
កាស៊ីណូក្នុងខេត្តព្រះសីហនុ ដែលមានការបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់និងរបួស៕ រូបថត FB
ព្រះសីហនុៈ នគរបាលជំនាញខេត្តព្រះសីហនុ បានកំពុងចាប់ផ្ដើមស៊ើបអង្កេតទៅលើករណីបាញ់ប្រហារ នៅក្នុងកាស៊ីណូយីហោ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ ១ សង្កាត់លេខ ២ ក្រុង-ខេត្ត ព្រះសីហនុ កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា បណ្ដាលឱ្យបុរសជនជាតិចិន ២ នាក់ស្លាប់ និងស្ត្រីជនជាតិចិនម្នាក់រងរបួស។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ កក្កដាថា ករណីបាញ់មនុស្សឱ្យស្លាប់ និងរបួសនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។
លោកថ្លែងថា៖ «យើងដឹងថាជាករណីទំនាស់រវាងពួកគាត់ និងពួកគាត់ហ្នឹងហើយតែឥឡូវនេះយើងកំពុងតែកាន់កាប់ជំនាញហ្នឹងហើយ។ យើងកំពុងតែស្រាវជ្រាវឱ្យដល់ឫសគល់បន្តិចសិន»។
លោក ណារិន្ទ ថ្លែងថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងបាញ់ប្រហារ ប៉ុន្តែស្ត្រីរងរបួសម្នាក់នោះបានគេចខ្លួនចេញពីកន្លែងកើតហេតុដោយបន្សល់ទុកតែបុរសជនជាតិចិនស្លាប់២នាក់ ហើយកម្លាំងជំនាញកំពុងតែស្វែងរកស្ត្រីរងគ្រោះរូបនោះ។
ទោះយ៉ាងណាបើតាមមន្ត្រីនគរបាលក្រុងព្រះសីហនុម្នាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ កក្កដាថា ករណីនេះសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញស្ត្រីរងរបួសជាជនជាតិចិននោះហើយ ហើយស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជននៃមន្ទីរពេទ្យចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរស្ត្រីជនជាតិចិនមកក៏បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យបានចំនួន៣នាក់នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២។ ជនសង្ស័យទាំង៣នាក់ទី១- ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ។ ២- ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ និងឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ។
លោកស្រី ជៀប សុធាវី មន្ត្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ នៅថ្ងៃទី ៣១ កក្កដា បានថ្លែងដោយចោទជាសំណួរថា ហេតុអ្វីបានជាជនបរទេសទាំងនោះមានកាំភ្លើងប្រើនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
លោកស្រីថ្លែងថា៖ «ច្បាប់របស់ប្រទេសកម្ពុជា មិនមែនថា ល្អឥតខ្ចោះទេ ក៏ប៉ុន្តែអាចទទួលយកបានក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ដែលមានសមត្ថកិច្ចទាំងពីថ្នាក់មូលដ្ឋានរហូតដល់ស្នងការដ្ឋាននគរបាល រួមប្រជាការពារភូមិទៀត ចុះហេតុអ្វីបានជាជនប្រព្រឹត្តបទល្មើសទាំងអស់នោះជាជនបរទេសបង្កបញ្ហាអសន្តិសុខរហូតមានកាំភ្លើងមិនខ្លាចញញើតច្បាប់កម្ពុជា»៕