
លោកសៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ដែលកំពុងជាប់ពន្ធនាគារ ហើយត្រូវបានតុលាការបដិសេធការសុំនៅក្រៅឃុំ។ រូបថត សហការី
ភ្នំពេញៈ តុលាការកំពូលបានប្រកាសសាលដីកាលើសំណុំរឿងជនត្រូវចោទ ឈ្មោះ សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ នាថ្ងៃទី ២៧ ខែកក្កដា ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំដដែល តាមការសម្រេចរបស់សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីបើកសវនាការ កាលពីថ្ងៃទី ២៥ ខែមិថុនា ក្នុងបទចោទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។
បន្ទាប់ពីហៅជនត្រូវចោទឱ្យឡើងឈរក្នុងរង្វង់ក្រចកសេះ ក្នុងបន្ទប់សវនាការ ដើម្បីបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី ២៧ កក្កដា លោកចៅក្រម គង់ ស្រ៊ីម បានអានសាលដីកាថា ជនត្រូវចោទឈ្មោះសៀម ភ្លុក បានលើកឡើង កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២២ ពីអង្គហេតុពាក់ព័ន្ធការរៀបចំឯកសារ របស់គណបក្សបេះដូងជាតិ នៅក្រសួងមហាផ្ទៃនោះថា ការធ្វើកោសល្យវិច័យលើឯកសារនៅក្រសួងមហាផ្ទៃ គឺមិនមានការចូលរួមពីគណបក្សបេះដូងជាតិឡើយ ហើយជនត្រូវចោទក៏មិនមានចេតនាទុច្ចរិតផ្តិតយកស្នាមមេដៃក្លែងបន្លំដែរ។
លោកចៅក្រមបន្តថា កាលពីពេលសវនាការ មេធាវីក៏មានការលើកឡើងពីបញ្ហាសុខភាពរបស់ជនត្រូវចោទ និងថា ដាក់ឃុំជនត្រូវចោទឱ្យរស់នៅលាយឡំនឹងពួកឧក្រិដ្ឋជន ជាការមិនសមរម្យ។ ការលើកឡើ់ងនេះមិនមានភាពចាំបាច់ សម្រាប់ឱ្យតុលាការពិចារណាបានទេ ព្រោះជនត្រូវចោទត្រូវបានចៅក្រមសាលាស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានស៊ើបសួរហើយបានបង្ហាញឱ្យឃើញថា ក្នុងអង្គហេតុ នៃសំណុំរឿងនេះមានធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌ ដែលជនត្រូវចោទឈ្មោះ សៀម ភ្លុក បានប្រព្រឹត្តក្នុងអំឡុងឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ។
លោកបន្តថា សំណុំរឿងនេះក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំតាមដីកាដំណោះស្រាយរបស់តំណាងអយ្យការដែលបានចោទប្រកាន់តាមមាត្រា២២៦ មាត្រា២២៧ និងមាត្រា២២៨ នៃក្រមព្រហ្មទណ្ឌផងដែរ។
លោកចៅក្រមថ្លែងថា៖«ហេតុដូច្នេះ តុលាការសម្រេចតម្កល់សាលដីកា របស់សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ភ្នំពេញដែលបានប្រកាសនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ ទុកជាបានការដដែល»។
តាមអង្គហេតុបង្ហាញថា កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយរបស់ស្ថាបនិកគណបក្សបេះដូងជាតិ និងចោទប្រកាន់ថា បានក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សៀម ភ្លុក មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នាថ្ងៃទី ២៧ កក្កដា។
លោក សៀម ភ្លុក ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន កាលពីខែមេសា ឆ្នាំ ២០២២។ ក្រោយមកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់ព័ន្ធបទចោទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។ ជនត្រូវចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យនៅក្រៅឃុំតាមអំណាចសាលក្រមចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២៕