ភ្នំពេញៈ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ព្រមទាំង​មាន​ការ​ចាក់​ស្រោច​វ៉ាក់សាំង​បាន​យ៉ាង​ឆាប់រហ័ស​ផង​នោះ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅរក​ភាព​ធូរស្បើយ​ឡើងវិញ​ពី​ជំងឺ​កូវីដ​ ១៩ ជា​បន្តបន្ទាប់ រហូត​ដល់​អាច​បើក​ដំណើរការ​ប្រទេស​ដូច​ប្រក្រតី​ឡើងវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

ក្រោយពី​បើក​ដំណើរការ​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ រួមទាំង​ការបង្ក​លក្ខណៈ​ងាយស្រួល សម្រាប់​ជនបរទេស​ចូល​មក​កម្ពុជា ដោយ​មិនបាច់​ធ្វើ​ចត្តាឡីស័ក ព្រមទាំង​កត្តា​សុខ​សុវត្ថិភាព​ផង​នោះ ក្រុមហ៊ុន​នាវា​ទេសចរណ៍​កម្ពុជា CroisiEurope បាន​ចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​មុនគេ ដើម្បី​ដឹក​ទេសចរ​ជាតិ​-​អន្តរជាតិ ចូលមក​ទស្សនា​កម្ពុជា វៀតណាម នៅតាម​ផ្លូវទឹក​នៃ​ដង​ទន្លេមេគង្គ​។

លោក ផាន សុបិន តំណាង​ក្រុមហ៊ុន​នាវា​ទេសចរណ៍​កម្ពុជា CroisiEurope ឱ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​បើក​ដំណើរ​ការដឹក​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​កម្ពុជា វៀតណាម តាម​ដង​ទន្លេមេគង្គ​នៅ​ដើមខែ​កក្កដា​នេះ ដោយ​ក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​បើក​ដំណើរការ​ចំនួន​ ២​ នាវា ឆ្លងដែន​ចេញចូល​កម្ពុជា វៀតណាម​។

បើតាម​លោក​ សុបិន នាវា​ចំនួន​ ២ ​គ្រឿង​នោះ​បាន​មកដល់​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​ ២៣ និង​ព្រឹក​ថ្ងៃទី ​២៤ ខែកក្កដា ដោយ​ ១ ​គ្រឿង​ដឹក​អ្នកដំណើរ​ពី​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប និង​ចូល​ចត​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ភ្ញៀវទេសចរ​ចូល​ទស្សនា​ទីតាំង​សំខាន់ៗ​នៃ​រាជធានី​។ រីឯ​ ១ ​គ្រឿង​ទៀត ដឹក​ភ្ញៀវ​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយ​ចូលមក​ទស្សនា​រាជធានី​ភ្នំពេញ​ដូចគ្នា​។ ភ្ញៀវទេសចរ​អន្តរជាតិ​ទាំង​ ២​ នាវា​នេះ សរុប​ជិត​ ៩០​ នាក់ ជា​ជនជាតិ​អូស្ត្រាលី និង​នូវែលសេឡង់​។

លោក Naidah YAZDANI នាយក​ប្រចាំ​អាស៊ី​នៃ​ក្រុមហ៊ុន CroisiEurope ឱ្យដឹងថា កម្ពុជា​ជា​ប្រទេស​ដំបូង​ដែល​បាន​បើក​ឱ្យ​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​ចូលមក​ទស្សនា ដោយ​មិនបាច់​ធ្វើតេស្ត​។ នេះ​គឺជា​ការ​បើក​ឱ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ក៏ដូចជា​បើក​ឱ្យ​ដំណើរការ​ទីផ្សារ​នៃ​វិស័យ​ទេសចរណ៍​ឡើងវិញ​ផងដែរ​។ ខាង​ក្រុមហ៊ុន​បាន​ប្តេជ្ញា​បន្តធ្វើ​ការផ្សព្វផ្សាយ​លើកស្ទួយ​អំពី​ប្រទេស​កម្ពុជា​តាមរយៈ​ពិព័រណ៍​ផ្សេងៗ ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវទេសចរ​មើលឃើញ​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដំណើរ​ការល្អ​ឡើងវិញ ដោយ​កត្តា​សុខ​សុវត្ថិភាព និង​មាន​កន្លែង​កម្សាន្ត​ច្រើន​តាមបែប​វប្បធម៌ និង​ធម្មជាតិ​ស្រស់ស្អាត​។

លោក​ថ្លែងថា​៖ ««CroisiEurope មាន​ដៃគូ​សហការ​ច្រើន​ប្រទេស ដូចជា អាមេរិក អង់គ្លេស បារាំង ជាដើម ដែល​យើង​កំពុងធ្វើការ​ផ្សព្វផ្សាយ​ទិសដៅ​ទេសចរណ៍​។ ជាពិសេស​នៅតាម​ដង​ទន្លេមេគង្គ​វៀតណាម កម្ពុជា​ដែល​មាន​សក្តានុពល​ខ្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​យើង​នឹង​ប្រូម៉ូត​ [​ផ្សព្វផ្សាយ​] ​ធ្វើ​យ៉ាងណា​ឱ្យមាន​ភ្ញៀវ​មក​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​»​។

លោក​លើកឡើង​ថា ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​តាម​នាវា​របស់​លោក​បាន​ជួប​ការលំបាក​ខ្លាំង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ដែល​វិស័យ​ទេសចរណ៍​ទាំងអស់​ដួលរលំ មិនអាច​ដំណើរការ​បាន​។ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ការិយាល័យ​កណ្តាល​ធំ​នៅ​ប្រទេស​បារាំង​ជួយ​គាំទ្រ​លើ​បញ្ហា​ហិរញ្ញវត្ថុ ក្នុង​ការផ្គត់ផ្គង់​មួយចំនួន ទើប​អាច​ថែរក្សា​ដំណើរការ​នាវា និង​បុគ្គលិក​ខ្លះ​បាន​។

ឆ្នាំ​ដំបូង​ក្រុមហ៊ុន​ព្យាយាម​រក្សា​បុគ្គលិក​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន បន្ទាប់ពី​នោះ​ ១ ​ឆ្នាំ​ក៏បាន​ជួប​បញ្ហា​ខ្លះ ដែល​ទាមទារ​ឱ្យ​រំសាយ​បុគ្គលិក​ខ្លះ ព្រោះ​ក្រុមហ៊ុន​មិនដឹង​ថា អាច​ដំណើរ​ការបន្ត​បាន​យូរ​ប៉ុនណា​នោះទេ​។ ហេតុនេះ​រំសាយ​បុគ្គលិក​មួយចំនួន ដើម្បី​ឱ្យ​ពួកគេ​អាច​ស្វែងរក​ការងារ​ផ្សេង​បាន ឬក៏​អាច​ទៅ​ជួប​ជាមួយ​គ្រួសារ​សាច់ញាតិ​របស់​គេ​បាន ព្រោះ​ការធ្វើ​ការងារ​នៅលើ​នាវា មិន​ងាយ​បាន​ឈប់​សម្រាក​នៅផ្ទះ​នោះ​ទេ​។ នេះ​បើតាម​លោក Naidah YAZDANI​។

លោក​ថា ពេល​កូវីដ​ផ្ទុះ​ខ្លាំង នាវា​ទេសចរណ៍​ជាច្រើន​បាន​ជាប់គាំង​នៅ​កណ្តាល​សមុទ្រ ឬ​ទន្លេ​។ ចំណែក​នាវា​របស់​ CroisiEurope ក៏បាន​ជួប​បញ្ហា​ដូចគ្នា​នោះដែរ គឺ​បាន​ជាប់គាំង​នៅ​ប្រទេស​វៀតណាម​ចំនួន​ ៤ ​គ្រឿង ទោះបី​ជា មាន​ការ​អន្តរាគមន៍​ពី​ស្ថានទូត​យ៉ាងណា ក៏​មិន​អាច​ជួយ​បាន​។ ប៉ុន្តែ​សំណាង​ល្អ នៅពេល​ដែល​ក្រុមហ៊ុន​បាន​ទំនាក់​ទំនង​មក​រដ្ឋាភិបាល​កម្ពុជា គឺ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​យ៉ាង​រហ័ស​ក្នុង​ការអនុញ្ញាត​ឱ្យ​នាវា​បាន​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ឱ្យ​អ្នកដំណើរ​អាច​ធ្វើការ​ហោះហើរ​ទៅ​ប្រទេស​ផ្សេងៗ​។ កាយវិការ​ដ៏គួរ​ឱ្យ​ស្ញប់ស្ញែង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការជួយ​ដល់​វិស័យ​ទេសចរណ៍ ដោយ​ការលើក​លែង​ពន្ធ​បន្ត​ ៣ ​ខែ​ទៀត ពិតជា​មាន​ប្រយោជន៍ និង​បាន​ជួយ​វិស័យ​ទេសចរណ៍​យ៉ាង​ច្រើន ខណៈ​វិស័យ​នេះ​ត្រូវការ​ពេលវេលា​មួយរយៈ​ធំ ដើម្បី​ស្តារ​ឱ្យ​ដូចដើម​ឡើងវិញ​។

លោក​ថា​៖ «​ការជួយ​សម្រួល​ក្នុង​ចំណុច​នេះ ជា​កត្តា​ល្អ​មួយ​ដែល​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​អាច​បន្ត​ប្រតិបត្តិការ​ឡើងវិញ​បាន​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​វិធានការ​បន្ថែម សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ដោយ​បាន​ដាក់ចេញ​វិធានការ​សំខាន់ៗ​ ៣ រួមមាន ទី ​១ បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ​(​លើកលែង​តែ​អាករ​លើ​តម្លៃបន្ថែម​) ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​រាជធានី​-​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត គឺ​ចាប់ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២២​។ ទោះយ៉ាងណា អាជីវកម្ម​ទាំងនេះ​នៅតែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT)​ ជា​រៀងរាល់​ខែ​អំឡុង​ពេលនេះ​។

ទី​ ២ បន្ត​ផ្តល់​ការសម្រប​សម្រួល​តាមរយៈ​ការ​បង្កក​តួលេខ​បំណុល​ត្រឹម​ចុងឆ្នាំ​ ២០១៩ និង​មិន​គិតការ​ពិន័យ សម្រាប់​ឆ្នាំ​ ២០២២ សម្រាប់​វិស័យ​ទេសចរណ៍​។ ទី​ ៣ ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​ដោយ​ខ្លួនឯង និង​មាន​លទ្ធភាព​ស្នើសុំ​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​សំណាក់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) តាម​ការចាំបាច់​។

អ្នកស្រី Noriye Oto ភ្ញៀវទេសចរ​មកពី​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ធ្វើ​ដំណើរ​តាម​នាវា CroisiEurope មក​ទស្សនា​កម្ពុជា ឱ្យ​ដឹងថា ការធ្វើ​ដំណើរ​ទេសចរណ៍​តាម​ទន្លេមេគង្គ​មាន​សុវត្ថិភាព​ល្អ ទេសភាព​ស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​បាន​ឃើញ​ផ្ទាល់​ពី​ការរស់នៅ និង​ធ្វើ​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​នៅតាម​ដងទន្លេ​។ អ្នកស្រី​ថា ការធ្វើ​ដំណើរ​លើ​នាវាទេសចរណ៍​មិនមាន​ភាព​ធុញថប់​នោះ​ទេ ព្រោះនេះ​គឺជា​ការឈប់​សម្រាក សម្រាប់​ដំណើរ​កម្សាន្ត ដែល​បានឃើញ​ទេសភាព​ប្លែកៗ​ពី ១ ​កន្លែង​ទៅ ១​ កន្លែង​។ ការធ្វើ​ដំណើរ​តាម​នាវា​នេះ​ជា​វិធី​ល្អ​បំផុត​នាំឱ្យ​ឃើញ​ទេសភាព​ផ្ទាល់​ភ្នែក​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ភ្ញៀវទេសចរ គួរតែ​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា បើសិន​ជា​ចង់​លម្ហែ​អារម្មណ៍​តាម​ទន្លេ គេ​នឹង​ឃើញ​វិធី​រកត្រី​របស់​ពលរដ្ឋ​ក្នុង​ទន្លេ​នឹង​ឃើញ​ភាព​រីកចម្រើន​នៅ​រាជធានី​ភ្នំពេញ​ខុសពី​មុន ហើយ​ពិសេស​លើស​នេះ គឺ​អាច​ទស្សនា​អង្គរវត្ត ដែល​ជា​កន្លែង​អច្ឆរិយៈ​ ១​ លើ​លោក​»​។

អ្នកស្រី​លើក​ទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ទាំងអស់​មក​ទស្សនា​ប្រទេស​កម្ពុជា​តាមដង​ទន្លេមេគង្គ និង​ទន្លេសាប ដោយសារ​ប្រជាជន​ខ្មែរ​មាន​ភាព​រួសរាយ​រាក់ទាក់ ម្ហូបអាហារ​ល្អ ការទទួល​ស្វាគមន៍​បានល្អ​។ លើស​ពីនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​ការរៀបចំ​បាន​ល្អ​ក្នុង​ការសម្រួល​ការធ្វើ​ដំណើរ​ឡើងវិញ ក្រោយពី​បញ្ហា​កូវីដ​ត្រូវបាន​ធូរស្បើយ​។

លោក​ Steven Baron ភ្ញៀវទេសចរ​មកពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​ក៏​បង្ហាញ​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ទេសភាព​តាម​ដង​ទន្លេមេគង្គ​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ដោយសារ​លោក​ទើប​មកលេង​កម្សាន្ត​ជា​លើក​ទី​ ១ និង​មិនទាន់​បាន​ដើរ​ច្រើន​កន្លែង ហេតុនេះ​លោក​មិន​មាន​ការបរិយាយ​ច្រើន​ទេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វៀតណាម និង​កម្ពុជា​ជា​តំបន់​ទេសចរណ៍​ល្អ​មួយ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា ទាំង​វប្បធម៌ ម្ហូបអាហារ និង​ការ​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​»​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក​ តុប សុភ័ក លើកឡើង​ថា ទន្លេមេគង្គ​ជា​តំបន់​មាន​ភាពទាក់ទាញ​មួយ សម្រាប់​កម្ពុជា​ដែល​មាន​សក្តានុពល ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ទេសចរណ៍​ក្នុង​ប្រទេស​ជាមួយ​ប្រទេស​ជិតខាង​។ ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ចូលមក​កម្ពុជា តាមរយៈ​ទន្លេមេគង្គ ក្រសួង​ទេសចរណ៍​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដោយ​មិនមាន​លក្ខខណ្ឌ​តម្រូវ​ច្រើន​ដូច​ពេល​ស្ថានភាព​កូវីដ​រីករាលដាល​ខ្លាំង​នោះទេ​។ សកម្មភាព​សេវា​ទេសចរណ៍​តាម​ទន្លេមេគង្គ​កន្លងមក​បាន​ផ្អាក​មួយរយៈ ដោយសារ​មិនមាន​ភ្ញៀវ​ជិះ​កម្សាន្ត ប៉ុន្តែ​ពេលនេះ​ចាប់ផ្តើម​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ លោក​ថា ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​តាម​ផ្លូវ​ទឹក ក្នុង​ឆ្នាំ​ ២០២២ ​មាន​ការកើនឡើង បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ប៉ុន្តែ​លោក​មិន​ចាំ​ចំនួន​ជាក់លាក់​។

លោក​ថ្លែងថា​៖ «​សំខាន់​នៅ​តាម​ទន្លេ​ជា​សក្តានុពល​មួយ​នៃ​ធនធាន​ជីវចម្រុះ​។ អ៊ីចឹង​ការ​ថែរក្សា​អនាម័យ​នៅតាម​ដង​ទន្លេ​ក៏ដូចជា​ការ​ផ្តល់នូវ​សេវា​ល្អប្រសើរ​នៅលើ​ទូក ឬ​នាវា​ទេសចរណ៍ គឺជា​ភាពទាក់ទាញ​មួយ​ដ៏សំខាន់​ក្នុង​ការធ្វើឱ្យ​ទេសចរ​គាត់​មាន​ភាពសប្បាយ​រីករាយ​កក់ក្តៅ​»​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា រយៈពេល ៦​ ខែ ឆ្នាំ​ ២០២២ នេះ មាន​ទេសចរ​អន្តរជាតិ​ចូល​កម្ពុជា​ជាង​ ៥០​ ម៉ឺន​នាក់​។ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២១ មាន​ការកើនឡើង​ជាង​ ៣០០% តែបើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅមុន​ពេល​កូវីដ​ ១៩ ចំនួន​នេះ​នៅតែ​មាន​ការថយចុះ​ជាង​ ៨០%​។ ក្នុង​ឆ្នាំ​ ២០២២ មើល​តាម​ស្ថានភាព​ជាក់ស្តែង​អាច​ព្យាករ​បាន​ថា កម្ពុជា​អាច​នឹង​ទទួល​ទេសចរ​អន្តរជាតិ ចន្លោះ​ពី ៨០ ​ម៉ឺន ទៅ​ ១​ លាន​នាក់ ឬ​លើសពី​នេះ​តិចតួច អាស្រ័យ​លើ​ស្ថានភាព​ប្រទេស​ជិតខាង និង​ពិភពលោក​ទាំងមូល​។ បច្ចុប្បន្ន វិស័យ​ទេសចរណ៍​នៅតែ​ទទួល​រង​នូវ​ផលប៉ះពាល់ ទោះបី​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​ ក្តី ប៉ុន្តែ​ស្ថានភាព​ទេសចរ​អន្តរជាតិ ដែល​ធ្វើដំណើរ​ចេញ​ជា​សកល នៅ​មិនទាន់​មាន​លក្ខណៈ​ផុលផុស​ច្រើន​នៅ​ឡើយ​ទេ​។ សម្រាប់​កម្ពុជា ក្នុង​ ១ ​ថ្ងៃ​មាន​ប្រមាណ ៥ ០០០ ​នាក់ ក្នុង​ខែកក្កដា​នេះ ដែល​ភ្ញៀវទេសចរ​បាន​ចូលមក​កម្ពុជា​៕