​បន្ទាយ​មាន​ជ័​យៈ​ ដំណាំ​ស្រូវ​របស់​ប្រជាកសិករជាង ៧០០ ហិកតា ស្ថិតក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​លិច​​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ចុងក្រោយ​នេះ​។ លោក​មេឃុំ​អូរ​ប្រាសាទ​អះអាងថា ដំណាំ​ស្រូវ​ដែល​ទឹក​ជន់​លិច​នោះ​មិនទាន់មាន​ការខូចខាត​នៅឡើយ ប៉ុន្តែ​បើ​ទឹក​នៅតែ​មិន​ស្រក​ទៅវិញ​ដោយ​អូសបន្លាយ​ពេល​យូរ​ថែមទៀត ដំណាំ​ស្រូវ​ទាំងនោះ​នឹងរង​ការខូចខាត​។

​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ ខែកក្កដា លោក ភុំ បូ​ផល មេឃុំ​អូរ​ប្រាសាទ បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ដំណាំ​ស្រូវ​ប្រជាកសិករ​នេះ​មាន ​២ កន្លែង​ផ្សេងគ្នា ទី​១ គឺ​នៅ​ភូមពោធិ៍​រៀង ភូមិ​រូង​ក្របៅ និង​ភូមិ​គោក​អំពិល ដោយទឹកបាន​លិច​ស្រូវ​ប្រជាពលរដ្ឋ ២៥ ហិកតា ចំណែក​ ១ កន្លែង​ទៀត ស្ថិតនៅ​ចំណុច​ទំនប់​ក្រខុប លិច​ស្រូវ​ចំនួន ៧០០ ហិកតា​។ លោក​បញ្ជាក់ថា ទោះបីជា​មានទឹក​លិច​ស្រូវ​ក្តី ប៉ុន្តែ មិនទាន់មាន​ការខូចខាត​នោះទេ ហើយ​គិត​មកដល់​ថ្ងៃទី ២៧ ខែកក្កដា​នេះ​ ទឹក​កំពុង​ស្រក​ចុះទៅ​វិញ​។​

លោក​មេឃុំ​អូរ​ប្រាសាទ​បាន​ឲ្យ​ដឹងថា ការ​ជន់​លិច​នេះ​ដោយសារ​ទឹកភ្លៀង​ខ្លាំង ហើយ​ក្រសួង​ធនធានទឹក​កំពុង​ស្តារ​ប្រឡាយ​ឡើងវិញ​ឆ្លងកាត់​តំបន់​នោះ​។ ប្រជាពលរដ្ឋ​ដែលជា​ប់​ប្រឡាយ​បាន​ទប់ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ ប៉ុន្តែ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​ក៏​ឡើង​លិច​ទំនប់​នោះ​ហៀរ​ចូលទៅក្នុង​វាលស្រែ​បណ្តាល​ឲ្យ​មានការ​លិចលង់​។

លោក​ថ្លែងថា​៖ «​វិធី​ដោះស្រាយ​ឥឡូវ​យើង​មានតែ​បើកទឹក​បង្ហូរ​ស​ម្រក និង​បង្ហូរទឹក​ទៅ​កន្លែង​ដែល​អត់​ទឹក​។ វា​មាន​កន្លែង​ខ្លះ​អត់ កន្លែង​ខ្លះ​លិច អ៊ីចឹង​ពិបាក​ដែរ​ក្នុងភូមិ​មួយៗ យើង​ដោះស្រាយ​អា​កន្លែង​ទឹក​លិច​ផង និង​កន្លែង​អត់​ទឹក​ផង​»។

លោក ជា សុបិន ប្រជាកសិករ​ម្នា​ក់នៅ​ភូមិ​ពោធិ៍​រៀង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បុរី បានឱ្យដឹងថា ​ក្នុង​ឆ្នាំ​ ២០២២​ នេះ​ ស្រូវ​របស់លោក​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​​ ២​ លើក​មកហើយ ដែល​លើក​ទី​២ ​នេះ​ លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការខូចខាត​បើសិនជា​ទឹក​មិន​ស្រក​ទៅវិញ​ឆាប់ៗ​នេះ​។

លោក​ថ្លែងថា​៖ «​ធម្មតា​បើ​លិច​ ៤-៥ ​ថ្ងៃ ​ទៅ​ ១ ​អាទិត្យ​អាច​មិន​អី​ទេ ប៉ះពាល់​ខូចខាត​តិចតួច តែ​ប្រសិនបើ​នៅ​បន្ត​លិចលង់​រយៈពេល​យូរ​ទៀត គឺអាច​នឹង​រលួយ​ខូច​អស់ហើយ ស្រូវ​ពួក​ខ្ញុំ​នៅទីនេះ​មាន ស្រូវ​សែន​ក្រអូប និង​អ៊ី​អ៊ែ​អីហ្នឹង​»។​

លោក ឡាយ វុ​ធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ការ​ជន់​លិច​ដំណាំ​ប្រជាកសិករ​នេះ គឺមាន​កន្លែង​បន្ធូរ​ទឹក​នៅ​ផ្នែក​ខាងក្រោម ដែល​អាច​ឲ្យ​ទឹក​ស្រក​វិញ​បាន​លឿន និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ខូចខាត​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះទេ ។

លោក​ថ្លែងថា​៖ «​នៅពេល​រាំង​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ទប់​បិទ​ប្រឡាយ​ដើម្បី​យក​ទឹក​ប្រើប្រាស់ ហើយ​នៅពេល​ភ្លៀង​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ជន់ អ៊ីចឹង​យើង​បើកទឹក​វិញ​ទៅ​លែង​អី​ហើយ​។ ឥឡូវ​យើង​បាន​បើកទឹក​វិញ​ហើយ មិនយូរ​ទេ​ទឹកនឹង​ស្រក​អស់​»។

លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ប្រាប់ថា ក្រសួង​ធនធាន​ទឹកបាន​កំពុងធ្វើការ​ស្តារ​ប្រព័ន្ធ​អូរ​ធម្មជាតិ ក្នុង​គោលបំណង​ដោះ​ទឹកជំនន់​ចេញពី​ស្ទឹង​អង្គរ​បុរី​ដែល​តែងតែ​លិច​ជា​រៀងរាល់ឆ្នាំ​។ អូរ​ធម្មជាតិ​គោក​រាក់​ដែល​កំពុង​ស្តារឡើងវិញ​នេះ​មាន​ប្រវែង ២៧ គីឡូម៉ែត្រ ចំ​ណែកជម្រៅ និង​ទទឹង​អាស្រ័យ​ជាក់ស្តែង​ទៅតាម​ទីតាំង​។ ប្រឡាយ​នេះ​ឆ្លងកាត់ ៦​ឃុំ ចាប់ពី​ឃុំ​ចំណោម រហូតដល់ ឃុំ​គោក​បល្ល័ង្ក​។

លោក​ថ្លែងថា​៖ «​ប្រឡាយ​ហ្នឹង​យើង​មាន​ស្រាប់​ហើយ​តែ​វា​គោក​រាក់​ទៅ គឺ​យើង​ស្តារ​បន្ថែម​ទី​១​ដើម្បី​ដោះ​ទឹក​ជំនាន់​ឲ្យ​បាន​លឿន ហើយ​អាចជា​កន្លែង​ដែល​ស្តុក​ទឹក​ទុក​សម្រាប់​ជួយ​ដល់​ការស្រោចស្រព​សម្រាប់​ប្រជាកសិករ​នៅក្នុង​តំបន់​ដែល​យើង​ស្តារ​ហ្នឹង​»៕