
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសីទសារព័ត៌មានរឿងចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សក្រៅរដ្ឋាភិបាល៕ ហុង មិនា
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) កាលពីម្សិលមិញ បានប្រកាសពីគម្រោងដាក់លិខិតជាផ្លូវការទៅកាន់ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រសហការនិងការចងសម្ព័ន្ធភាពនយោបាយ ដើម្បីរកសំឡេងនៅក្នុងរដ្ឋសភា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។
យោងតាមឯកសារយុទ្ធសាស្ត្រដែលព្រាងដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចែកដល់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចិត្តធ្វើការផ្ដួចផ្ដើមគំនិតឱ្យមានការរួបរួមគ្នា រវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមាននិន្នាការដូចគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិ ២០២៣ ដែលយើងហៅថា សម្ព័ន្ធប្រជាធិបតេយ្យនយោបាយថ្មី ២០២៣ ឬសម្ព័ន្ធភាព ២០២៣»។
ឯកសារនេះបញ្ជាក់ថា៖ «គោលបំណងរយៈពេលខ្លីសម្រាប់ ២០២៣-២០២៧ គណបក្សដែលជាសម្ព័ន្ធភាព ទទួលបានអាសនៈ ក្នុងសភាជាតិដែលតំណាងឱ្យសំឡេង មកពីនិន្នាការនានាក្នុងសង្គមជាតិ។ សម្ព័ន្ធភាពក្លាយជាកម្លាំងនយោបាយពហុបក្សក្នុងសភាជាតិ ដែលការពារមិនឱ្យបក្សណាមួយមានសំឡេងច្រើនដាច់ខាត ឬយ៉ាងហោចណាស់មិនមានសំឡេងគ្រប់ ២ ភាគ ៣ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ»។
ឯកសារនេះក៏បានបង្ហាញពីជម្រើសសម្រាប់ការរួមគ្នារវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដូចជាការបែងចែកមណ្ឌលគ្នាឈរឈ្មោះ ការរួមគ្នាក្រោមឈ្មោះគណបក្សណាមួយ និងការរួមគ្នាបង្កើតគណបក្សថ្មី។ ទោះយ៉ាងណាឯកសារនេះ ក៏បានបង្ហាញពីបញ្ហាប្រឈមដែលនឹងត្រូវពន្យល់ដល់អ្នកគាំទ្រ ការសម្របសម្រួលក្នុងការចែកមណ្ឌលគ្នា ការរៀបចំបេក្ខជន ការរៀបចំគោលនយោបាយនិងការឃោសនា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងដាក់លិខិតទៅកាន់ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សផ្សេងៗទៀត។
លោក យ៉េង វិរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែជាអកុសល នៅក្នុងរដ្ឋសភាបានវិវត្តពីសំឡេងគណបក្សនយោបាយច្រើនមកនៅសល់តែមួយគណបក្សនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ដែលងាយក្នុងការកែរដ្ឋធម្មនុញ្ញបានតាមចិត្ត។
លោកថ្លែងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការជឿជាក់ លើការសហការ។ យើងនឹងដាក់សំណើរបស់យើងទៅគណបក្សនយោបាយ ស្តីពីការចងសម្ព័ន្ធភាពឆ្នាំ ២០២៣ ព្រោះយើងចង់ឱ្យសំឡេងនៅក្នុងរដ្ឋសភា មានសំឡេងពហុបក្ស តំណាងឱ្យនិន្នាការចម្រុះ ការពារសិទ្ធិ ប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យបានល្អ»។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែកក្កដាថា ជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជំរុញ ឱ្យមានការចងសម្ព័ន្ធភាពគណបក្សក្រៅរដ្ឋាភិបាលដើម្បីចូលរួមបោះឆ្នោតឆ្នាំ ២០២៣ ប៉ុន្តែសម្ព័ន្ធភាពនេះ មិនដឹងថា គណបក្សភ្លើងទៀន ដែលជាគណបក្សធំចូលរួមតាមសំណើរបស់គណបក្សនេះដែរឬទេ។
លោកថ្លែងថា៖ «តាមខ្ញុំយល់ បើបង្កើតឱ្យទៅជាគណបក្សថ្មីមួយប្រហែលជាមិនងាយនោះទេ ព្រោះគណបក្សភ្លើងទៀនមិនអាចមកបង្កើតគណបក្សថ្មីទេ ប៉ុន្តែ បើត្រឹមសម្ព័ន្ធភាព គណបក្សនេះ អាចនឹងជជែកគ្នាបាន។ យ៉ាងណា ខ្ញុំថា គណបក្សដែលតូចគួរតែជជែកគ្នាមុនសិន មុននឹងទៅជជែកជាមួយនឹងគណបក្សភ្លើងទៀន»។
នៅថ្ងៃទី ២៦ ខែកក្កដា ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន សុំធ្វើអត្ថាធិប្បាយបន្ថែមបានទេជុំវិញការដាក់សំណើចងសម្ព័ន្ធភាពនេះ។ ប៉ុន្តែ លោកធ្លាប់ថ្លែងថា គណបក្សភ្លើងទៀនមិនទាន់បានគិតពីការបង្រួបបង្រួម ឬចងសម្ព័ន្ធភាពនៅឡើយទេមកដល់ពេលនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែកក្កដាថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយជាមួយនឹងគណបក្សនយោបាយនេះអាស្រ័យទៅលើសិទ្ធិរបស់ គណបក្សទាំងនោះយល់ព្រម ឬមិនព្រម ប៉ុន្តែការចងសម្ព័ន្ធភាព ក៏មិនមានអ្វីប្លែក និងគួរឱ្យចាប់អារម្មណ៍ដែរ។
លោកថ្លែងថា៖ «ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ សមាជិកគណបក្សនេះ បានបែកខ្ញែកទៅបង្កើតបក្សផ្សេង ប៉ុន្តែក្រោយចាញ់ទៀត ក៏គេមកចង់ចងសម្ព័ន្ធភាពទៀត វាដូចគ្នាទេ អ្នកចាញ់នៅតែអ្នកចាញ់ដដែលទេ»។
លោក គង់ គាំ ប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សំណើសម្ព័ន្ធភាពនយោបាយ ឆ្នាំ ២០២៣ នេះ គណបក្សឆន្ទៈខ្មែរ មិនទាន់ទទួលបានលិខិតពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឡើយទេ ប៉ុន្តែក៏បានជជែកគ្នារួចហើយ ពាក់ព័ន្ធនឹងសំណើទាំង៣ គឺការចែកមណ្ឌលគ្នាឈរឈ្មោះ ការរួមគ្នានៅក្រោមឈ្មោះគណបក្សនយោបាយណាមួយ និងការរួមគ្នា បង្កើតគណបក្សថ្មី។
លោកបន្តថា «ក្នុងចំណោមទាំងបីនេះ ខ្ញុំបានពិចារណាថា បើទៅជ្រោកក្រោមស្លាកគណបក្សណាដែលមានសំឡេងច្រើន ដូចជាគណបក្សភ្លើងទៀន គឺមានភាពងាយស្រួលជាង»។
លោក សោម សូរីដា អ្នកនាំពាក្យគជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នោថ្ងៃទី ២៦ ខែកក្កដាថា អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០២៣ មិនមានការប្រែប្រួលនោះទេរហូតមកដល់ពេលនេះ គឺនៅមាន ១២៥ អាសនៈដដែល៕
វីដេអូ៖