ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នកទោស​ចំនួន​ ១៧ ​នាក់ ​រស់នៅ​ក្រៅ​ពន្ធនាគារ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន ស្រប​តាម​ស្មារតី​នៃ​ប្រកាស​ស្តីពី​បែបបទ​នៃ​ការឃ្លាំមើល​តាមដាន ការត្រួតពិនិត្យ និង​ការបញ្ចូល​ទៅក្នុង​សង្គម​វិញ​នៃ​ទណ្ឌិត​ដែល​ត្រូវបាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​របស់​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃទី​ ១៤ ខែ កក្កដា ឆ្នាំ​ ២០២១​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែកក្កដា​ថា ការអនុញ្ញាត​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច និង​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​នៅពេលនេះ​។

លោក​បន្តថា ចំពោះ​ការអនុញ្ញាត​ឱ្យ​អ្នកទោស​ចំនួន ១៧ ​នាក់​រស់នៅ​ក្រៅ​ពន្ធនាគារ​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​មួយចំនួន ដូចជា​មាន​លំនៅ​អចិន្រៃ្តយ៍​ច្បាស់លាស់​មាន​ទោស​កម្រិត​ស្រាល មាន​អ្នក​ដឹងឮ និង​មាន​អ្នក​ធានា​ពី​ក្រុមគ្រួសារ​ត្រឹមត្រូវ​។

លោក​បន្តថា មួយវិញ​ទៀត​រាល់​ព័ត៌មាន​ទាំងអស់​របស់​ទណ្ឌិត​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​រដ្ឋបាល​ឃុំ​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​ដើម្បី​ឱ្យ​មាន​ការឃ្លាំមើល​ជា​ប្រចាំ និង​លក្ខខណ្ឌ​មួយចំនួន​ទៀត ទណ្ឌិត​ទាំងនោះ​ក៏​អាច​នឹងត្រូវ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍នគរបាល​ផងដែរ​។

បើតាម លោក នុត សវនា ការអនុញ្ញាត​ឱ្យ​អ្នកទោស​ទាំង ១៧ ​នាក់​រស់នៅក្នុង​សហគមន៍​នេះ ពិតជា​មាន​ផលប្រយោជន៍​ច្រើន​ដល់​សង្គម​ជាតិ បើសិន​ជា​ទណ្ឌិត​នោះ​មាន​លំនៅឋាន មាន​អាជីវកម្ម និង​ការងារ​ធ្វើ​ត្រឹមត្រូវ និង​មួយទៀត អាច​នឹង​ជួយ​កាត់បន្ថយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​ផងដែរ​។

លោក​ថ្លែងថា​៖ «​សង្គម​យើង​កុំ​ចេះតែ​វាយតម្លៃ​អ៊ីចេះ​ ឬ​អ៊ីចុះ​! តាមពិត​រឿង​ខ្លះ វា​អចេតនា ឬ​រឿង​តូចតាច និង​ស៊យ​មួយពេល អ៊ីចឹង​បើ​ច្បាប់ អី​តិច​គុក អី​តិច​គុក អាហ្នឹង​ក៏​ពិបាក​ដែរ​។ អ៊ីចឹង​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​យើង ងាក​មក​មើល​អាហ្នឹង ហើយ​បើ​កិច្ចការងារ​នេះ​ទទួល​បាន​ជោគជ័យ យើង​នឹង​បន្ត​​ធ្វើ​ទៀត​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី​ ២៣ ខែ កក្កដា ឆ្នាំ​ ២០២២ បាន​ឱ្យ​ដឹងថា ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នៅក្នុង​ពន្ធនាគារ គឺ​រដ្ឋអនុញ្ញាត​ឱ្យមាន​ការដោះលែង​ទណ្ឌិត​ឱ្យទៅ​រស់នៅក្នុង​សហគមន៍​ដោយ​មាន​លក្ខខណ្ឌ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា ការដោះលែង​ឱ្យមាន​លក្ខខណ្ឌ​ផ្តោត​សំខាន់​ទៅលើ​អ្នក​ដែល​បាន​កែប្រែ​ខ្លួន​បានល្អ ហើយ​រយៈពេល​នៃ​ការជាប់​ឃុំ​មិន​ឱ្យ​លើសពី ៦​ ខែ​។ នៅពេល​ដែល​ទៅ​រស់នៅក្នុង​សហគមន៍​វិញ ទណ្ឌិត​ទាំងនោះ​ត្រូវធ្វើ​អំពើ​ល្អ និង​កែប្រែ​ខ្លួន ប៉ុន្តែ​នៅពេល​ដែល​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត កម្លាំង​សមត្ថកិច្ច​នឹង​ចាប់​យកមក​ឃុំខ្លួន​វិញ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​៖ «​អគ្គនាយក​ពន្ធនាគារ​បន្ត​តាម​រឿងនេះ បើ​ល្អ យើង​ធ្វើ​តទៀត ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង នៅក្នុង​ពន្ធនាគារ និង​មួយទៀត​ជា​ឱកាស​សម្រាប់​ក្រុមគ្រួសារ​អាច​ជួបជុំ​គ្រួសារ​ឡើងវិញ ប៉ុន្តែ​បើ​គាត់​ធ្វើ​អី​ផ្តេសផ្តាស គាត់​មាន​ទោស​ដដែល​ទេ​»​។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែកក្កដា​ថា កិច្ចការ​នេះ អង្គការ​សង្គម​-​ស៊ីវិល កន្លងមក​ក៏បាន​ទទូច​ស្នើសុំ​ឱ្យ​មាន​ការអនុញ្ញាត​ឱ្យ​អ្នក​ដែល​ជិត​ផុត​ទោស និង​ការព្យួរទោស​រួម​ជាមួយ​នឹង​ការអនុវត្ត​ទោស​ពាក់កណ្តាល ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​អាចឱ្យ​ពួកគាត់​ជួយ​សេដ្ឋកិច្ច​គ្រួសារ​បាន​រួមជាមួយ​នឹង​ការដោះ​បន្ទុក​របស់​រដ្ឋ​ផងដែរ ប៉ុន្តែ​ករណី​ទាំងនេះ​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​រហូត​ដល់​ផុត​ទោស​។

លោក​ថ្លែងថា​៖ «​អានេះ​! ខ្ញុំ​គិតថា វា​ជា​ជំហាន​ល្អ ដែល​រដ្ឋាភិបាល​ចាប់ផ្តើម​សាកល្បង ហើយ​សង្ឃឹម​ថា ការអនុវត្ត​នេះ​នឹង​បន្ត​ទៅទៀត ប៉ុន្តែ​ធ្វើយ៉ាងណា ឱ្យ​ការអនុវត្ត​នៅក្រៅ​ឃុំ​នៃ​ទណ្ឌិត​នោះ​ប្រកប​ដោយ​តម្លាភាព និង​ស្មើភាព​គ្នា ដោយ​មិន​មាន​ការរើសអើង ឬ​និន្នាការ និង​មិនមាន​ការអនុវត្ត​ចំពោះ​បុគ្គល​អ្នកទោស​ជាដើម ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ និង​គ្មាន​អំពើ​ពុករលួយ​»​។

បើតាម លោក អំ សំអាត អង្គការ​លីកាដូ​នឹង​បន្ត​តាមដាន និង​ផ្សព្វផ្សាយ​ឱ្យបាន​ជ្រួតជ្រាប​ពី​បញ្ហា​នេះ កុំឱ្យ​មាន​ការរើសអើង និង​ដើម្បី​រួមគ្នា​លើកកម្ពស់​សិទ្ធិ និង​ការពារ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​៕