
យុវជនរំលោភសម្លាប់នៅខេត្តឧត្ដរមានជ័យពេលចាប់ខ្លួន កាលពីខែមេសា។ រូបថត ប៉ូលិស
ភ្នំពេញៈ បទល្មើសផ្សេងៗដែលប្រព្រឹត្តដោយយុវវ័យនៅកម្ពុជាត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្ដបន្ទាប់ ហើយមូលហេតុនៃអំពើទាំងនោះ ត្រូវបានអ្នកតាមដានបញ្ហាយុវជនមើលឃើញថា បណ្ដាលមកពីកត្តាជាច្រើនក្នុងនោះរួមមាន កត្តាគ្រួសារ កត្តាអប់រំ កត្តាសេពគប់ និងកត្តាសង្គមផ្សេងៗផងដែរ។
ករណីដូចជា យុវជន ភាក់ សីហា ដែលទើបតែមានវ័យ ១៨ ឆ្នាំ និងយុវជន ភាជ សុជាតិ អាយុ ១៧ ឆ្នាំ រួមជាមួយមិត្តភក្ដិរបស់គេម្នាក់ទៀតឈ្មោះ ត្រយ ចិត្រា អាយុ ១៥ ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការខេត្តឧត្តរមានជ័យឃុំខ្លួនក្នុងពន្ធនាគារខេត្ត កាលពីខែមេសា ឆ្នាំ ២០២២។
ការឃុំខ្លួនយុវជនទាំង ៣ នាក់ ដោយសារពួកគេព្រួតគ្នាចាប់រំលោភសេពសន្ថវៈរួចសម្លាប់យុវតីម្នាក់ដែលជាមនុស្សស្គាល់គ្នា ឈ្មោះ ឡ.គ.ឡ វ័យ ១៧ ឆ្នាំ ប្រព្រឹត្តនៅខែមេសាដដែលនោះ ទាំងយុវតីរងគ្រោះ និងក្រុមយុវជនទាំង ៣ នាក់ រស់នៅសង្កាត់កូនក្រៀល និងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជួន សួ ស្នងការរងនគរបាលព្រហ្មទណ្ឌខេត្តឧត្តរមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយពីចាប់ខ្លួនយុវជនទាំង ៣ នាក់នោះថា នៅពេលប្រទះឃើញសាកសព មុនដំបូងសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនល្មើសបានទេ ព្រោះពួកគេសម្លាប់យុវតីរងគ្រោះពេលយប់ដើម្បីបំបិទដាន ដោយសារយុវតីរងគ្រោះជាមនុស្សស្គាល់គ្នាជាមួយក្រុមជនល្មើស។
លោកថ្លែងថា៖ «យើងបានប្រើជំនាញរបស់យើង ៤ ថ្ងៃ ទើបចាប់ជនសង្ស័យបានទាំងអស់។ បើយើងឃើញសភាពដែលយុវតីនោះស្លាប់ គឺក្រុមជនសង្ស័យជាមនុស្សឃោរឃៅណាស់ ព្រោះនាងស្លាប់ទាំងអាក្រាតកាយ»។
លោកបន្តថា ក្រុមជនល្មើសបានឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ១៥ មេសា ពួកគេមានគ្នា ៣ នាក់ បានជិះម៉ូតូ ២ គ្រឿង ឌុបនារីរងគ្រោះទៅដើរលេងនៅក្រុងសំរោងរហូតដល់យប់។ បន្ទាប់មកពួកគេបាននាំនារីរងគ្រោះទៅរាំធុងបាសនៅមុខផ្សារចម្ការក្រុងសំរោង។ ក្រោយពីរាំធុងបាសចប់នៅម៉ោងប្រហែល ១០ យប់ ពួកគេបានបែកគ្នាពីនារីរងគ្រោះ ប៉ុន្តែចៃដន្យនៅពេលកំពុងត្រឡប់មកផ្ទះវិញ ពួកគេក៏បានជួបនាងនៅពាក់កណ្តាលផ្លូវ។
ដោយសារយប់ស្ងាត់ ហើយនៅតាមផ្លូវគ្មានមនុស្សដើរ ទើបពួកគេបែកគំនិតរួមគ្នាចាប់យុវតីរងគ្រោះរំលោភបានសម្រេចម្នាក់ម្តងៗ។ ប៉ុន្តែដោយខ្លាចបែកការណ៍ ពួកគេក៏យកឈើជ្រុងវាយក្បាលនាងពីក្រោយរហូតស្លាប់ទាំងអាក្រាតកាយ រួចនាំគ្នាសែងសពយកទៅប្លុងចោលនៅមាត់ច្រាំងទឹកអូរមួយដែលនៅមិនឆ្ងាយពីទីតាំងសម្លាប់ហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។
លោកបានស្រង់សម្តីដើមរបស់យុវជនទាំង ៣ នាក់ថា៖ «ពួកខ្ញុំទាំង ៣ នាក់ បានធ្វើសកម្មភាពស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ខណៈនាងកំពុងដើរទៅផ្ទះម្នាក់ឯង។ ពេលនោះពួកខ្ញុំយកនាងទៅរំលោភរួចវាយសម្លាប់
ចោលព្រោះខ្លាចនាងប្រាប់គេ»។
បទល្មើសរបស់យុវជនទាំង ៣ ខាងលើនេះ គ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមករណីផ្សេងទៀត ដែលបានកើតឡើងនៅក្នុងសង្គមកម្ពុជា ហើយតាមរយៈនេះ បានបង្ហាញពីភាពចុះខ្សោយខាងសីលធម៌ឬអត្តចរិតរបស់
យុវជនដ៏គួរឱ្យបារម្ភ ដែលតិច ឬច្រើនវាពិតជាមានមូលហេតុរបស់វាទើបអាចជំរុញពួកគេឱ្យប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបែបនេះឡើង។
ពាក់ព័ន្ធស្ថានភាពយុវជនក្នុងសង្គមកម្ពុជាបច្ចុប្បន្ន លោកស្រី ចាន់ រ៉ាមី នាយិកា ប្រតិបត្តិនៃសមាគមបណ្តាញ យុវជនកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើងមិនអាចមើលឃើញតែ ១ ជ្រុងពីអត្តចរិតក៏ដូចជា ការធ្វើសកម្មភាពដ៏ឃោរឃៅរបស់យុវជនមួយចំនួននោះបានទេ ក៏ប៉ុន្តែអ្វីៗមានឫសគល់របស់វា»។
សម្រាប់លោកស្រីវិញយល់ឃើញថា បើយើងគិតមួយភ្លែតហើយបន្ទោសលើក្រុមយុវជនទាំងនោះក៏មិនកើតដែរ ប៉ុន្តែត្រូវមើលចាប់តាំងពីដំណាក់កាលពួកគេរស់នៅក្នុងបន្ទុកគ្រួសារ ដំណាក់កាលសិក្សាក្នុងសាលារៀន និងកម្រិតនៃការចូលរួមរបស់យុវជននៅក្នុងសង្គម។ ពាក់ព័ន្ធនឹងប្រព័ន្ធអប់រំថា តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យយុវជនដែលរស់នៅក្នុងសង្គមក្លាយជាមនុស្សមានឥរិយាបថល្អ និងចេះស្វែងយល់ពីតួនាទីរបស់ខ្លួន?
លោកស្រីថ្លែងថា៖ «ខ្ញុំគិតថាតិចឬច្រើននៅពេលដែលយុវជនវ័យក្មេងៗគាត់ធ្វើសកម្មភាពណាមួយដែលវាខុសពីតម្លៃដែលយើងមើលឃើញ ហើយនេះជាតួនាទីរបស់ក្រុមគ្រួសាររបស់សាលារៀន និងស្ថាប័នអ្នកពាក់ព័ន្ធក្នុងការចូលរួម។ យើងមិនអាចគិតថា គ្រាន់តែគាត់ទៅរៀនវាគ្រប់គ្រាន់ទេ ប៉ុន្តែគួរមើលពីកម្រិតគ្រួសាររបស់គាត់រស់នៅយ៉ាងដូចម្តេច? បរិយាកាសសង្គមយ៉ាងដូចម្តេច? ប្រព័ន្ធសារព័ត៌មានមានឥទ្ធិពលយ៉ាងដូចម្តេចក្នុងការអប់រំយុវជនយុវតីវ័យក្មេងៗឱ្យគាត់ក្លាយទៅជាគំរូភាពសម្រាប់អ្នកដទៃ? ជាពិសេសគ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាដែលអាហ្នឹងយើងត្រូវមើលជារួម»។
លោកស្រីនាយិកាបន្តទៀតថា ពេលខ្លះមិនចាំបាច់តែឪពុកម្តាយវាយកូនទើបហៅថា ប្រើអំពើហិង្សានោះទេ តែការជេរប្រមាថជាពាក្យសម្តីស្តីបន្ទោសឱ្យកូនក៏ជាអំពើហិង្សាដែរ។ តាមរយៈការប្រើសម្តីហិង្សានេះបានធ្វើឱ្យកូនៗមានអារម្មណ៍តានតឹង ខណៈដែលឪពុកម្តាយមិនបានព្យាយាមស្វែងយល់ពីបញ្ហា និងពីតម្រូវការរបស់កូននៅសាលារៀន គឺគាត់ទទួលឥទ្ធិពលច្រើននៅក្នុងថ្នាក់។ គាត់មានមិត្តភក្តិគាត់រាប់អានជាមួយអ្នកដទៃល្អ ឬអាក្រក់ ដែលគាត់ត្រូវទទួលរងនូវសម្ពាធ។
នៅពេលសួរថា តើគួរមានដំណោះស្រាយយ៉ាងណានៅពេលដែលយុវជនជួបបញ្ហា? លោកស្រីនាយិកាបានពន្យល់ថា បញ្ហាដំបូងចេញពីគ្រួសារ ក្នុងការអប់រំកូនឱ្យមានតម្លៃសម្រាប់ខ្លួនឯងឱ្យមានឥរិយាបថល្អ។ ម្យ៉ាងថា តើរដ្ឋាភិបាលធ្វើយ៉ាងម៉េច ដើម្បីចូលរួមជំរុញឪពុកម្តាយឱ្យពួកគាត់ស្វែងយល់ពីការអប់រំកូន។ ករណីមួយទៀតប្រព័ន្ធអប់រំនៅសាលារៀនថា តើតាំងពីថ្នាក់មត្តេយ្យរហូតដល់ចប់វិទ្យាល័យ ឬក៏ឧត្តមសិក្សាហ្នឹងមានអ្វីខ្លះដែលជាគម្លាតដល់យុវជន? ទាក់ទងទៅនឹងគ្រឿងស្រវឹង គ្រឿងញៀន រួមទាំងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមខ្លះបានបង្ហាញនូវរូបភាពសាហាវៗ និងការសរសេរបង្កប់នូវពាក្យឃោរឃៅបានធ្វើឱ្យមនុស្សចេះតែតាមដាន។
លោកស្រីបានឱ្យដឹងថា សមាគមបណ្តាញយុវជនកម្ពុជាបានធ្វើការជាមួយយុវជនអាយុពី ១៨ ឆ្នាំដល់អាយុ ៣០ ឆ្នាំ និងបានបណ្តុះបណ្តាលពួកគេឱ្យយល់ពីតួនាទីរបស់ខ្លួននៅក្នុងសង្គមប្រជាធិបតេយ្យ ការចូលរួមអភិវឌ្ឍសង្គមដោយឱ្យពួកគាត់ស្វែងយល់ពីការអនុវត្តសិទ្ធិពលរដ្ឋសិទ្ធិធ្វើនយោបាយ។ ក្នុងនាមជាយុវជនក្នុងសង្គមប្រជាធិបតេយ្យត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យក្លាយទៅជាពលរដ្ឋល្អ។ សមាគមក៏មានការបណ្តុះបណ្តាលយុវជនឱ្យមានការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ និងធ្វើជាគំរូដល់យុវជនដទៃទៀត និងក្លាយជាយុវជនដែលមានឥរិយាបថល្អ និងចេះស្វែងយល់ពីតួនាទីរបស់ខ្លួន។
លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងដែរថា គ្រប់យ៉ាងដែលកើតឡើងនេះ បណ្ដាលមកពីសីលធម៌ក្នុងសង្គម និងសង្គមគ្រួសារបានធ្លាក់ចុះ ដោយសារកត្តាអប់រំរបស់សមាជិកក្នុងគ្រួសារនៅមានកម្រិតទាប និងបណ្ដាលមកពីការអប់រំគ្នាទៅវិញទៅមកពិបាកទទួលយកបាន។
លោកបានបន្តថា ក្រៅពីកត្តាខាងលើនេះ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព មិនទទួលបានលទ្ធផលដូចការគ្រោងទុក។ នេះជាបញ្ហារបស់មន្ត្រីក្នុងសហគមន៍ មន្ត្រីភូមិ មន្ត្រីឃុំ-សង្កាត់ និងក្រុមប្រឹក្សាឃុំ ក្នុងការអនុវត្តតួនាទីរបស់ខ្លួនសម្រាប់មូលដ្ឋាន។ បញ្ហារបស់យុវជនមួយចំនួនលោកក៏សង្កេតឃើញដែរថា មានខ្លះដែលបានក្លាយជាក្មេងទំនើងនោះ គឺអាចមិនស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយ ឬអាណាព្យាបាល។ ភាគច្រើនមកពី
ក្មេងៗទាំងនោះមិនទទួលបានភាពកក់ក្ដៅពីគ្រួសារ ឬរងសម្ពាធអ្វីមួយដោយអយុត្តិធម៌ ហើយបែរមកស្ដាប់អ្នកដទៃខាងក្រៅផ្ទះដែលឆ្លៀតឱកាសលើកទឹកចិត្តគាត់ ជួយគាត់ ដោយមិនបានពិចារណាលើគោលដៅនៃអ្នកជួយទាំងនោះថា តើគេចង់បានអ្វីពីពួកក្មេងៗទាំងនោះ។
លោក សុជាតិ ថា៖ «យុវជនដែលទទួលបានការអប់រំល្អផ្នែកចំណេះដឹង តែខ្វះខាតផ្នែកសីលធម៌ សុជីវធម៌ និងខ្វះសណ្ដាប់ធ្នាប់នៅក្នុងជីវិត ដេក ដើរ ឈរ អង្គុយ តែងតែមុជទៅក្រោមមិនបានជ្រៅ សម្លឹងទៅមុខមិនបានឆ្ងាយ»។
ទាក់ទងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃទី ២៦ កក្កដាថា ស្មារតីនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានន័យថា ភូមិឃុំគ្មានអំពើល្មើស ភូមិឃុំគ្មានអំពើហិង្សា គ្មានបទល្មើសគ្រឿងញៀន គ្មានអំពើចោរលួចឆក់ប្លន់អីទាំងអស់។ ក៏ប៉ុន្តែការអនុវត្តមិនល្អឥតខ្ចោះនោះទេ។
លោកថ្លែងថា៖ «យើងមិនទាន់ថាល្អឥតខ្ចោះនោះទេ ហើយនៅលើពិភពលោកនេះគ្មានប្រទេសណាគ្មានបទល្មើសទេ តែគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។
មានភូមិឃុំអត់មានបទល្មើសក៏គេហៅថា ភូមិឃុំមានសុវត្ថិភាព ភូមិឃុំដែលមានបទល្មើសតិចហើយបង្ក្រាបបានក៏គេហៅថា ភូមិឃុំមានសុវត្ថិភាពដែរតែគេមានចំណាត់ថ្នាក់របស់គេ»។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ និងជាព្រះមេគណរាជធានីភ្នំពេញមានសង្ឃដីកាថា ពាក់ព័ន្ធបញ្ហាយុវជននេះនៅតាមក្រសួង ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងតាមបណ្តាញសង្គមឃើញមានផ្សព្វផ្សាយអប់រំញឹកញាប់ណាស់។ ប៉ុន្តែយុវជនសម័យថ្មីនេះមិនសូវចូលចិត្តអាន ឬដឹងពីរឿងណាល្អៗទេ ពោលគឺដើម្បីចង់ក្លាយជាមនុស្សល្អ ទាល់តែគេចពីអ្វីដែលអាក្រក់ៗដែលនាំឱ្យយើងដើរផ្លូវខុស។ ហេតុដូច្នេះហើយទាល់តែយើងគេច និងខិតខំស្វែងរកពួកសប្បុរស មានន័យថា អ្នកដែលគេចូលចិត្តរៀនសូត្រ មានការគោរពឪពុកម្តាយចាស់ទុំ ហើយយុវជនត្រូវចូលចិត្តអានព័ត៌មានណាល្អៗ។
ព្រះអង្គមានថេរដីកាថា៖ «បើយុវជននៅតែចូលចិត្តសេពគប់អ្នកដែលភ្លើតភ្លើន ប្រព្រឹត្តតែអំពើអបាយមុខ ចូលចិត្តការសប្បាយហួសហេតុពេក គេនឹងត្រេកអរទៅខាងនោះច្រើនជាង។
ប៉ុន្តែនៅតែមានពេលអប់រំបាន ឱ្យតែគេងាកមកស្តាប់ពួកសប្បុរសដែលខិតខំទូន្មាន។ ក្នុងនាមអាត្មាជាព្រះសង្ឃចង់ឱ្យគេយ៉ាងហោចណាស់ស្គាល់តម្លៃនៃសីល ៥ នោះ គេអាចក្លាយទៅជាមនុស្សល្អបាន»។
បើតាមសង្ឃដីកាព្រះអង្គ ឃឹម សន ក្នុងធម៌ព្រះ លោកថា មាតាបិតាជាបុព្វាចារ្យ បានន័យថា ជាគ្រូបង្រៀនទី១ ហើយបើកាលណាមាតាបិតាបានអប់រំលត់ដំទូន្មានកូនល្អ លុះពេលកូនធំបន្តិចទៅចេះចូលសាលារៀន គឺល្អតែម្តង។ ប៉ុន្តែហេតុអ្វីបានជាមាតាបិតាខ្លះមានទ្រព្យសម្បត្តិធូរធារ ហើយបែរជាកូននៅតែប្រព្រឹត្តអំពើអាក្រក់បាន?
ព្រោះជួនកាលឪពុកម្តាយខិតខំតែស្វែងរកទ្រព្យសម្បត្តិ តែមិនបានដឹងពីសុខទុក្ខរបស់កូន ជួនកាលជួលឱ្យគេមើលកូនផងក៏មាន។ ម្ល៉ោះហើយ កូនមិនបានទទួលការអប់រំអីបន្តិចសោះ ហើយដល់ពេលចូលសាលាជួបនឹងមនុស្សមិនល្អទៀត គឺទៅតែម្តង។ មាតាបិតាជាគ្រូទី១ រីឯលោកគ្រូ អ្នកគ្រូ ជាគ្រូទី២ ហើយបើក្មេងក្នុងគ្រួសារមួយ ទទួលការអប់រំបានល្អ នៅពេលគេធំឡើងគឺប្រាកដជាល្អ។ ឯរៀនក៏ដូចគ្នាដែរ បើមានឪពុកម្តាយចេះតាមដានកូនរៀនដល់សាលា និងចេះសួរគ្រូកូនរៀនពូកែ ឬមិនពូកែ គឺល្អតែម្តង។
ព្រះអង្គបានបញ្ជាក់ថា៖ «អាត្មាឃើញយុវជនមួយចំនួនដែលភ្លើតភ្លើនឥឡូវនេះដែលមានអាយុជាង ១០ ឆ្នាំអីបន្តិចបន្ដួចហ្នឹង ចេះសេពគ្រឿងស្រវឹងមិនល្អទាល់តែសោះ ហើយដល់យើងមិនទាន់រៀនចប់ អត់មានលុយកាក់អីហើយចេះសេពគ្រឿងស្រវឹង សេពគប់មិត្តភក្តិចេះដើរលេងអីផ្តេសផ្តាសទៅ មិនលួចទ្រព្យសម្បត្តិឪពុកម្តាយ ហើយដល់ឪពុកម្តាយអត់មាន មិនទៅលួចអ្នកផ្សេង?»៕