
លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអក ២ អាណត្តិនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រូបថត ហ្វេសប៊ុក
ព្រៃវែងៈ លោកស្រី ហេង ស្រីពៅ រស់នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបន្តជាប់ឆ្នោតជាមេឃុំនៃឃុំកន្សោមអក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២ បន្តទៀត ដោយសារតែលោកស្រីបានខិតខំជួយដោះស្រាយវិបត្តិស្ត្រី ក្នុងឃុំបានច្រើន ដែលជាកិច្ចការមួយក្នុងចំណោមកិច្ចការស្នូលផ្សេងៗទៀត។
ក្នុងត្រកូលជាកសិករ និងជាកូនពៅក្នុងគ្រួសារ ដែលមានបងប្អូនប្រុសស្រីចំនួន ៤ នាក់ និងស្លាប់ម្នាក់ លោកស្រី ហេង ស្រីពៅ កើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៧០។ លោកស្រីមានជីវភាពលំបាកយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណា លោកស្រីបានព្យាយាមខិតខំធ្វើការគ្រប់មធ្យោបាយ ទើបបានក្លាយជាមេឃុំនៅពេលនេះ។
ប្រវត្តិការសិក្សា
កាលពីនៅជាយុវតី ទសវត្សរ៍ទី ៨០ លោកស្រីបានជួយលក់នំត្នោតម្តាយ ដើម្បីបានលុយខ្លះយកទៅចំណាយលើការសិក្សា។ ពេលនោះ លោកស្រីមានត្រឹមតែ ១ កាក់ ឬ ២ កាក់ប៉ុណ្ណោះ យកទៅសាលា និងពេលខ្លះក៏មិនមានដែរ ដោយសារបងប្អូនប្រុស ២ នាក់ទៀតរបស់លោកស្រីសុទ្ធតែរៀនទាំងអស់គ្នា។ ក្នុងការសិក្សារៀនសូត្រ មានតែកង់កញ្ចាស់ ១ គ្រឿងជិះប្តូរវេនគ្នាក្នុងចំណោមបងប្អូន ៣ នាក់ ព្រោះឪពុកម្តាយរបស់លោកស្រីជាកសិករ និងដីស្រែក៏មានចំនួនតិច បានធ្វើឱ្យជីវភាពនៅពេលនោះមានការលំបាក។
លោកស្រីចាប់ផ្តើមចូលរៀនតាំងពីឆ្នាំ ១៩៧៩ ក្រោយពីកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតដល់បានបញ្ចប់ថ្នាក់បឋមភូមិថ្នាក់ទី ៧ ដោយទទួលបានសញ្ញាបត្រឌីប្លូមនៅឆ្នាំ ១៩៨៦។ បន្ទាប់មកបានទៅរៀននៅឯទីរួមខេត្តព្រៃវែងបាន ១ ឆ្នាំ លោកស្រីក៏បានរៀបការតាំងពីពេលនោះ ដែលបច្ចុប្បន្នលោកស្រីមានកូនប្រុសស្រីចំនួន ៣ នាក់។
បើតាមលោកស្រីមេឃុំក្នុងអារម្មណ៍រាល់ថ្ងៃនេះ លោកស្រីចង់បន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ដូចគេ ប៉ុន្តែដោយសារលោកស្រីមានវ័យចាស់ ធ្វើឱ្យពិបាកក្នុងការបន្តការសិក្សា ដែលបច្ចុប្បន្ន លោកស្រីមានអាយុ ៥២ ឆ្នាំហើយ។ លោកស្រីមានអារម្មណ៍សោកស្តាយចំពោះការសិក្សា ដោយសារតែពេលនោះស្ថានភាពគ្រួសារមានជីវភាពក្រីក្រ ឪពុកម្តាយ មិនមានលុយឱ្យកូនរៀនបន្តបានទៅមុខទៀត។ បើសិនជាជីវភាពធូរធារ ដូចបច្ចុប្បន្ន លោកស្រីនឹងបន្តការសិក្សាឱ្យបានបញ្ចប់ថ្នាក់ខ្ពស់ដូចគេ។
សកម្មភាពបម្រើការងារ
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី ៧ ក្នុងវ័យ ២១ ឆ្នាំ លោកស្រីចាប់ផ្តើមបម្រើការងារក្នុងសមាគមនារីភូមិ។ ចាប់តាំងពីពេលនោះមក ចាស់ៗព្រឹទ្ធាចារ្យក្នុងភូមិបានស្រឡាញ់ចូលចិត្ត និងគាំទ្រលោកស្រីច្រើន ក៏ឱ្យលោកស្រីមកធ្វើការក្នុងសមាគមនារីឃុំ និងបានបម្រើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។ លុះមកដល់ឆ្នាំ ២០០៧ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ២ ក៏ចាស់ៗព្រឹទ្ធាចារ្យបន្តគាំទ្រ និងលើកទឹកចិត្តឱ្យលោកស្រីឈរឈ្មោះជាក្រុមប្រឹក្សាឃុំ ក៏ជាប់ជាក្រុមប្រឹក្សាឃុំ។ ហេតុដូច្នេះហើយ ទើបលោកស្រីមានឱកាសប្រឡូកក្នុងនយោបាយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា តាំងពីពេលនោះរហូតដល់បច្ចុប្បន្ន។
លោកស្រី ហេង ស្រីពៅ បានបម្រើការងារជាក្រុមប្រឹក្សាឃុំចំនួន ២ អាណត្តិ ចាប់តាំងពីឆ្នាំ ២០១៧ មក ដែលពេលនោះ លោកស្រីបានឈរឈ្មោះជាមេឃុំ ក៏បានជាប់ឆ្នោតជាមេឃុំ។ លុះដល់អាណត្តិទី ៥ ឆ្នាំ ២០២២ ក៏បន្តជាប់ឆ្នោតជាមេឃុំទៀត។
ការងារជាមេឃុំ
ក្នុងនាមជាស្ត្រីមេឃុំ លោកស្រី ហេង ស្រីពៅ មានមោទនភាពយ៉ាងក្រៃលែងដែលជាប់ឆ្នោតជាមេឃុំបន្តទៀតនេះ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យក្នុងឃុំ។ លោកស្រីលើកឡើងថា លោកស្រីបានខិតខំប្រឹងប្រែងចាប់តាំងពីដើមរហូតមក មិនអត់ប្រយោជន៍នោះទេ ហើយក៏មិនដែលស្រមៃថា លោកស្រីធ្វើការងារបានរហូតមកទល់ពេលនេះដែរ ព្រោះលោកស្រីរៀនបានតិចតួច បើធៀបជាមួយអ្នកផ្សេង។
ការងារដែលលោកស្រីទទួលបាននេះ លោកស្រីចាត់ទុកជាវាសនា និងជាមោទនភាពមួយ សម្រាប់ធ្វើការផ្សព្វផ្សាយឱ្យស្ត្រីគ្រប់រូបក្នុងភូមិឃុំរបស់លោកស្រី ដើម្បីពួកគេខិតខំប្រឹងប្រែងដូចលោកស្រី ដោយកុំខ្លាចភាពនឿយហត់។ ជាក់ស្តែង លោកស្រីធ្វើការងារតាំងពីក្រីក្រ និងគ្មានអ្វីៗទាំងអស់ និងមិនទាន់យល់ដឹងច្បាស់លាស់រហូតទទួលបានការយល់ដឹងដូចគេ។
ក្រៅតែពីតួនាទីជាមេឃុំផ្តល់សេវាតាមតម្រូវការ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនោះ លោកស្រីតែងតែចុះទៅតាមភូមិ ផ្សព្វផ្សាយ លើកទឹកចិត្តឱ្យក្មេងស្រីនៅក្នុងឃុំ ខិតខំប្រឹងប្រែងរៀនសូត្រទាំងភាសាខ្មែរ និងភាសាបរទេស ហើយត្រូវធ្វើការឱ្យដូចបុរស។ បើបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា មិនមានអ្វីខុសគ្នានោះទេ ដោយចាប់ផ្តើមធ្វើកិច្ចការងារក្នុងឃុំ ឬការងារយុវជន។ ព្រោះនៅតាមបណ្តាប្រទេសនានា មានស្ត្រីជាថ្នាក់ដឹកនាំ និងនៅកម្ពុជាក៏សម្បូរថ្នាក់ដឹកនាំស្ត្រីធំៗច្រើនដែរ។ ដោយមើលពីគំរូលោកស្រីមានក្មេងស្រីជាច្រើនបានខិតខំប្រឹងប្រែងរៀនសូត្រ។
ទិសដៅអនុវត្តកិច្ចការងារឃុំ
សម្រាប់អាណត្តិថ្មីនេះ ទិសដៅដែលត្រូវអនុវត្ត គឺលោកស្រីនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវលំ លូបង្ហូរទឹក និងជួសជុលផ្លូវផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងបន្ថែមទៀត។ ការងារសំខាន់មួយទៀត លោកស្រីយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ការងារមនុស្សធម៌ ដើម្បីជួយដល់ជនក្រីក្រ ទុរគតជន ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ និងស្ត្រីមានវិបត្តិ និងប្រជាពលរដ្ឋមានជំងឺផ្សេងៗទៀត។ ពីមុន លោកស្រីក៏បានធ្វើការងារនេះដែរ ហើយក៏នឹងបន្តកិច្ចការងារនេះបន្ថែមទៀត ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំ។
ក្នុងអាណត្តិថ្មីនេះ បេក្ខជនជាប់ឆ្នោតមានចំនួន ៩ រូប និង ៩ អាសនៈ ក្នុងចំណោមនោះមានតែលោកស្រីម្នាក់ប៉ុណ្ណោះ ដែលជាស្ត្រីក្នុងនយោបាយមូលដ្ឋានឃុំកន្សោមអកនេះ ខណៈសមាជិក ៨ រូប មកពីគណបក្សប្រជាជនកម្ពុជារួមទាំងលោកស្រី និង ១ រូបមកពីគណបក្សភ្លើងទៀន។
ក្នុងការដឹកនាំរដ្ឋបាលឃុំ បើតាមលោកស្រី ហេង ស្រីពៅ លោកស្រីនឹងប្រឹងប្រែងធ្វើការឱ្យពលរដ្ឋមានទំនុកចិត្ត ទាំងការផ្តល់សេវា និងទាំងការនិយាយស្តីមិនកុហក និងបើមានកិច្ចការងារចាំបាច់ គឺត្រូវចុះទៅដល់ផ្ទះរបស់ពួកគាត់។ ម្យ៉ាងទៀត ក្នុងអារម្មណ៍របស់លោកស្រីរាល់ថ្ងៃដូចជាមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះបើតាមស្ត្រីមេឃុំរូបនេះ លោកស្រីមានសមត្ថភាព ហើយអភិវឌ្ឍអ្វីមួយតែងតែទទួលបានជោគជ័យ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំដូចជាអត់មានភ័យថា យើងស្រីម្នាក់ឯង ហើយក្រុមការងារយើងសុទ្ធតែប្រុស អត់មានការភ័យខ្លាចអ្វីផង។ ប៉ុន្តែពេលខ្លះក៏មានអារម្មណ៍ថា គាត់អត់ស្តាប់យើងដែរ ព្រោះយើងជាស្រី ហើយក្រុមប្រឹក្សាឃុំភាគច្រើនមានវ័យចាស់ជាង និងជាប្រុសទៀត។ យើងមានអារម្មណ៍ថា នៅពេលដែលយើងនិយាយទៅប៉ះពាល់លើគាត់ ខ្លាចគាត់ខឹង ឬគាត់មិនស្តាប់យើង។ ប៉ុន្តែយើងនៅតែព្យាយាមពន្យល់ឱ្យគាត់ស្តាប់ហេតុផល ស្តាប់យើងទាល់តែបានមានការសាមគ្គី និងមិនឱ្យមានភាពល្អក់កករ»។
ទោះជាយ៉ាងណា បើតាមស្ត្រីមេឃុំរូបនេះក្នុងតំណែងជាមេឃុំ ទៀតសោត លោកស្រី ហេង ស្រីពៅ ក៏ទទួលបាននូវការរិះគន់ ការមាក់ងាយ និងរើសអើងចំពោះលោកស្រីដែរ ដោយមានការរិះគន់ថា ស្ត្រីមិនអាចដឹកនាំជាមេឃុំបានទេ ដោយមានភាពយឺតយ៉ាវក្នុងការបំពេញការងារ។ ប៉ុន្តែជាស្ត្រីម្នាក់ លោកស្រីបានលះបង់ពេលវេលានៅជាមួយក្រុមគ្រួសារមកបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានគ្រប់ពេលវេលា មិនថាយប់ ឬថ្ងៃនោះទេ ពោលគឺធ្វើការដូចជាបុរសដែរ។
លោកស្រី ហេង ស្រីពៅ និយាយ ថា ក្នុងនាមលោកស្រី ជាមេឃុំ-ស្ត្រី ពិតជាមានសារៈសំខាន់ និងបានយល់ដឹងពីទុក្ខលំបាក និងជួយស្ត្រីបានច្រើន ព្រោះស្ត្រីយល់ចិត្តស្ត្រីច្រើនជាងបុរស។ លោកស្រីតែងតែចុះទៅតាមបណ្តាភូមិទាំង ៩ នៃឃុំកន្សោមអក ហើយក្នុងតួនាទីជាមេឃុំ លោកស្រីអាចមានភាពស្និទ្ធស្នាលជាមួយស្ត្រីៗច្រើនជាងបុរស។ ពេលខ្លះ ស្ត្រីមិនបង្ហាញប្រាប់បុរសនោះទេ ប៉ុន្តែពួកគេត្រូវហៅលោកស្រីទៅប្រាប់ពីទុក្ខលំបាកផ្សេងៗ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំជាស្ត្រីមានភាពស្និទ្ធស្នាលជាមួយស្ត្រីដូចគ្នា និងធ្វើការងារនេះបានច្រើនហើយជោគជ័យ។ ខ្ញុំជាប់ជាមេឃុំនេះបានជួយស្ត្រីច្រើន។ ដូច្នេះកុំឱ្យមានការរើសអើង ប្រើប្រាស់អំពើហិង្សាលើស្ត្រី។ គួរលើកទឹកចិត្តស្ត្រី និងផ្តល់ឱកាសឱ្យស្ត្រី ដើម្បីបំពេញការងារអភិវឌ្ឍន៍ប្រទេសជាតិ»៕