ប្រទេស​ទាំង​ ២»​។​

លោក វង្ស ពិ​សេន​ បានថ្លែងដោយ​ជឿជាក់ថា តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Ea Ejodame អ្វីៗ​នឹង​ដំណើរការ​ល្អប្រសើរ ពិសេស​នៅលើ​ការបង្កើត​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំង ​២ ដែល​អាចឈាន​ទៅដល់​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយគ្នា​។​

លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែកក្កដា​ថា​ បញ្ហា​នេះ​មាន​សារៈសំខាន់​ដែល​ប្រទេស​ទាំង​ ២ ​អាចធ្វើ​ការ​ផ្លាស់​ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក ពីព្រោះថា​នី​ហ្សេ​រី​យ៉ា និង​កម្ពុជា​អាច​ចែករំលែក​បញ្ហា​ដែល​កើតឡើង​ទៅវិញទៅមក ជាពិសេស​ពាក់ព័ន្ធ​ការចូលរួម​របស់​កម្លាំង​ថែរក្សា​សន្តិភាព​ក្នុង​ក្រ​បខ័​ណ្ឌ​អង្គការសហប្រជាជាតិ​ជាដើម​។

លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​ខ្លះ​នៅក្នុង​ករណី​ចាំបាច់​នៅក្នុង​ការផ្លាស់ប្តូរ​បទ​ពិសោធ ប​ច្ចេ​ទេស ហើយ​និង​ការជួយ​បណ្តុះបណ្តាល​គ្នា​ទៅវិញទៅមក ខ្ញុំ​ថា​ជា​រឿង​ចាំបាច់​រវាង​ប្រទេស​ទាំង ​២»​។​

លោក យង់ គិ​ម​អេង បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​ទូលំទូលាយ​របស់​យោធា​កម្ពុជា​ជាមួយនឹង​យោធា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជា​រឿង​មួយ​សំខាន់​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជា​បទពិសោធ​នៅក្នុង​ការការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ក៏ដូចជា​ការចូលរួម​ចំណែក​កាន់​តែមាន​ប្រសិទ្ធភាព​ជាមួយនឹង​អង្គការសហប្រជាជាតិ​ក្នុងការ​ថែរក្សា​សន្តិភាព ហើយក៏​អាចធ្វើឱ្យ​យោធា​នោះ​កាន់តែ​មានការ​ទទួលខុសត្រូវ​យ៉ាងខ្ពស់ ឬក៏​កាន់តែខ្លាំង​ចំពោះ​ជោគវាសនា​អនាគត​របស់​ប្រទេសជាតិ​»៕