
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក្នុងពេលធ្វើសមាជគណបក្ស នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សមាជិករបស់គណបក្សភ្លើងទៀនបានប្រតិកម្មទៅនឹងសំណើ របស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន ជុំវិញ «សម្ព័ន្ធភាព ២០២៣» ដែលបានស្នើទៅគណបក្សមួយចំនួន ក្នុងនោះក៏មានគណបក្សភ្លើងទៀនផងដែរ ដើម្បីចងសម្ព័ន្ធគ្នាប្រមូលសំឡេងឱ្យបានច្រើនក្នុងរដ្ឋសភា ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។
ប្រតិកម្មនេះ ធ្វើឡើង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២ បង្ហាញពីការដាក់សំណើ ចងសម្ព័ន្ធភាពនយោបាយ ២០២៣ ទៅគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សផ្សេងទៀត ដើម្បីដណ្តើមអាសនៈឱ្យបានច្រើនក្នុងរដ្ឋសភា ពីគណបក្សប្រជាជនកម្ពុជា។
លោកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត សមាជិកគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង ដែលជាអតីតចៅសង្កាត់អូរចា សរសេរលើទំព័រហ្វេសប៊ុករបស់លោកស្រី កាលពីថ្ងៃទី ២៧ ខែកក្កដាថា កាលៈទេសៈបែបនេះគ្មានភាពចាំបាច់ណាមួយ ដែលគណបក្សភ្លើងទៀន ត្រូវទៅរួបរួមជាមួយបក្សណាឡើយ និងមិនឆោតទៅចងសម្ព័ន្ធភាពជាមួយអ្នកគ្មានភាពស្មោះត្រង់ឡើយ។
លោកស្រីថ្លែងថា៖ «យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្ត្រ រូបមន្តសេះហោះ គ្មានយុទ្ធសាស្ត្រ។ យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ»។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែកក្កដាថា ការលើកឡើងរបស់លោកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺជាការព្រួយបារម្ភរបស់នាង ក្នុងនាមជាសមាជិកគណបក្សភ្លើងទៀន ព្រោះវាអាចបង្កឱ្យមានបញ្ហាណាមួយកើតឡើងនៅពេលខាងមុខ។
លោកថា គណបក្សភ្លើងទៀន មិនទាន់បានគិតគូរពីការចងសម្ព័ន្ធភាពនយោយបាយជាមួយគណបក្សផ្សេងៗនោះទេ ព្រោះបច្ចុប្បន្ន គណបក្សកំពុងពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ឱ្យបានរឹងមាំជាមុនសិន។ ប៉ុន្តែនៅពេលដែលរៀបចំរចនាសម្ព័ន្ធរួចហើយ ថ្នាក់ដឹកនាំ នឹងប្រជុំពិភាក្សាលើទម្រង់សម្ព័ន្ធភាពណាមួយដែលត្រូវបានស្នើឡើង។ ទោះជាយ៉ាងណា លោកស្វាគមន៍ចំពោះគណបក្សដែលមានបំណងមកចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលមានស្រាប់ ព្រោះបើទៅបង្កើតថ្មី គឺមានភាពស្មុគស្មាញ និងខាតពេលវេលាផង។
លោកថ្លែងថា៖ «យើងមិនទាន់មានឃើញរូបមន្តច្បាស់លាស់ទេ។ គណបក្សភ្លើងទៀន មានតែរៀបចំខ្លួនឱ្យរឹងមាំសិន ដើម្បីឱ្យគេអាចមកនៅជាមួយនឹងយើងបាន»។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិតេយ្យមូលដ្ឋាន ស្វាគមន៍ប្រតិកម្មរបស់សមាជិកបក្សភ្លើងទៀននេះ ដែលជំរុញឱ្យគណបក្សរបស់លោកខិតខំធ្វើការកសាងសម្ព័ន្ធភាពឱ្យបានទូលំទូលាយថែមទៀត ដើម្បីគោលដៅរួមមួយពិតប្រាកដ។
លោកបន្តថា ការងារល្អតែងជួបការលំបាក និងត្រូវការពេលវេលា ហើយការងាររួមគ្នាដើម្បីផលប្រយោជន៍វែងឆ្ងាយទាំងអស់គ្នា តែងតែត្រូវការការសម្របសម្រួលប្រកបដោយភាពអត់ធ្មត់ និងការលះបង់ខ្ពស់។
លោកថ្លែងថា៖ «គោលបំណងរបស់យើង គឺមិនទៅដណ្តើមអាសន:ពីគណបក្សក្នុងសម្ព័ន្ធភាពទេ គឺជួយគ្នាទៅវិញទៅមក ដើម្បីឱ្យគ្រប់គណបក្សជាដៃគូបានអាសន:។ គណបក្សធំបានកាន់តែច្រើន ហើយបើរួមជាអាសន:ចូលគ្នាក្លាយជាកម្លាំងនយោបាយមួយធំនៅក្នុងសភាជាតិ»។
បើតាម លោក យ៉ង សាំងកុមារ បើគណបក្សនយោបាយផ្សេងៗ មិនសហការគ្នាទេ គណបក្សខ្លះអាចមិនបានអាសន: ហើយគណបក្សដែលបានអាសន: ក៏មិនបានច្រើនដែរ៕