​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​២៩ ខែកក្កដា ដល់​ថ្ងៃទី​ ៥ ខែសីហា នៅ​រាជធានី​ភ្នំពេញ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ល្ងាច​ថ្ងៃទី​ ២៨ ខែកក្កដាថា​៖ «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ហើយនឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​រួមគ្នា ដោយ​រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន​»​។​

​កិច្ចប្រជុំ AMM លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមមានកិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​៣ លើក​ទី​២៣ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២ និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ស្របពេល​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន នឹង​ធ្វើជា​សាក្សី​ការចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ប្រទេស​ដា​ណឺ​ម៉ាក ក្រិ​ក ហូ​ឡង់ អូ​ម៉​ង់​, កាតា និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។​

​រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន ក៏​នឹងចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អាស៊ាន​ឆ្នាំ​ ២០២១ ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ នឹងមាន​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​៣​ដាច់ដោយឡែក​ពីគ្នា រវាង​កម្ពុជា​និង​លេខាធិការដ្ឋាន​អាស៊ាន ជាមួយនឹង​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ចំនួន​៣ រួមមាន ប្រទេស​ន័​រវេ​ស ប្រទេស​តួ​ក​គី និង​ប្រទេស​ស្វ៊ី​ស​»​។​

​ក្រៅពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ប្រទេស​ទាំង​ ៦ ដែល​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង (TAC) ប្រទេស​ចំនួន​ ៤​ ផ្សេងទៀត នឹង​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ រួមមាន​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ម៉ា​រ៉ុ​ក ទី​ម័​រ​ខាងកើត និង​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ AMM លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រំពឹងថា ​នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយនឹង​សម​ភាគី​បរទេស​របស់​លោក​៕​