ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បាន​អញ្ជើញ​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​យល់ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ឬ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ឬ​របប​សភានិយម​នៅ​កម្ពុជា​ឱ្យចូល​រួម​ជួបជុំគ្នា ដើម្បី​ក្រសួង​អាច​ពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយផ្ទាល់​បន្ថែមទៀត ដើម្បី​ជម្រះ​នូវ​កង្វល់​មិន​ត្រឹមត្រូវ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី ​២៩ ខែកក្កដា ឆ្នាំ ២០២២ បានឱ្យ​ដឹងថា ជំនួប​នេះ​​នឹងត្រូវ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌​នា​រសៀល​ថ្ងៃទី​ ២,​ទី ​៣ និង​ទី​ ៤ ខែសីហា ឆ្នាំ​ ២០២២ ចាប់ពី​ម៉ោង​ ១៤:៣០ នាទី​តទៅ អាស្រ័យ​តាម​សំណើ និង​ពេលវេលា​របស់​គណបក្ស​ ឬ​អង្គការ​សង្គម​ស៊ីវិល​។

រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ៧ ​នីតិកាល​ទី​ ៦ ដោយ​បាន​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​លើក​ទី​ ១០ ​ដោយ​សំឡេង​គាំទ្រ​ ១០៥ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ និង​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ ជាពិសេស​ការធានា​ឱ្យ​ស្ថាប័នរដ្ឋ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មិន​ជាប់​គាំង​ប្រកប​ដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។

បើតាម​ក្រសួង​យុត្តិធម៌ កន្លងមក​តំណាង​រាជរដ្ឋាភិបាល​បាន​បំភ្លឺ​អំពី​ខ្លឹមសារ និង​គោលបំណង​​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០ នេះ ហើយ​ក៏បាន​ឆ្លើយបំភ្លឺ​ទៅនឹង​កង្វល់​ ​ឬ​ការលើកឡើង​ ឬ​ការយល់ដឹង​​នានា​ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ និង​ដែល​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​ជុំវិញ​សំណើ​ធ្វើ​វិសោធនកម្ម​នេះ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ពីថ្ងៃ​ទី​ ៣០ ខែ​កក្កដា​ថា ជំនួប​នេះ ពុំមែន​ជា​ជំនួប​ពិគ្រោះ​យោបល់​នោះទេ តែ​ជាការ​បកស្រាយ​ពន្យល់​ដោយ​ផ្ទាល់​បន្ថែមទៀត ចំពោះ​គណបក្ស​នយោបាយ ​ឬ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​យល់​មិនបាន​ច្បាស់​ពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​វិសោធនកម្ម​លើក​ទី​ ១០​ នៃ​រដ្ឋធម្មនុញ្ញ ពិសេស​ការយល់​ភាន់ច្រឡំ ដែល​ថា ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ឬ​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម​។

លោក​បន្តថា ការអញ្ជើញ​មកជួប​ចំពោះ​គណបក្ស​នយោបាយ​ ឬ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ក៏​ពុំមែន​ជា​ការ​ធ្វើ​បង្គ្រប់កិច្ច​ដែរ គឺ​ដើម្បីឱ្យ​ពួកគាត់​យល់​ឱ្យ​ច្បាស់លាស់​អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​ការធ្វើ​វិសោធនកម្ម​នេះ​ចៀសវាង​គាត់​ស្វែងយល់​ខ្លួនឯង​មានការ​ខ្វះខាត​ ឬ​ស្តាប់​​ពី​អ្នកវិភាគ​នានា​ដែល​វិភាគ​មិនបាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ប្រជាជន​កម្ពុជា​ភាគច្រើន គឺ​បាន​គាំទ្រ​ចំពោះ​ការធ្វើ​វិសោធនកម្ម​លើក​ទី​ ១០​ នេះ​ដូច​អ្វីដែល​យើង​បានឃើញ​មាន​ការចេញ​ញត្តិ​ ឬ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ជា​បន្តបន្ទាប់​»​។

លោក​ ចេប គឹមអ៊ាង អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែ​កក្កដា​ថា គណបក្ស​គ្មានអ្វី​ត្រូវ​ចូលរួម​ស្តាប់​ការពន្យល់​បន្ថែម​ពី​ក្រសួង​យុត្តិធម៌​នោះ​​ទេ ព្រោះ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋសភា​រួចហើយ​។ ប៉ុន្តែ​បើ​បាន​ហៅ​មុន​ការអនុម័ត គណបក្ស​នឹងមាន​ការចូលរួម​​ដើម្បី​ពិគ្រោះ​យោបល់​។

លោក​ថ្លែងថា​៖ «​ការអនុម័ត​រួចហើយ ហើយ​ពន្យល់​ទៀត គ្មាន​អ្វី​ប្លែក​ទេ​។ ​ម្យ៉ាង​អត្ថន័យ​ក្នុង​ច្បាប់​យើង​បានដឹង​អស់​ហើយ ដូច្នេះ​គណបក្ស​គ្មាន​គោលការណ៍​ទៅ​ចូលរួម​ទេ ហើយ​គណបក្ស​ផ្សេងទៀត​ដែល​សហការ​ជាមួយ​យើង ក៏​ប្រហែល​មិន​ទៅ​ចូលរួម​ដែរ ពីព្រោះ​គេ​អនុម័ត​រួចហើយ​»​។

លោក​បន្តថា លោក​មាន​ការខកចិត្ត​ខ្លាំង​ដែល​រដ្ឋសភា​មិន​​បាន​យក​ញត្តិ​របស់​គណបក្ស​នយោបាយ​ចំនួន​ ៤ គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា ដែល​បានដាក់​កាលពី​ថ្ងៃទី ​២១ ខែកក្កដា ឱ្យមាន​ការពិចារណា​កុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០ ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ឡឹក សុធារ អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ៣១ ខែកក្កដា ប៉ុន្តែ​​គណបក្ស​នេះ​បាន​សរសេរ​លើ​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ៣០ ខែកក្កដា​ថា គណបក្ស​រីករាយ​ចូលរួម ប្រសិនបើ​ការអញ្ជើញ​ឱ្យមាន​ការជួប​ពិភាក្សា​បែប​ពិគ្រោះ​យោបល់ ធ្វើឡើង​មុន​រដ្ឋសភា​អនុម័ត​យ៉ាងតិច​ ១ ​សប្តាហ៍​។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣១ ខែកក្កដា​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​មិនទាន់​បាន​ពិភាក្សា​ជាមួយ​អង្គការ​សមាគម​ជាង ​១០០ ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​កាលពីថ្ងៃ​ទី​ ២៧​ កក្កដា ឆ្នាំ​ ២០២២ ជុំវិញ​ការបារម្ភ​ពី​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០ ​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​អង្គការ​របស់​លោក​នឹងមិន​ទៅ​ចូលរួម​ស្តាប់​តាម​ការអញ្ជើញ​ពី​ក្រសួង​យុត្តិធម៌​ទេ ព្រោះ​វិសោធនកម្ម​​នេះ​ត្រូវ​បានអនុម័ត​រួចហើយ និង​ត្រូវ​បាន​បញ្ជូនទៅ​ព្រឹទ្ធសភា​ ដើម្បី​អនុម័ត​បន្តទៀត​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យមាន​ការពិគ្រោះ​យោបល់​ពី​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ត្រៀម​ចូលរួម​បោះឆ្នោត ចំពោះ​ការធ្វើ​វិសោធនកម្ម​នេះ ប៉ុន្តែ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួចហើយ ។ ម្យ៉ាង​យើង​បាន​សរសេរ​ពី​ការបារម្ភ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​យើង​រួចហើយ បើ​យើង​ទៅ​ក៏​គ្មាន​បាន​បញ្ចេញ​មតិយោបល់​ដែរ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ប្រកាស​រំលាយ​គណបក្ស​ខ្លួន​ចាប់ពី​ថ្ងៃ​ ២៩ ខែកក្កដា ឆ្នាំ ​២០២២ តទៅ ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​មើលឃើញ​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រទេស​កម្ពុជា​​មាន​សន្តិភាព ការអភិវឌ្ឍ ជាពិសេស​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​បង្ហាញ​ច្បាស់​អំពី​ការគិតគូរ​ប្រយោជន៍​ជាតិ​ជាធំ​។

គណបក្ស​នេះ​សរសេរ​ក្នុង​​សេចក្តី​ប្រកាស​ព័ត៌មាន​ពីថ្ងៃ​ទី​ ២៩ ខែកក្កដា​ថា «​ដូច្នេះ​ពុំមាន​ហេតុផល​ណាមួយ​ដែល​យើង​​ខ្ញុំ​នៅ​បន្ត​ប្រឆាំង​នឹង​ការដឹកនាំ​របស់​សម្ដេច​តេជោ និង​គណបក្ស​ប្រជាជន​តទៅទៀត​ទេ​»​។

ជាមួយ​គ្នានេះ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ក្រសួង​ស្ថាប័ន​ជាតិ និង​អង្គការ​សមាគម​នានា​នៅ​ទូទាំង​ប្រទេស​បាន​​ចេញ​ញត្តិ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​​ការធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ធានា​ឱ្យដល់​​ស្ថាប័ន​ជាតិ​ ជាពិសេស​រាជរដ្ឋាភិបាល​មាន​ដំណើរ​ការប្រព្រឹត្ត​ទៅ​ដោយ​រលូន មិនមាន​ការជាប់​គាំង និង​ធានា​បាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​៕

វីដេអូ៖