ភ្នំពេញៈ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ (អគរ) ណែនាំ​ដល់​មន្រ្តី​សាខា​របស់​ខ្លួន​ ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃការ​​ប្រ​មូល​​​ពន្ធ​​​ និងអាករ​ លើរ​ថយន្ត​គ្មាន​ពន្ធមាន​ស្រាប់​ក្នុង​ប្រទេស​ ហើយ​ក្នុងករណី​ចាំបាច់ត្រូវ​បន្ថែម​ម៉ោង​រដ្ឋ​បាល​ដល់ម៉ោង ​៨ ​យប់ រួ​មទាំង​ថ្ងៃសៅរ៍ និង​អាទិត្យ ​និង​ត្រៀម​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ចាប់ពី​ខែ​សីហា​តទៅ។

ក្នុង​លិខិត​ចុះហត្ថលេខា​ដោយ អគ្គនាយក​គយ និង​រដ្ឋាករ​លោក គុណ ញឹម ចុះថ្ងៃទី ២៦ ខែក​ក្កដា ឱ្យ​ដឹង​ថា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃការ​ប្រមូល​ពន្ធ និង​អាករ លើ​រថ​យន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​នៅ​សេស​សល់ ជាពិសេស​នៅពេល​ដែល​ឱសាន​វាទ​នៃការ​អនុញ្ញាត​ឱ្យម្ចាស់ រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ​ចូល​មក​បង់​ពន្ធ​ឬ​ចុះបញ្ជី ប្រធាន​នាយក​ដ្ឋាន សាលា​ និង​ការិ​យាល័យ​គយ និង​រដ្ឋាករ ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​សាធារ​ណជន​ តាម​ភូមិ​សាស្ត្រ ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន ឱ្យ​បាន​ទូលំទូលាយ​។

លិខិតណែ​នាំ​បន្តថា ត្រូវ​បន្តផ្តល់​សេវា​ទទួល​បង់​ពន្ធ និង​អាករ​ ជាពិសេស​ការចុះ​បញ្ជីរ​ថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស ឱ្យ​បាន​កាន់​តែ​សកម្ម​និង​ល្អ​ប្រសើរ។

លិខិតបញ្ជាក់​ថា៖ «ក្នុង​ករណី​ចាំបាច់ ត្រូវ​បន្ថែម​ម៉ោង​រដ្ឋ​បាល រហូត​ដល់​ម៉ោង​ ២០:០០ ​យប់ រួម​ទាំង​ថ្ងៃ​សោរ៍ និង​ថ្ងៃអាទិត្យ ហើយ​នៅថ្ងៃទី​ ៣១ ខែ កក្កដា ឆ្នាំ ២​០២២ ដែល​ជាថ្ងៃ​ចុង​ក្រោយ នៃការ​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំគ្មាន​ពន្ធ នៅសេស​សល់​មក​បំពេញ​កាត​ព្វកិច្ចពន្ធ​អាករ​ ឬ​ចុះបញ្ជី ​ត្រូវ​បិទ​បញ្ចប់​ម៉ោង​រដ្ឋបាល​ ត្រឹម​ម៉ោង ២​២:០០ យប់»។

ជាមួយ​គ្នានេះ​ដែរ អគរ សង្កត់​ធ្ងន់​ថា ចាប់ពីថ្ងៃ​ទី ០១ ខែ សី​ហា ឆ្នាំ​ ២០២២ ​តទៅ គ្រប់​អង្គភាព​គយ និង​រដ្ឋាករ ត្រូវ​ប្រមូល​ផ្ដុំនិង​ប្រើប្រាស់​កម្លាំង​ស​មស្រប ដើម្បី​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​ ឱ្យបាន​សកម្ម និង​ម៉ឹង​ម៉ាត់​លើ​រថយន្ត​គ្មាន​ពន្ធគ្រប់​ប្រភេទ​ នៅគ្រប់​មុខ​សញ្ញា​ដូច​ជា ទីសាធា​រណៈ ការ​ដ្ឋាន និង​អាជីវកម្ម​ដ្ឋាន​ជាដើម​។

មន្រ្តី​ទំនាក់​ទំនង​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កំពង់​ស្ពឺ លោក ​សោម អូន​សំរិទ្ធ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​លោក​បាន​ទទួល​លិខិត​នោះ​រួច​ហើយ និង​កំពុងអ​នុវត្តផង​ដែរ​ ហើយ​ករណី​មាន​ម្ចាស់រថយ​ន្ត​គ្មាន​ពន្ធ​សម្រុក​មក​ចុះប​ញ្ជី នោះនឹង​ធ្វើការ​ថែម​ម៉ោង។ យ៉ាង​ណាមិញ​លោក​ថា សម្រាប់​ខេត្ត​កំពង់​​ស្ពឺ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ចូល​មក​ចុះ​បញ្ជី​ធម្មតា ប៉ុន្តែ​លោក​មិន​អាច​ប្រាប់​ពី​ចំនួន​នោះ​បាន​ទេ។​

លោក​ថា៖ «ពួក​ខ្ញុំ​អនុត្ត​ទៅតាម​លិខិត​ណែនាំ​គេចែង​យ៉ាង​ម៉េច​យើង​ធ្វើ​អ៊ីចឹង ហើយ​ឥឡូវ​នេះ ម្ចាស់​រថ​យន្ត​គ្មាន​ពន្ធគាត់​បន្ត​ចូល​មក​ចុះប​ញ្ជី ​និងបង់​ពន្ធធម្មតា ​ប៉ុន្តែយើង​មិន​ទាន់​អាច​ប្រាប់ពី​តួរលេខ​បាន​ទេ ព្រោះ​អីតួលេខ​កើន​រហូត​»។

នាយក​ប្រតិបត្តិ​នៃអង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន​ ជ័យ បាន​លើក​ឡើងថា​ ការ​បំពេញកាត​ព្វកិច្ច​ទៅលើ​ពន្ធគយ​ ដែល​រដ្ឋាភិបា​ល​កំពុង​រឹតបន្តឹង​នាពេល​នេះ គឺ​ជាវិធាន​ការថ្មី​មួយ​ដ៏ល្អ ដែល​រួម​ចំណែក​ដល់​ចំណូល​ជាតិ​ និង​ជាការ​ចង់​បាន​របស់​ពលរដ្ឋ​គ្រប់​រូប​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ស្នើ​ដល់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ត្រូវ​បង្ក​លក្ខណៈ​ងាយ​​ស្រួល​ក្នុង​ការ​ចុះ​បញ្ជី​រថយន្ត​ដែល​គ្មាន​ពន្ធ​ស្រាប់​ ចៀសវាង​នីតិវិធី​ស្មុគ​ស្មាញ​ ដោយ​លោក​ចាត់​ទុក​ថា នេះ​ក៏ជា​កត្តា​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​រថយន្ត​ទាំង​នោះ​ចូល​មក​ចុះប​ញ្ជី និង​បង់​ពន្ធផង​ដែរ។

លោក​បញ្ជាក់​​ថា៖«​ការ​បំពេញ​កាតព្វ​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់​ គឺជា​រឿង​មួយ​ចៀស​មិន​រួច​ ប៉ុន្តែ​ទន្ទឹម​នោះ​យើង​ចង់​ឃើញ​ការ​សម្រួល​នីតិវិធី​ទាំង​ឡាយ ​ដែល​ពាក់ព័ន្ធ​ការ​បំពេញ​កាតព្វ​កិច្ចបង់​ពន្ធ​នាំចូល រថយន្ត​។ ខ្ញុំ​យល់​ថា អាជ្ញាធរ​ដ្ឋដែល​មាន​ការ​ពាក់​ព័ន្ធគួរ​តែពន្លឿន​ ឬផ្តល់អាទិភាព​ទៅ​ឱ្យ​ម្ចាស់​យាន​យន្ត ដែល​មិន​ទាន់​បង់​ពន្ធ​អា​ចបំពេញ​កាតព្វ​កិច្ច បាន​ចៀស​វាង នីតិវិធី​ស្មុគស្មាញ​ដែល​ជា​ឧបសគ្គ ដល់​ពួក​គេ»​។

សូម​ជម្រាប​ថា សម្រាប់​រថយន្ត​ចង្កូត​ស្តាំ ការ​ចុះ​បញ្ជី​រថយន្ត​ផុត​កំណត់​ត្រឹម​ថ្ងៃទី​ ៣១​ ខែកក្ក​ដា ប៉ុន្តែ​ការ​បង់​ពន្ធ​និង​អាករ ខាង​ អគរ ពន្យារ​ពេល​រហូត​ដល់​ថ្ងៃទី ៨ ខែ​ តុលា ឆ្នាំ ​២០២២។​ ស្រប​ជាមួយ​គ្នា​នេះដែរ​ ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ​ស្រាប់​ក្នុង​ប្រទេស​ ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ អាច​ទៅ​បង់​ពន្ធ​និង​អាករ​រហូត​ថ្ងៃទី ​៨ តុលា ដោយ​មិន​រង​ការ​ផាក​ពិន័យ​ឡើយ​៕