ភ្នំពេញៈ លទ្ធផល​នៃ​ការ​វាយតម្លៃ​បច្ច័យ​សង្គម​សេដ្ឋកិច្ច​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​ឆ្នាំ​ ២០២០ ​និង​ ២០២១ បង្ហាញថា បាន​ផ្តល់​ផល​វិជ្ជមាន​ច្រើន ដោយ​ទទួល​បាន​ការសាទរ​ពី​អ្នក​ទទួល​​ផល​, ដៃគូ​អភិវឌ្ឍន៍​, អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ប្រចាំ​កម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​របាយការណ៍​វាយតម្លៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ២៧ ខែ​កក្កដា បាន​ឱ្យ​ដឹងថា ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ប្រចាំ​កម្ពុជា​បាន​សហការ​រៀបចំ​ការ​វាយតម្លៃ​បច្ច័យ​សង្គម-​សេដ្ឋកិច្ច​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ នៅក្នុង​ឆ្នាំ​ ២០២០​ និង​ ២០២១​។ ការសហការ​រៀបចំ​ការវាយតម្លៃ​នេះ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​គោលបំណង​ស្វែងយល់​ពី​ប្រសិទ្ធភាព​ ​និង​បច្ច័យ​ដែល​កើតចេញ​ពី​ការអនុវត្ត​កម្មវិធី​ទាំង​នៅ​កម្រិត​មីក្រូ​ (​ក្នុង​កម្រិត​គ្រួសារ​) ​និង​កម្រិត​ម៉ាក្រូ​ (​បច្ច័យ​លើ​សេដ្ឋកិច្ច​) ​ដែលជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​ការរៀបចំ​ជម្រើស​គោលនយោបាយ​ សម្រាប់​ការគិតគូរ​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា លទ្ធផល​នៃ​ការវាយតម្លៃ​នេះ បង្ហាញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ បានផ្តល់​ផល​វិជ្ជមាន​ជាច្រើន​។ ​ក្នុង​នោះ​កម្មវិធី​នេះ​បាន​ចូលរួម​ចំណែក​សម្រួល​ជីវភាព​របស់​គ្រួសារ​ក្រីក្រ​ឱ្យ​រួច​ផុតពី​ការធ្លាក់​ចូល​ទៅក្នុង​បញ្ហា​អសន្តិសុខ​ស្បៀង​,​បំណុល​,​ការលក់​ទ្រព្យសកម្ម​របស់​គ្រួសារ និង​បាន​សម្រាល​បន្ទុក​ចំណាយ​របស់​គ្រួសារ ជាពិសេស​ចំណាយ​លើ​ម្ហូបអាហារ​, ថ្នាំសង្កូវ និង​ការអប់រំ​កូនចៅ​។

ចំពោះ​បច្ច័យ​លើ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​វិញ កម្មវិធី​នេះ​បាន​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ ០,៥៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ និង​ ០,៤៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។ ​មិនតែ​ប៉ុណ្ណោះ កម្មវិធី​នេះ​ក៏បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​អត្រា​និកម្មភាព​ចំនួន​ ០,៥៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ​និង​ ០,៦២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ និង​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​បាន​ប្រមាណ ​២,៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២០ និង​ ៣,៤​ ភាគរយ នៅ​​ក្នុង​ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ ​«​កម្មវិធី​នេះ មាន​គោលបំណង​ផ្តល់​ការគាំទ្រ និង​សម្រួល​ជីវភាព​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​មាន​បណ្ណសមធម៌​ប្រមាណ​ជាង ​៦៨​ ម៉ឺន​គ្រួសារ​។ រយៈពេល​ចំនួន​ ២៥​ ខែ​កន្លងមក និង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៧៤៤ ​លាន​ដុល្លារ ដោយ​ទទួល​បាន​ការសាទរ​ពី​អ្នក​ទទួលផល​, ដៃគូ​អភិវឌ្ឍន៍​, អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​»​។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថ្លែងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​អន្តរាគមន៍​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ស្មារតី​បុរេសកម្ម​ជាក់ស្តែង​និយម និង​ការឆ្លើយតប​ខ្ពស់​ក្នុង​ការផ្តល់​កិច្ច​គាំពារ​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ពី​​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ជា​សកល​។

លោក​ថ្លែងថា​៖ «​លទ្ធផល​នៃ​ការវាយតម្លៃ​នេះ មិន​ត្រឹមតែ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ការអនុវត្ត​កម្មវិធី​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ឱ្យឃើញ​កាន់តែ​​ច្បាស់​ពី​តួនាទី​នៃ​អន្តរាគមន៍​ផ្នែក​ជំនួយ​សង្គម​ដែល​បាន​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​»​។

លោកស្រី Sonali Dayaratne នាយិការង​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ថ្លែងថា របាយការណ៍​វាយតម្លៃ​នេះ​បាន​បង្ហាញ​អំពី​ភ័ស្តុតាង​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ដែលជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការគិតគូរ​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​នឹង​អាច​ផ្តល់​ការគាំទ្រ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់ និង​ធានាថា គ្មាន​អ្នក​ណាម្នាក់​ត្រូវបាន​បោះបង់ចោល​នោះ​ឡើយ​។

លោកស្រី​ថ្លែងថា​៖ «​ការវាយតម្លៃ​នេះ​ អនុញ្ញាត​ឱ្យ​យើង​យល់ និង​មើលឃើញ​កាន់តែច្បាស់​អំពី​ប្រសិទ្ធភាព​ និង​បច្ច័យ​របស់​កម្មវិធី លើ​ជីវភាព​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក៏ដូចជា​ម៉ាក្រូសេដ្ឋកិច្ច​»​។

លោកស្រី Benita Chudleigh លេខាទី​ ១​ នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ថ្លែងថា ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា​ប្រទេស​អូស្ត្រាលី​ប្តេជ្ញា​សហការ​ជាមួយ​ដៃគូ​នានា​ ដើម្បី​រិះរក​វិធី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ (IDPoor) ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ការគាំទ្រ​ក្នុង​ទសវត្សរ៍​កន្លង​មកនេះ ដើម្បី​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​ជួប​ការខ្វះខាត​បំផុត​ធ្វើជា​ក្រុម​គោលដៅ​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​៕