
លោក កឹម សុខា លើកដៃទៅកាន់អ្នកគាំទ្រ ក្រោយពីបើកឡានចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី ២៧។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែកក្កដានេះ បានបន្តសួរដេញដោល លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះ ជាតិ ដែលត្រូវបានចោទពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស ឬត្រូវរ៉ូវជាមួយបរទេស » ដើម្បីផ្តួលរំលំ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអំពីវីដេអូធ្វើបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្រោយបញ្ចប់សវនាការនេះថា សវនាការលើកនេះ បានផ្តោតទៅលើវីដេអូចំនួន ២ គឺ ទី១- វីដេអូធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៣ អំពីការប្តេជ្ញាចិត្តរបស់ទណ្ឌិត សម រង្ស៊ី និងជនជាប់ចោទ កឹម សុខា រៀបចំរដ្ឋាភិបាលថ្មី និងប្រទេសជាតិឡើងវិញ។ ទី២- វីដេអូរបស់ លោក ហូ វ៉ាន់ ឡើងថ្លែងប្រាប់បាតុករនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៤ អំពីសភាពការណ៍បាតុករហិង្សា ដុតកង់ឡាន នៅផ្លូវវេ៉ងស្រេង ការបិទផ្លូវជាតិលេខ ៣ និងចំនួនបាតុករដែលរងរបួស ហើយជនជាប់ចោទ កឹម សុខា បានអំពាវនាវឱ្យមានការជួយឧបត្ថមជាស្បៀងអាហារដើម្បីជួយដល់បាតុករ។
លោក ហ៊ុន កុសល ជាមនុស្សស្និទ្ធនឹងលោក កឹម សុខា ដែលបានចូលស្តាប់នៅក្នុងបន្ទប់សវនាការ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញថា តំណាងអយ្យការចោទសួរលោក កឹម សុខា យ៉ាងខ្លាំងដើម្បីចង់បានចម្លើយពីលោក កឹម សុខា ប៉ុន្តែមេធាវីរបស់លោក កឹម សុខា ធ្វើការតវ៉ាបានធ្វើឱ្យមានសភាពធូរស្រាលឡើងវិញ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា វីដេអូដែលលោកបានតាមដានជាច្រើនសវនាការ ជាវីដេអូបាតុកម្មនៅស្ទឹងមានជ័យ មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ឬលោក កឹម សុខា ទេ។ បាតុកម្មនោះ ធ្វើឡើងដោយកម្មករ កម្មការិនីដើម្បីទាមទារដំឡើងប្រាក់ខែប៉ុណ្ណោះ។ ការសួរដដែលនេះបង្ហាញថា ជាការអូសបន្លាយពេលវេលាសវនាការ។
លោកថ្លែងថា៖ «ខ្ញុំក៏បានដឹងថា លោកប្រធាន កឹម សុខា បានឆ្លើយសំណួរទាំងនោះទៅកាន់តុលាការក្បោះក្បាយរួចមកហើយ ប៉ុន្តែតាក់តិចដែលគេព្យាយាមជាន់លោក ប្រធានលោក កឹម សុខា ដើម្បីយកចម្លើយ។ តែភាពស្មោះត្រង់ និងសុចរិតភាព មិនអាច លុបបំបាត់បានទេ»។
បើតាមលោក ហ៊ុន កុសល លោក កឹម សុខា គ្មានបានប្រព្រឹត្តអំពើក្បត់ជាតិ ឬឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះទេ លោក កឹម សុខា ឈរ លើសុចរិតភាព និងអហិង្សានិយម ស្វែងរកដំណោះស្រាយ ដើម្បីជាតិ និងប្រជាពលរដ្ឋ។ ដូច្នេះរឿងនេះ គឺជារឿងនយោបាយ។
លោក យី សុសាន មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក ឱ្យដឹងដែរថា លោកយល់ថា សវនាការ លោក កឹម សុខា មិនងាយនឹងឆាប់ចប់ទេ ព្រោះសំណុំរឿងនេះ ជារឿងនយោបាយគួរតែមានការដោះស្រាយតាមផ្លូវនយោបាយទើបឆាប់ចប់។
លោកបន្តថា នៅក្នុងសវនាការ ទាំងតំណាងអយ្យការ និងទាំងមេធាវីម្នាក់ៗ បានបកស្រាយយកត្រូវតែរៀងខ្លួន ឧទាហរណ៍ពាក់ព័ន្ធនឹងពាក្យ «វោហារស័ព្ទនយោបាយ និងសារនយោបាយ» ម្នាក់បកស្រាយបែបនេះ ឬម្នាក់បកស្រាយបែបនោះ និងអ្នកខ្លះទៀតមិនទាន់ទាំងយល់ពាក្យទាំងនេះផង។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំធ្វើការខាងសង្គមស៊ីវិលផ្នែកខាងសិទ្ធិមនុស្ស ស្នើសុំថា អ្នកនយោបាយមេត្តា ងាកមករកការចរចា ពីព្រោះការចរចានេះ វាកើតឡើងតាំងពីសម្តេចនរោត្តមសីហនុដែលខិតកៀរគរមនុស្ស ចុះកិច្ចព្រមព្រៀងទីក្រុងបារីស»។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក ប្លង់ សុផល បញ្ជាក់ថា សវនាការលោក កឹម សុខា នៅតែបន្តទៅមុខតាមការគ្រោងទុក ប៉ុន្តែមេធាវីការសិទ្ធិឱ្យជនជាប់ចោទព្យាយាមបង្អាក់នីតិវិធីរបស់សវនាការដែលធ្វើឱ្យមានភាពយឺតយ៉ាវ៕