ព្រះសីហនុៈ វត្ថុតាង​គ្រឿង​ញៀន​ជិត​ ៦០​ គីឡូ​ក្រាម ដែល​សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ ​ខេត្តកំពត និង​ខេត្ត​កំពង់​ស្ពឺ ​ប្រមូល​បាន​ពី​ការ​បង្ក្រាប ​ត្រូវបាន​ដុត​កម្ទេច​រួមគ្នា​នៅ​ថ្ងៃទី​ ២៦ ​កក្កដា ​ក្នុង​ខេត្តព្រះ​សីហនុ​ បន្ទាប់ពីតុលា​ការ​បាន​ចេញ​សាល​ដីកា​ស្ថាពរ​។

លោកនាយ​ឧ​ត្ត​ម​សេនី​យ៍ មាស វិរិទ្ធ អគ្គ​លេខាធិ​ការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនដែលជា​អធិបតី​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​ទាំងនេះ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី ២៦ កក្កដាថា គ្រឿង​ញៀន​ដែល​ដុត​បំផ្លាញ​ចោលនាពេល​នេះមាន​ទម្ងន់​ជិត​ ៦០ ​គីឡូ​ក្រាម ដែល​ប្រមូល​បាន​ពី​ខេត្តកំពត ​កំពង់ស្ពឺ និង​ខេត្តព្រះសី​ហនុ។ វត្ថុ​តាង​គ្រឿង​ញៀន​នេះ ​គឺ​បាន​មកពី​ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​នៅក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​នីមួយៗ​ខាងលើ​។ ប៉ុន្តែ​មិន​មែនជា​វត្ថុ​តាង​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ពី​ការ​ផលិត​កែ​ច្នៃ​នោះ​ទេ​។

លោក​បានបញ្ជាក់​ថា កាល​ណា​យក​គ្រឿង​ញៀន​មក​ដុត​កម្ទេច​ចោល​ ទាល់​តែមាន​ដីកា​ស្ថាពរ​ពី​តុលា​ការ។ដូ​ច្នេះ​សំណុំរឿង​គ្រឿង​ញៀន​ខ្លះ​នៅ​ពេល​មិន​ទាន់​មាន​ដីកា​ស្ថាពរ​នៅ​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលា​ការ​កំពូល​ទេ​គឺ​ត្រូវ​រក្សាទុ​ក​សិន​ ព្រោះ​ជន​ល្មើស​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​នោះ ​គាត់​ប្តឹង​តតាំង​ក្តី​គ្នា​ជាមួយ​សមត្ថ​កិច្ច​នៅ​តុលា​ការ​ ដើម្បី​បាន​សម្រាល​ទោស​ឬ​កម្រិត​ទោស​នៅ​ទាប​ជាង​មុន​អ៊ីចឹង​ទៅ។

លោក​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ​បើ​រឿងក្តី​មិន​ទាន់​ចប់​នៅ​តុលា​ការ​គឺ​វត្ថុតាង​បទ​ល្មើស​ក៏​គេ​មិន​ទាន់​យក​មក​ដុត​ដែរ​ទាល់​តែ​ចប់​បាន ១ ឆ្នាំ​ទើប​គេ​ដុត។ ប៉ុន្តែ​រឿង​ខ្លះ​បើ​បរិមាណ​គ្រឿង​ញៀន​នោះ​វា​ច្រើន​ពេក ​ពិ​បាក​ទុក​ដាក់​គេ​រឹបអូស​មុន​ក៏បាន​ដែរ»។

ជា​ញឹកញយ​ បទ​ល្មើស​គ្រឿង​ញៀន​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ដោយ​ចាប់​បាន​ទាំង​ជន​ល្មើស ​និង​គ្រឿង​ញៀន​ដែល​មាន​លក្ខណៈ​ជាការ​វេច​ខ្ចប់​ដុំៗ។ ករណីបែបនេះ​​ត្រូវបាន​លោកនា​យ​ឧ​ត្ត​ម​សេនីយ៍ មាស វិរិទ្ធ បញ្ជាក់​ប្រាប់ថា គ្រឿង​ញៀន​ជាកញ្ចប់ៗ​នោះ​គឺជា​ថ្នាំញៀន​នាំចូល​ឆ្លងដែន​​ពី​តំបន់​ត្រីកោណមា​ស​ ហើយ​ត្រៀម​ចែក​ចាយ​ក្នុងស្រុ​ក​ផង និង​នាំ​ចេញទៅ​ក្រៅប្រ​ទេស​ផង ​ដូច​ជា​ ប្រទេស​វៀ​តណាម​ ប្រទេស​ថៃ​ ជាដើម។

លោកបានបន្តថា ពួក​ឧក្រិដ្ឋ​ជន​ឥឡូវនេះ​ បាន​នាំយក​របស់​ដែល​មិន​ទាន់​ខុសច្បាប់​មក​ទុកដាក់​​នៅ​កន្លែង​ណាមួយ​សិន​។លុះដល់​គាត់​មើល​សភាព​ការណ៍​អាចធ្វើ​ទៅ​បាន​គឺ​គាត់​យក​វត្ថុ​នោះ​មក​ផ្សំ​ចូល​សារធាតុ​គ្នា​ហើយផល​ដែល​កើត​ចេញពី​អំពើ​ផ្សំ​នោះ​កើត​ចេញ​ជា​បទ​ល្មើស​ ហើយ​សមត្ថ​កិច្ច​បង្ក្រាប​។

ទន្ទឹមនឹងនេះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ​មាស វិរិទ្ធ បាន​កោត​សរសើរ​ដល់​សមត្ថ​កិច្ច​គ្រប់ផ្នែក ក៏ដូច​ជា ​ស្ថាប័ន​ច្បាប់​ដែល​បាន​រួមគ្នា​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ហើយ​ជនល្មើស​ពាក់​ព័​ន្ធ​ក៏​ត្រូវបាន​នាំយក​ទៅ​ផ្តន្ទាទោ​ស​ដែរ។ ជាមួយគ្នា​នេះ លោកក៏បាន​​ណែនាំ​ដល់​សហ​គម​ន៍​ឱ្យ​ចូលរួម​គ្រប់​វិធានការ​ដើម្បី​​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀន សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ។

ចំពោះវត្ថុតាង​គ្រឿង​ញៀនដែល​សមត្ថកិច្ចបាន​ដុត​កម្ទេច​ទាំងនោះ សម្រាប់ខេត្ត​ព្រះ​សីហនុមាន​ជាង ២០ គីឡូ​ក្រាម ខេត្ត​កំពង់ស្ពឺមាន​ជាង​ ៣១ គីឡូក្រាម និង​ខេត្ត​កំពតមាន​ជាង​ ៥ គីឡូ​ក្រាម៕