ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​ចំនួន​ ៩ ​រូប និង​អភិបាលរង​រាជធានី​ចំនួន​ ៣ រូប​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៦ ​កក្កដា ឆ្នាំ​ ២០២២ គឺ​បានសម្រេច​តែងតាំង​លោក ឃ្លាំង ហួត ជា​ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន អតីត​អភិបាលខណ្ឌ​ជ្រោយចង្វារ លោក សុខ ពេញវុធ អតីត​អភិបាលខណ្ឌ​ដូនពេញ និង​លោក ហ៊ុន សុរិទ្ធី អគ្គនាយករង​អន្តោប្រវេសន៍​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ​៩ ​រូប​ក្នុងនោះ ផ្ទេរ​ភារកិច្ច ១-​ លោក ពេជ កែវមុនី ពី​អភិបាល​ខណ្ឌ​មានជ័យ​ឱ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។ ២-​ លោក​ ហែម ដារិទ្ធិ ពី​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ទៅជា​អភិបាលខណ្ឌ​មានជ័យ​។ ៣- លោក ធីម សំអាន ពី​អភិបាលខណ្ឌ​បឹង​កេងកង​ទៅជា​អភិបាលខណ្ឌ​ព្រែកព្នៅ​។ ៤- លោក សុខ សម្បត្តិ ពី​អភិបាលខណ្ឌ​ព្រែកព្នៅ​ទៅជា​អភិបាលខណ្ឌ​បឹងកេងកង​។ ៥- លោក លឹម សុភា ពី​អភិបាលខណ្ឌ ៧​មករា ទៅជា​អភិបាលខណ្ឌ​ជ្រោយចង្វារ​។ ៦- លោក ថេង សុថុល ពី អភិបាលខណ្ឌ​ចំការមន ទៅ ជា អភិបាលខណ្ឌ​៧​មករា​។ ៧- លោក សក់ ច័នកញ្ញារិទ្ធ ពី​អភិបាលរងខណ្ឌ​សែនសុខ ទៅជា​អភិបាលខណ្ឌ​ពោធិ៍​សែនជ័យ​។ ៨- លោក កៀង ល័ក្ស ពី​អភិបាលរងខណ្ឌ​៧​មករា ទៅជា​អភិបាល​ខណ្ឌចំការមន​ និង​ទី ៩- លោក​ ជា ខេមា ពី​អភិបាលរង​ខណ្ឌ​ព្រែកព្នៅ ទៅជា​អភិបាល​ខណ្ឌដូនពេញ​។

កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ ២០២២ ​លោក​ ហ៊ុន សែន ​ក៏បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច​លោក ឈួ សុធា ពី​អភិបាលរង​ខេត្ត​តាកែវ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្ដីការក្រសួង​មហាផ្ទៃ​ និង​តែងតាំង​លោក យង់ សុវឌ្ឍនា ជា​អភិបាលរង​ខេត្តតាកែវ​ផងដែរ​។

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៣១ ខែកក្កដា ថា ការផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​នេះ មិន​ប៉ះពាល់​ដំណើរការ​ការងារ​បម្រើ​សេវាកម្ម​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ការផ្លាស់ប្តូរ​ និង​ផ្ទេរ​ភារកិច្ច​នេះ​គឺ​ដើម្បី​បម្រើ​សេវា​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​មួយកម្រិត​ទៀត​នៅតាម​បណ្តា​រាជធានី ខេត្ត​។

មួយទៀត ចំពោះ​ការផ្លាស់ប្តូរ​តួនាទី ក៏​មិនមែន​អ្នក​ដែល​កាន់​តួនាទី​មុននឹង​ធ្វើ​ការមិន​បាន​ល្អ​នោះ​ដែរ បើ​ពិនិត្យមើល និង​វាយតម្លៃ​ទៅលើ​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ កន្លងមកនេះ​ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅតែ​មាន​ការគាំទ្រ​ចំពោះ​ការបម្រើ​សេវាកម្ម​សាធារណៈ​ជូន​ពួកគេ​ដដែល​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​​ថា​៖ «​មិនមែន​អ្នក​ដែល​ដូរ​ចេញ អសមត្ថភាព ក្នុង​ការបម្រើ​ការងារ​សេវាកម្ម​សាធារណៈ​នោះទេ​គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​បម្រើ​សេវា​សាធារណៈ​»​។

លោក ប៉ិច ពិសី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​ (IT) ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែកក្កដា​ថា ការផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​របស់​ថ្នាក់ដឹកនាំរាជធានី-ខេត្ត​នៅពេល​នេះ មិន​ជា​សំខាន់​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ និង​ទាន់​ពេលវេលា ជាពិសេស​គឺ​ការកាត់បន្ថយ​អំពើ​ពុករលួយ​ក្នុង​ការផ្តល់​សេវាសាធារណៈ​នានា​។

លោក​បន្តថា មួយវិញ​ទៀត គឺ​ការដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​លូ​កុំឱ្យ​លិច​ទឹក បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​សំរាម បញ្ហា​សន្តិសុខ បញ្ហា​ទឹក និង​ភ្លើង​ជាដើម​ឱ្យបាន​ទាន់ពេលវេលា​ ព្រោះ​កិច្ចការងារ​នេះ គឺ​អ្វីដែល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចង់បាន​បំផុត​។

លោក​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ​មិន​សំខាន់​ទេ ប៉ុន្តែ​សំខាន់​គឺ​ការធានា​នូវ​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព និង​សន្តិសុខ ជាពិសេស​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុង​មាន​សោភ័ណភាព​ ដើម្បីឱ្យ​ពលរដ្ឋ​រស់នៅ​បាន​ប្រកប​ដោយ​ភាពថ្លៃថ្នូរ​»​។

ជាមួយ​គ្នា​នេះ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ២៧ ខែ កក្កដា ២០២២ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក​ គីម រិទ្ធី អតីត​អភិបាលរង​ខេត្តកណ្តាល និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ដែល​ជា​កូនប្រុស​របស់​លោក​ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ធ្វើជា​អភិបាលខេត្ត​ព្រះវិហារ​ជំនួស​លោក​ ប្រាក់ សុវណ្ណ ដែល​ត្រូវ​ចូលនិវត្តន៍​៕