ភ្នំ​ពេញៈ គណៈ​កម្មា​ធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​ចែក​រំលែក​បទ​ពិសោធ ​និង​បង្ហាញ​យន្ត​ការ​នៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ក្នុង​ព្រះរា​ជាណាច​ក្រ​កម្ពុជា ជូន​ប្រតិភូ​នៃ​គម្រោង​សាកល​វិទ្យា​ល័យ​ក្នុង​តំបន់​អាស៊ាន​ ធ្វើជា​ទុនក្នុង​ការរៀប​ចំផែន​ទី​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ ក្នុងក្របខ័ណ្ឌក​ម្មវិធី Erasmus+ នៃ​គម្រោង​សហគមន៍​អឺរ៉ុប។ នេះ​បើតាម​​លោក សុទ្ធ គឹមកុល​មុន្នី អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។

​លោក សុទ្ធ គឹមកុល​មុន្នី ថ្លែង​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែ​កក្កដា​ថា ​​គណៈ​ប្រតិភូ​នៃគម្រោង​សាកល​វិទ្យា​ល័យ ក្នុង​តំបន់​អាស៊ាន​បាន​មក​ទស្សន​កិច្ច​​ នៅ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ កាលពីថ្ងៃ​ទី ២២ ខែ​កក្កដា ដើម្បី​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ជុំវិញ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។

ជាការ​ឆ្លើយ​តប គោល​បំណង​នៃប្រតិភូ​គម្រោង​នេះ ​លោក ហង្ស សាមឿន​ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​ជាអនុ​ប្រធាន គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ស្វាគ​មន៍​និង​គាំទ្រ​នូវ​ដំណើរ​ការ និង​សហការ​ជាមួយ​គម្រោង ធ្វើយ៉ាង​ណា​ឱ្យ​ទទួល​បាន​ជោគ​ជ័យ។

លោក​ថ្លែង​ថា​៖«គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង់​គ្រោះ​មហន្ត​រាយ បាន​បង្ហាញ​អំពី​យន្តការ​នៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏ដូច​ជា​ច្បាប់ ផែន​ការ​សកម្ម​ភាព និង​យុទ្ធសាស្ត្រ ដើម្បី​គ្រប់​គ្រង​និ​ងកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ​នៅកម្ពុជា​ជូន​ក្រុម​ប្រតិ​ភូ» ។

​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​គូស​បញ្ជាក់​ថា ផែន​ទី​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​ប្រសិន​បើ​អាច​រៀបចំ​បាន​នោះ ពិតជា​ផែន​ទីសំខាន់​មួយ សម្រាប់​កំណត់​បាន​អំពី​តំបន់​ដែល​ងាយ​រង​គ្រោះ តំបន់​ដែល​ប្រឈម​នឹង​មុខ​សញ្ញា​រង​គ្រោះ​ថ្នាក់ផ្សេ​ងៗ ដែល​អាច​បង្ក​ជាហានិភ័យ​គ្រោះមន្ត​រាយ​ ដែលអំណោយ​ផលដល់​អ្នកពាក់​ព័ន្ធ​អាច​រៀបចំ​ផែន​ការ​សកម្ម​ភាព និង​វិធាន​ការ​ដើម្បី​ឆ្លើយ​តប​ហា​និភ័យ​គ្រោះ​មហន្ត​រាយ​។

លោក​ថ្លែង​ថា​៖«បើផលិត​ផែន​ទី​នោះបាន​យើង​ដឹង​ហើយ​ថា កន្លែង​ណា​ងាយ​រង​គ្រោះ ​ដោយសារ​មុខ​សញ្ញា​គ្រោះថ្នាក់​អី ហើ​យ​ត្រូវ​ធ្វើ​សកម្ម​ភាព​យ៉ាង​ម៉េច អ៊ីចឹង​យើង​អាច​ដឹង​ពេល​វេលា​ដែល​វាកើត ទំហំ​នៃការ​ប៉ះពាល់​ ភាពងាយ​រង​គ្រោះ​មានសមត្ថ​ភាព​ប៉ុនណា ? ដូច​ច្នេះ​យើង​អាច​កំណត់​នូវ​វិធាន​ការ​បាន​» ។

លោក សុទ្ធ គឹម​កុល​មុន្នី ប្រាប់​ថា ប្រតិភូ​នៃគម្រោង​នៃសាកល​វិទ្យា​ល័យ​អាស៊ាន​ទាំង​នោះមា​ន ​សមាជិក​ មក​ពីប្រទេស​កម្ពុជា ម៉ាឡេ​ស៊ី ហ្វីលី​ពីន និង សាកល​វិទ្យា​ល័យ នៅក្នុង​តំបន់​អឺរ៉ុប​ចំនួ​ន​៣ រួម​មាន​ប្រទេស​អេស្ប៉ាញ ក្រិក​ និង លុច​សំបួរ​ ដែល ដឹក​នាំ​ដោយ សាកល​វិទ្យា​ល័យ​ Silesian University of Technology (SUT) ពីប្រទេស​ប៉ូឡូញ​។

ប្រតិភូ​នៃគម្រោង​នេះ បាន​កំណត់​យក​សាកល​វិទ្យា​ល័យ​ស្វាយ​រៀង នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ជាទីកន្លែង​សម្រាប់​សិក្សាស្រាវ​ជ្រាវ​នៅ​កម្ពុជា​។

លោក​ប្រាប់​ទៀត​ថា ផែន​ទីនោះ​នឹង​ត្រូវ​ផលិត​តម្រូវ​ទៅតាម​ប្រទេស​នីមួយៗ​ ហេតុនេះ​ មុន​ដា​ក់​ឱ្យប្រើប្រាស់​ត្រូវឆ្លង​​កាត់​តំណាង​​ប្រទេស​ធ្វើការ​ពិនិត្យ​សម្រេច​ជាមុន​សិន តួយ៉ាង​ដូច​កម្ពុជា​មាន​គណៈក​ម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាអ្នក​គ្រប់​គ្រង ហេតុ​នេះត្រូ​វ​ធ្វើ​ការ​ពិនិត្យ​មើល ជាក់​ស្តែង មុន​នឹង​ដាក់​សម្រាប់​កម្ពុជា​៕

​​

​​