
រថយន្តចង្កូតស្តាំដែលបានទៅចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងខែកក្កដានេះ។ រូបថត សហការី
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (អគរ) បានក្រើនរំឭកជាថ្មីដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅក្នុងប្រទេសរួសរាន់ទៅចុះបញ្ជីរថយន្តឱ្យបាននៅត្រឹមថ្ងៃទី ៣១ កក្កដា ដោយព្រមានថា ក្រោយផុតការកំណត់រយៈពេលនេះ រថយន្តទាំងនោះនឹងត្រូវចាត់ទុកជាមុខសញ្ញានៃការបង្ក្រាប និងរឹបអូសតាមច្បាប់។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចុះថ្ងៃទី ២៥ ខែកក្កដា ឱ្យដឹងថា បន្ទាប់ពីការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូតគឺម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បានយករថយន្តគ្មានពន្ធរបស់ខ្លួនមកចុះបញ្ជីជាបន្តបន្ទាប់។
គិតចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ រថយន្តចង្កូតស្តាំចំនួន ៤ ៨៥៤ គ្រឿងត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធ និងអាកររួចហើយ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវជាលើកចុងក្រោយដល់អ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ឱ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយ និងរដ្ឋាករ ដែលនៅជិតបំផុតយ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែកក្កដា ដើម្បីទទួលបានឱកាសក្នុងការបង់ពន្ធ និងអាករដោយមិនតម្រូវឱ្យកែចង្កូត និងពុំរងពិន័យ។ ចំពោះរថយន្តដែលចុះបញ្ជីរួចនឹងត្រូវបានទុកពេលវេលាឱ្យម្ចាស់មកបង់ពន្ធ និងអាកររហូតដល់ថ្ងៃទី ៨ តុលា ឆ្នាំ ២០២២។
អគរ សង្កត់ធ្ងន់ថា៖ «ដោយឡែក រថយន្តដែលមិនបានចុះបញ្ជីក្នុងកាលបរិច្ឆេទកំណត់នេះនឹងចាត់ទុក ជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) ដែលជាមុខសញ្ញានៃការបង្ក្រាប និងរឹបអូសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន»។
លោក គាម ចាន់កុសល អ្នកនាំពាក្យ អគរ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ កក្កដា ថា លោកមិនទាន់អាចកំណត់មុខសញ្ញាថា មានរថយន្តចង្កូតស្តាំនៅសេសសល់ប៉ុន្មានទេ ដោយសារឈ្មួញទាំងនោះលួចលាក់នាំចូលនាពេលកន្លងមក។ លោកបន្តថា រថយន្តចង្កូតស្តាំដែលនាំចូលខុសច្បាប់ និងគ្មានពន្ធកន្លងមក គឺនាំចូលតាមច្រករបៀង ដូចជាឡានដឹកដី ឡានទេសចរណ៍ហើយពេលខ្លះឈ្មួញនាំចូលគ្រឿងបន្លាស់ មកផ្គុំ និងដំឡើងក្នុងស្រុក ដែលករណីនេះមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង។
លោកថា៖ «នេះហើយដែលធ្វើឱ្យយើងពិបាកកំណត់មុខសញ្ញាទាំងអស់នេះយើងអត់អាចគ្រប់គ្រងបានទេ ថាទាំងអស់មានរថយន្តប៉ុន្មាន សូម្បីតែយើងស្មានថា ប្រហែលជាមានរថយន្ត ១ ពាន់គ្រឿងទៀត ក្រោយពេលសម្តេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យរថយន្តចង្កូតស្តាំមកបង់ពន្ធដល់ពេលឥឡូវមានអ្នកមកចុះបញ្ជីរហូតដល់ជាង ៤ ពាន់ហើយ អ៊ីចឹងយើងស្មានមិនត្រូវទេ ធម្មតាអត់ពន្ធគឺអត់ទិន្នន័យ»។
យ៉ាងនេះក្តី លោកថា ក្រោយពេលបញ្ចប់យុទ្ធនាការត្រឹមថ្ងៃទី ៣១ កក្កដា នឹងមានតួលេខ ១ ដែលសមស្រប ព្រោះក្រោយពីផុតឱសានវាទនេះ រថយន្តចង្កូតស្តាំ ដែលមានស្រាប់ចាត់ទុកថា ជារថយន្តខុសច្បាប់ ដែលនឹងធ្វើការរឹបអូសតាមច្បាប់ជាធរមាន។
លោកបានបន្តថា៖ «មូលហេតុអីបានជាយើងឱ្យចុះបញ្ជីដោយសារចង់ដឹងអំពីចំនួនរថយន្តចង្កូតស្តាំដែលនៅសេសសល់អ៊ីចឹងយើងដាក់ឱសានវាទនេះ ដើម្បីឱ្យប្រជាជនមកចុះបញ្ជី ហើយហេតុអីបានជាយើងមិនអាចទុកពេលវេលាឱ្យយូរជាងនេះគឺដោយសារកាលណាទុកពេលវេលាយូរពួកឈ្មួញខិលខូចមួយចំនួនគាត់អាចមានឱកាស ដើម្បីលួចនាំចូលកាត់ត បំប្លែង ដំឡើងបន្តទៀត»។
លោក សុខ បញ្ញា ម្ចាស់ឃ្លាំងរថយន្តមួយនៅរាជធានីភ្នំពេញលើកឡើងថា ចំណាត់ការរបស់រាជរដ្ឋាភិបាលនាពេលនេះ មានផលចំណេញច្រើនទៅលើការប្រមូលពន្ធចូលរដ្ឋ និងមួយវិញទៀតអាចរួមចំណែកលុបបំបាត់ការឆកល្វែងនៃការនាំចូលរថយន្តខុសច្បាប់ផងដែរ ដែលធ្វើឱ្យទីផ្សាររថយន្តមានការប្រកួតប្រជែងដោយតម្លាភាព។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ ដែលជាឱសានវាទ ចុងក្រោយនៃការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ចូលបំពេញកាតព្វកិច្ចពន្ធអាករ គឺទទួលបានទឹកប្រាក់ចំនួន ៧៦ លានដុល្លារ។ ក្នុងនោះ រថយន្តទាំងអស់ដែលជ្រកក្រោមស្លាកលេខផ្សេងមានចំនួន ៩ ៧៥៣ គ្រឿង ចំណែករថយន្តចង្កូតស្តាំ ដែលចូលមកកក់ប្រាក់ និងបង់ពន្ធមានចំនួន ៧ ០៤០ គ្រឿង។
បើតាមតួលេខចុងក្រោយរបស់ អគរ គិតពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ១៨ ខែក្កដា ឆ្នាំ ២០២២ ម្ចាស់និងអ្នកកាន់កាប់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធសរុប ២ ០៦០ គ្រឿងក្នុងនោះ ម្ចាស់បានបង់ពន្ធ និងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង។
ចំណែកម្ចាស់រថយន្តចង្កូតឆ្វេងចូលមកបង់ពន្ធចំនួន ១៥ គ្រឿង ដូចនេះទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេងខាងលើមានចំនួនប្រមាណជា ១៧,៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤,៣៥ លានដុល្លារអាមេរិក)៕