មណ្ឌលគិរីៈ​យ៉ាង​ហោច​ណាស់ជន​សង្ស័យ ៨៥ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ក្នុង​សំណុំរឿង​បទ​ល្មើស​ធនធាន​ធម្មជាតិ​ដែល​បង្ក្រាប​បាន​ចំនួន​ ១៩៥ ករណី ​ ពិន័យ​អន្តរ​ការណ៍​ ៣០ ករណី និង​បាន​ដោះ​អន្ទាក់​ចម្រុះ​ ១៥ ៦០០ អន្ទាក់ ក្នុងរយៈ​ពេល​ ១២ ​ខែ​ ខណៈ​ខេត្ត​នេះ​ បាន​​លក់ឥណទានកាបូន កើន​ឡើង​ពី​ ២០ ម៉ឺន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១​ ដល់​ ៦០​ ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ​នៅ​ខេត្ត​មណ្ឌលគិរី កាលថ្ងៃទី ២៩ ខែកក្កដា​ថា ​ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២១ និង ៦ ខែដើមឆ្នាំ ២០២២ នេះ ​​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​បានធ្វើការបង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិសរុបចំនួន ១៩៥ ករណី ​ ក្នុងនោះបញ្ជូន​ទៅតុលាការ ១៦០ ករណី ពិន័យអន្តរការណ៍ ៣០ ករណី។ តាមរយៈសកម្មភាពរបស់មន្ត្រីឧទ្យានុរក្ស ក៏បានធ្វើការដោះអន្ទាក់ចម្រុះរហូតដល់ ១៥ ៦០០ អន្ទាក់ ស្របតាមនីតិវិធី​ច្បាប់​ស្តីពីតំបន់ការពារធម្មជាតិ ​។ ​

លោកបញ្ជាក់ថា៖«យើងដកហូតរណារយន្តរហូតដល់​ ៦២៨ គ្រឿង រថយន្ត ៥៩ គ្រឿង គ្រឿងចក្រ ៦ គ្រឿង ត្រាក់ទ័រ ១២ គ្រឿង គោយន្តកន្ត្រៃ ២៩ គ្រឿង ម៉ូតូ ២៨៩ គ្រឿង ទូក ២ គ្រឿង ដកបង្គោលព្រំដីដាំដោយខុសច្បាប់ ៥ ៨០២ ដើម កាំភ្លើងកែច្នៃ ២៤ ដើម ក្នុងនោះមានអាវុធអាកាស្វ័យប្រវត្តិ ១ ដើម គ្រាប់ ១៨ គ្រាប់ ដកហូតសត្វព្រៃចម្រុះ និងឈើចម្រុះ​មួយចំនួនធំផងដែរ»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កម្រិតរបាយការណ៍នេះ បាន​បង្ហាញចំនួន​បទល្មើសកើត​ឡើង​ច្រើន ដោយសារតែខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានផ្ទៃដី អភិរក្សធំជាគេបំផុតក្នុងប្រទេស គឺមានផ្ទៃដី ១៣០ ០០០០ ហិកតា​។ នៅក្នុងប្រទេសកម្ពុជា ខេត្តដែលមានតំបន់ការពារធម្មជាតិ​គឺមានចំនួន ២១ ខេត្ត សរុបផ្ទៃដីគឺ ៧៣០ ០០០០ ហិកតា ស្មើនឹងប្រមាណ ៤១ ​ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា លើកលែងតែ​រាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង និងខេត្តកណ្តាល ប៉ុណ្ណោះដែលមិនមានតំបន់ការពារធម្មជាតិ។​

លោកថ្លែងថា៖«ខេត្តមណ្ឌលគិរី ជាខេត្តដែលបង្ក្រាបបទល្មើសច្រើនជាងគេ ពីព្រោះផ្ទៃដីធំជាងគេ នៅស្រុកខ្មែរយើងហ្នឹង»។

​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កម្ពុជាបានលក់ឥណទានកាបូនដែល​ខ្លួនមាន​ ទៅក្រុមហ៊ុន​អន្តរជាតិធំៗ​ចាប់ពីឆ្នាំ​ ២០១៦​ មកដល់ឆ្នាំ ២០២០ បានទឹក​ប្រាក់ចំនួន ១១,៦ លានដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះ​ស្វែង​រក​ទីផ្សារថ្មីៗ​បន្ថែមទៀត​ ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន ដើម្បី​យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិដែលមាន និងការចូលរួមបង្កើតសេដ្ឋកិច្ចមូលដ្ឋាន។

លោកបញ្ជាក់ថា ថវិកាដែលបានពីការលក់ឥណទានកាបូនត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួម​អភិវឌ្ឍ​សហគមន៍​នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំង​ការបណ្តុះ​បណ្តាល​សហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមាន​បន្លែបង្ការ​សម្រាប់​​ប្រើប្រាស់​ប្រចាំ​ថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ​ដែលទៅទស្សនាកម្សាន្ត​នៅក្នុងតំបន់សហគមន៍​របស់ពលរដ្ឋផងដែរ។

លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការ WCS ដែលអនុវត្តគម្រោង​រួមគ្នាជាមួយមន្ទីរ​បរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២២ នេះ សហគមន៍នៅដែនជម្រកសត្វព្រៃ​កែវសីមាទទួលបានថវិកា ៦០ ម៉ឺនដុល្លារអាមេរិកពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ដែលមានកំណើន៣ដង បើប្រៀបធៀប​នឹងឆ្នាំ ២០២១។

លោកស្រីថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២២ នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុង​ទីផ្សារស័គ្រចិត្តបានចែករំលែកដល់​សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានកើនឡើងពី ២០ ម៉ឺននៅឆ្នាំ ២០២១ ដល់ចំនួន ៦០ ម៉ឺនដុល្លារអាមេរិក ដែលមាន​ចំនួន​កើនឡើង៣ដង បើធៀបនឹងឆ្នាំ ២០២១ ដោយមានការបែងចែកតាមភូមិចំនួន ២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការ​ចូល​រួមការពារ​ធនធានធម្មជាតិ»។

លោកស្រីរំពឹងថា នៅឆ្នាំ ២០២៣ ខាងមុខនេះ ថវិកាដែលបានមកពីការលក់ឥណទាន​កាបូនក្នុងទីផ្សារ​ស័គ្រចិត្ត​ដែលនឹង​ធ្វើវិភាជដល់សហគមន៍អាចកើនដល់ ១ លានដុល្លារ ប៉ុន្តែលុះត្រាតែមានការខិតខំចូលរួម​ពីសហគមន៍នៅក្នុង​ដែនជម្រក​៕