
មន្ត្រីពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ នៅថ្ងៃទី២៥កក្កដា។ រូបថត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ អង្គការដៃគូក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺអេដស៍ ស្របតាមការអំពាវនាវរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានចលនាជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅត្រឹមឆ្នាំ ២០២៥ គឺនៅមុនគោលដៅជាសកល ៥ ឆ្នាំ។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៧ ឆ្នាំ ២០២២ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺអេដស៍នៅថ្ងៃទី ២៥ ខែកក្កដាថា ការធ្វើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តលុបបំបាត់ជំងឺអេដស៍នៅពេលនេះ គឺ ដើម្បីផ្សព្វផ្សាយបង្ការ និងកុំឱ្យមានការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ។
ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាស្ថិតនៅក្នុងចំណោមប្រជាជនគន្លឹះដែលគួរឱ្យព្រួយបារម្ភ គឺក្រុមបុរស រួមភេទជាមួយបុរស ដែលបច្ចុប្បន្ននេះមាន ជិត៩ម៉ឺននាក់ និងមានអាត្រាប្រេវ៉ាឡង់ខ្ពស់ ដែលមានចំនួន៤% បើប្រៀបធៀបជាមួយចំនួនប្រជាជនទូទៅ ០,៥%។ តាមការសិក្សាស្រាវជ្រាវ គឺការប្រើប្រាស់ស្រោមអនាម័យរបស់ក្រុមមនុស្សប្រភេទនេះនៅមានកម្រិតទាបនៅឡើយ ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវគិតពិចារណាក្នុងការបង្ការ។
លោកថ្លែងថា៖ « បញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការដៃគូរសង្គមស៊ីវិលទាំងអស់ ធ្វើការអប់រំ ផ្សព្វផ្សាយដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ ទន្ទឹមនឹងនោះ បងប្អូនដែលសង្ស័យថា ផ្ទុកមេរោគអេដស៍ សូមឱ្យចូលមករកសេវាធ្វើតេស្តរកមេរោគអេដស៍ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងព្យាបាលមេរោគអេដស៍នេះ គឺមិនគិតប្រាក់នោះទេ »។
លោក សេង ប៉ោស្រ៊ុន ប្រធានគ្រប់គ្រងគម្រោងនៃ អង្គការ KHANA ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺអេដស៍នេះ ត្រូវបានរៀបចំគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ព្រោះមានការចូលរួមយកចិត្តទុកដាក់ផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងពហុវិស័យ ទាំងអស់របស់កម្ពុជា ។ តាមរយៈផែនការនេះ នឹងធ្វើឱ្យការប្រយុទ្ធប្រឆាំងជំងឺអេដស៍ កាន់តែល្អប្រសើរ១កម្រិតទៀត និងឈានដល់ការលំបាត់បានទាំងស្រុងនៅពេលខាងមុខ។
ទោះជាយ៉ាងណាលោក ថា មានបញ្ហាប្រឈមដែលមិនងាយនឹងអាចលុបបំបាត់បានគឺ ម្ចាស់មូលនិធិនានាបានកាត់បន្ថយជំនួយថវិកាលើការប្រយុទ្ធប្រឆាំងលើជំងឺនេះ និងម្យ៉ាងទៀត អ្នកផ្ទុកមេរោគអេដស៍នៅសល់ប្រមាណជាង ១ ម៉ឺននាក់ស្ថិតនៅក្នុងចំណោមរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរកជនទាំងនេះ យកមកព្យាបាលដើម្បីកុំឱ្យមានចម្លងថ្មីទៀត ។
លោកថ្លែងថា៖ « យើងត្រូវធ្វើអ្វីដែលថ្មីៗ ដើម្បីរកពួកគាត់។ អ៊ីចឹងការរកគំនិតផ្តួចផ្តើមថ្មីៗ វាមិនមែនជារឿងងាយស្រួលទេ វាដូចជានៅក្នុងទន្លេមួយអ៊ីចឹង ។ យើងទៅរកត្រីនៅតិចនៅក្នុងទន្លេ វាពិបាករកណាស់ បើត្រីច្រើន យើងដាក់តែ១សំណាញ់ វាបានច្រើន ប៉ុន្តែ នេះ វាមិនងាយស្រួលទេ ដែលទាមទារឱ្យមានការចូលរួម ហើយបើម្ចាស់មូលនិធិ កាត់បន្ថយ យើងក៏ប្រឈមដែរ»។
បើតាមលោក សេង ប៉ោស្រ៊ុន កម្ពុជាមានផែនការបញ្ចប់ ជំងឺអេដស៍នៅឆ្នាំ២០២៥ ខណៈនៅក្នុងថ្នាក់តំបន់គឺគ្រោងបញ្ចប់នៅឆ្នាំ ២០៣០។ ទោះជាយ៉ាងណា លោក ជឿថា មិនអាចបញ្ចប់ទៅតាមការគ្រោងទុកនោះទេ ព្រោះប្រទេសកម្ពុជាកំពុងស្ថិត នៅក្នុងការរីករាលនៃជំងឺកូវីដ ១៩ និងបច្ចុប្បន្ននេះ អង្គការខាន់ណា បានរកឃើញអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣នាក់ ក្នុង១ថ្ងៃ ស្ថិតនៅក្រុមគោលដៅក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ។
យោងតាមរបាយការណ៍របស់អង្គការ KHANA បង្ហាញថា ក្នុងឆ្នាំ ២០២១ អង្គការនេះ រកឃើញអ្នកផ្ទុកមេរោគអេដស៍ចំនួនជាង ៨០០ នាក់ និងនៅ ៦ ខែ ឆ្នាំ ២០២២ នេះ រកឃើញ ៦០៨ នាក់ ដែលបច្ចុប្បន្ននេះ ជនទាំងនេះត្រូវបានដាក់ឱ្យទទួលសេវាព្យាបាល រួចហើយ និងបាននិងកំពុងស្វែងរកអ្នកផ្ទុកថ្មីផ្សេងទៀត៕