រតនគិរីៈ ចក្រភព​អង់គ្លេស​ផ្ដល់​មូលនិធិ​ជិត​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក ​គាំទ្រ​ដល់​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ (FFI) ​តាមរយៈ​គម្រោង​ «​ការពង្រឹង​ជីវភាព​និង​ការគ្រប់គ្រង​ការអភិរក្ស​នៅក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​» ​ដើម្បី​ជួយ​ដល់​ការអភិរក្ស​ជីវសាស្ត្រ​ដ៏សំខាន់ៗ​នេះ​ក្នុង​តំបន់ និង​ជួយ​ពង្រឹង​សហគមន៍​ជនជាតិដើម​ភាគតិច និង​គាំទ្រ​លើកកម្ពស់​ជីវភាព​ប្រកប​ដោយ​និរន្តរភាព​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​កាលពី​​ថ្ងៃទី​ ២៦ ខែ កក្កដា ឆ្នាំ​ ២០២២​ បាន​ឱ្យ​ដឹងថា លោក Marc Thayre អនុប្រធាន​បេសកកម្ម​​នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៦ ​ថ្ងៃ ​(​ថ្ងៃ​ទី​ ១០ ​ដល់​ថ្ងៃទី​ ១៥ ខែ​កក្កដា​) ​នៅ​ខេត្តរតនគិរី​ ដើម្បី​ទស្សនា​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​ចក្រភព​អង់គ្លេស និង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​បាន​បន្តធ្វើ​ដំណើរ​ទៅ​ទស្សនា​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​។

អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI) ​បាន​ទទួល​មូលនិធិ​ជិត​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក ​(៤៩៧ ០០០​ ផោន​) ពី The Darwin Initiative ដើម្បី​អនុវត្ត​គម្រោង​រយៈពេល​ ៣ ​ឆ្នាំ​ ដែល​មាន​ឈ្មោះថា ​«​ការពង្រឹង​ជីវភាព​ និង​ការគ្រប់គ្រង​ការអភិរក្ស​នៅក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​»​។ នេះ​បើ​តាម​ការបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ប្រភព​ដដែល​ឱ្យដឹងថា​គម្រោង​នេះ​នឹង​រៀបចំ​ការកំណត់​បែងចែក​តំបន់​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​ផែនការ​គ្រប់គ្រង​សហគមន៍​ ដើម្បី​ជួយ​ដល់​ការអភិរក្ស​ជីវសាស្ត្រ​ដ៏សំខាន់ៗ​​នេះ​ក្នុង​តំបន់ និង​ជួយ​ពង្រឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​គាំទ្រ​លើកកម្ពស់​ជីវភាព​ប្រកប​ដោយ​និរន្តរភាព​។

លោក Marc Thayre ថ្លែង​​ថា​៖ «​ការការពារ​ជីវចម្រុះ​គឺជា​​អាទិភាព​ចម្បង​សម្រាប់​ចក្រភព​អង់គ្លេស ហើយ​ខ្ញុំ​រីករាយ​ដែល​យើង​អាច​គាំទ្រ​ទៅដល់​​ឧទ្យាន​ជាតិ​វីរជ័យ​ជាមួយ​អ្នក​​អនុវត្ត​គម្រោង​របស់​យើង​គឺ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​។ ​សហគមន៍​ត្រូវតែ​ទទួល​បាន​ការផ្តល់​សិទ្ធិអំណាច និង​លើក​ទឹកចិត្ត​ដើម្បី​ចូលរួម​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​គាំទ្រ​ដល់​ជីវភាព​របស់​ពួកគេ​»​។

លោក​ក៏បាន​ជួប​ពិភាក្សា​ការងារ​នៅ​ក្រុង​បាន​លុង​ជាមួយ​អភិបាល​ខេត្ត​ស្តីទី​នៃ​ខេត្តរតនគិរី មន្ដ្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ទីរអប់រំ​ខេត្ត​ផងដែរ​។ កិច្ច​ពិភាក្សា​បាន​ផ្ដោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​រវាង​ចក្រភព​អង់គ្លេស​ ​និង​ខេត្តរតនគិរី​ ដើម្បី​បន្ត​ការ​គាំទ្រ​របស់​អង់គ្លេស​ក្នុង​តំបន់​។

ក្រៅពីនោះ​លោក Marc Thayre បាន​ទៅ​ទស្សនា​សហគមន៍​កុកឡាក់ ដើម្បី​ជួប​ពលរដ្ឋ​ក្នុង​តំបន់​ និង​ស្វែងយល់​អំពី​ជីវភាព​រស់នៅ គ្រួសារ​គំរូ​របស់​អង្គការ FFI ដែល​កំពុងតែ​គាំទ្រ​ដល់​ការងារ​របស់​ពួកគេ​នៅក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​។ ស្វែងយល់​ពី​ការប្រមូល​ផល​ផ្លែ​សំរង​ដោយ​និរន្តរភាព​ និង​ទៅ​ទស្សនកិច្ច​សាលារៀន​ដែល​កំពុង​អនុវត្ត​កម្មវិធី​មេត្រីភាព​បរិស្ថាន និង​ពិភាក្សា​ជាមួយ​កសិករ​ដែល​កំពុង​សាកល្បង​គម្រោង​កសិរុក្ខកម្ម​​ផងដែរ​។

លោក បាប្លូ ស៊ីណូផាស តំណាង​អង្គការ FFI ថ្លែងថា ឧទ្យាន​ជាតិ​វីរជ័យ​ដែល​តំណាង​ឱ្យ​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា​សម្បូរ​ជីវចម្រុះ​នៃ​ជួរ​ភ្នំ Annamites​ ដែលជា​កន្លែង​ចុងក្រោយ​ សម្រាប់​ប្រភេទ​សត្វ​កម្រ​បំផុត​របស់​កម្ពុជា​ដូចជា ទោច​ថ្ពាល់​លឿង​ភាគ​ខាងជើង និង​សត្វ​ឈ្លូស​យក្ស​ដែល​ជិត​ផុត​ពូជ​។

លោក​ថា​៖ «​យើង​កំពុង​ផ្តោត​សំខាន់​លើ​គោលការណ៍​សម្រាប់​​អភិរក្ស​រយៈពេល​វែង​នៃ​តំបន់​​ទេសភាព​ឆ្លង​ព្រំដែន​ដ៏សំខាន់​នេះ​ដែល​ប្រឈមមុខ​នឹង​ការកើនឡើង​សម្ពាធ​ផ្សេងៗ​»​។

លោក​បានឱ្យ​ដឹងថា អង្គការ FFI បានចាប់ផ្ដើម​អនុវត្ដ​គម្រោង​របស់ខ្លួន​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​​តាំងពី​ឆ្នាំ ​២០០៨ ហើយ​គម្រោង​បច្ចុប្បន្ន គឺ​កំពុង​ផ្តោតលើ​ការការពារ​ជីវសាស្ត្រ​សំខាន់ៗ និង​ព្រៃ​តំបន់​ត្រូពិក​ដែល​កំពុង​រង​ការគំរាម​កំហែង​នៅ​កម្ពុជា​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​រតនគិរី​បាន​ឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​​របស់​តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស​នេះ លោក​បាន​បង្ហាញ​ការសប្បាយ​ចិត្ដ​ចំពោះ​ការ​អនុវត្ដ​គម្រោង និង​ការបង្កើន​ជីវភាព​​ដល់​សហគមន៍​នៅ​មូលដ្ឋាន​។

លោក​ថា​៖ «​ខាង​ស្ថានទូត​ចាប់អារម្មណ៍​ច្រើន​លើ​ការអភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​តំបន់​អភិរក្ស​ផ្សេងៗ​...»​។

បើតាម លោក ខេមរិន្ទ ឧទ្យាន​ជាតិ​វីរជ័យ​មាន​សក្តានុពល​ច្រើន​ផ្នែក​ទេសចរណ៍​ធម្មជាតិ​ដែល​សម្បូរ​សត្វព្រៃ និង​សម្រស់​ធម្មជាតិ​។ ​លោក​បានឱ្យ​ដឹងថា ឧទ្យាន​ជាតិ​វីរជ័យ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី និង​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ផ្ទៃដី​ទំហំ​ ៣៣២ ៥០០ ​ហិកតា​៕