ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី ​២៤ ខែកក្កដា ឆ្នាំ​ ២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង ៧៤៤​ លាន​ដុល្លារ​-​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​ក្នុងនោះ​មនុស្ស​ជាង​ ២ ​លាន ៧​ សែន​នាក់​បាន​ទទួល​ផល​ពី​កម្មវិធី​នេះ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ចុះ​ថ្ងៃទី​ ២៤ ខែកក្កដា បាន​ឱ្យ​ដឹងថា តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុង​អំឡុង​ជំងឺ​កូវីដ​ ១៩ លើក​ទី ​៩ ជុំ​ទី​ ៣ រដ្ឋ​បាន​ចំណាយ​ថវិកា​ចំនួន​ ៧៤៤,៦០ ​លាន​ដុល្លារ​។ ក្នុងនោះ​ពលរដ្ឋ​ក្រីក្រ​ដែល​ទទួលបាន​សាច់ប្រាក់​មាន​ចំនួន ៦៨៨ ៨៤១ គ្រួសារ ដែល​មាន​សមាជិក​ជាង​ ២ ​លាន​ ៧ ​សែន​នាក់​។

ជាមួយ​គ្នា​នេះ សម្រាប់​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ១០ លើក​ទី​ ១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២២ ដែលមាន​រយៈពេល​ ៣០ ​ថ្ងៃ សម្រាប់​ការទៅ​បើកប្រាក់​នេះ​។

លោក​ ឈួរ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ធ្លាប់​បាន​លើកឡើង​ថា សម្រាប់​ការឧបត្ថម្ភ​ដល់​ជនក្រីក្រ​ត្រូវបាន​ចែកចេញ​ជា​ ៣ ​ប្រភេទ គឺ​ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ​។ គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ទៅតាម​ទំហំ​គ្រួសារ​។

លោក​បញ្ជាក់ថា​៖ «​ជា​មធ្យម​នៅ​ជនបទ​ទទួល​បាន​ ២០ ​ម៉ឺនរៀល ក្នុង​ ១​ ខែ សម្រាប់ ១​ គ្រួសារ​។ ចំណែក​អ្នក​នៅ​ទីក្រុង​ជា​មធ្យម ៨០ ទៅ ១០០ ​ដុល្លារ​។ ការដែល​ផ្តល់​នេះ មិនមែន​សុខៗ​យើង​ឱ្យ​សាច់ប្រាក់​ខុសគ្នា​ទេ ផ្តល់​នេះ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ប្រាក់ចំណូល​។ ការសិក្សា​នេះ​មានការ​ចូលរួម​ពី​ (​ធនាគារ​ពិភពលោក​) និង (​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​)»​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព លោក​ យង់ គិមអេង អបអរសាទរ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​បន្ត​គិតគូរ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ​១៩​។ លោក​ថា ការផ្តល់​ជំនួយ​សង្គម​ពេលនេះ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​បន្តិច​ម្តងៗ​។

លោក​ គិមអេង ថ្លែងថា​៖ «​ខ្ញុំ​មានការ​ត្រេកអរ ដែល​រដ្ឋាភិបាល​នៅ​បន្ត​ជួយ​គាត់ ទោះបី​កូវីដ​រាង​ស្បើយ​បន្តិច​ក៏ដោយ ប៉ុន្តែ​ជីវភាព​ពលរដ្ឋ​នៅតែ​មាន​ការលំបាក​នៅឡើយ​។ អ្នកខ្លះ​មិនទាន់​អាច​ចាប់ផ្តើម​មុខរបរ​បាន​ច្បាស់លាស់ អ្នកខ្លះ​ចាប់ផ្តើម​ហើយ​ដួល​ទៅវិញ ជាពិសេស​អ្នករកស៊ី​តូចតាច​។ អ៊ីចឹង បើ​រដ្ឋ​មិន​ផ្តល់​ការឧបត្ថម្ភ​ទេ បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្លាំងណាស់​»​។

ជាមួយ​គ្នានេះ​ផងដែរ ក្រសួង-​សង្គមកិច្ច ក៏បាន​ស្នើសុំ​ឱ្យ​អ្នក​ទទួលផល​ទាំងអស់​ប្រើប្រាស់​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​ឱ្យបាន​ត្រឹមត្រូវ ដោយ​ចៀសវាង​ការប្រើប្រាស់​ក្នុង​គោលបំណង​បម្រើឱ្យ​អបាយមុខ​ផ្សេងៗ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​កិច្ចអន្តរាគមន៍​ជំនួយ​សង្គម​ជា​សាច់ប្រាក់​នេះ​។ ក្នុងករណី​ពិនិត្យ​រកឃើញ​មាន​អ្នកទទួល​ផល​ប្រើប្រាស់​ខុស​គោលដៅ ក្រសួង​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​អប់រំ​ដល់​អ្នក​ទទួលផល​ទាំងនោះ​ជា​លាយលក្ខណ៍​អក្សរ​។ បើ​ក្នុងករណី​អ្នកទទួល​ផល​ទាំងនោះ នៅ​មិន​រាងចាល​ទេ មេឃុំ​-​ចៅសង្កាត់ ត្រូវ​ធ្វើការ​ប្រជុំ ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព បណ្ណ​ក្រីក្រ​នោះ​ឡើងវិញ​។

ក្រសួង​បញ្ជាក់ថា ក្នុង​ករណី​សាធារណជន​ពិនិត្យឃើញ​មាន​ការដាក់​បញ្ចាំ ឬ​ទទួល​បញ្ចាំ​បណ្ណសមធម៌​នោះ សូម​សាធារណជន​រាយការណ៍​ជូន​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ​-​សង្កាត់ ឬ​នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ​មន្ទីរ​ផែនការ​រាជធានី​-​ខេត្ត​នីមួយៗ ឬ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ព័ត៌មាន ទាន់​ហេតុការណ៍​របស់​មូលនិធិ​ជាតិ​ជំនួយ​សង្គម លេខ​ (០៩២ /០១៥) ២១៩ ៨៨៨ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

ក្រសួង​ក៏បាន​ក្រើនរំឭក​ពលរដ្ឋ​កុំឱ្យ​ចាញ់​បោក​ជនខិលខូច​មួយ​ចំនួន ដែល​បាន​ដើរ​ឃោសនា​បោកប្រាស់​ថា ក្នុង​ករណី​ប្រជាជន​ចង់​បាន​បណ្ណ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ តម្រូវ​ឱ្យ​គ្រួសារ​ក្រីក្រ​ត្រូវ​បង់ប្រាក់​។ ទង្វើ​ខាងលើនេះ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ការផ្តល់​បណ្ណ​ក្រីក្រ​ត្រូវ​បាន​ធ្វើឡើង​តាម​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ និង​យក​កម្រៃ​ណាមួយ​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​ចាប់ផ្ដើម​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ ហើយ​គិត​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ចំនួន ៩ ​ជុំ មាន ២៥​ លើក​រួចមកហើយ​៕