ភ្នំពេញៈ លោក ស៊ឹម វីរៈ អគ្គនាយក​អាស៊ាន​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សេចក្តី​ព្រាង​ឯកសារ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ស្តីពី​សេចក្តី​ប្រកាស​រួម​របស់ AMM លើក​ទី​ ៥៥ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣០ ខែ​កក្កដា តាម​ទម្រង់​ផ្ទាល់​។

ដំណើរការ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (AMM) លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី​ ២៩ ​កក្កដា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៥ ខែសីហា​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។

ហ្វេសប៊ុក ASEAN 2022 បញ្ជាក់​នា​ថ្ងៃទី​ ៣០ ខែកក្កដា ថា​៖ «​សង្ឃឹមថា ការចរចា​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាងសកម្ម និង​ប្រកប​ដោយ​ផ្លែផ្កា​»​។

នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា លោក ស៊ឹម វីរៈ​ បាន​រៀបចំ​អាហារ​ពេល​ល្ងាច ដើម្បី​ស្វាគមន៍​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សេចក្តី​ព្រាង​ឯកសារ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ស្តីពី​សេចក្តី​ប្រកាស​រួម​របស់ AMM លើក​ទី​ ៥៥​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​សរសេរ​នៅលើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣០ ខែកក្កដា ថា ខណៈ​កិច្ចប្រជុំ​បាន​ចាប់ផ្តើម​មន្ត្រី​ជំនាញ​ និង​បុគ្គលិក​ពាក់ព័ន្ធ​ទាំង​ឡាយ​ប្រាកដ​ជា​បាននិង​កំពុង​ដុតដៃ​ដុតជើង​ពេញ​ ១​ សប្តាហ៍​។ លោក​សរសេរ​ថា​៖ «​ក្នុង​អំឡុងពេល​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ យើង​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​កូនក្មួយ​នៅ​ភ្នំពេញ ចំពោះ​ការកកស្ទះ​ចរាចរណ៍ និង​ការរៀបចំ​បដិសណ្ឋារកិច្ច​នានា​។ កាតព្វកិច្ច​ម្តង​ក្នុង​ ១ ​ទសវត្សរ៍​នេះ​នឹង​ក្លាយជា​សមិទ្ធផល​ដ៏សំខាន់​មួយទៀត​ សម្រាប់​កម្ពុជា​ក្នុង​នាម​សមាជិក​អាស៊ាន ក៏ដូចជា​តួអង្គ​យ៉ាងសកម្ម​នៅក្នុង​តំបន់​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន មុននឹង​ប្រកាស​បើក​ជា​ផ្លូវការ​នៃ AMM លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៣ ខែសីហា​។ នេះ​បើ​យោងតាម​កម្មវិធី​នៃ​កិច្ចប្រជុំ​។

កិច្ចប្រជុំ AMM លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​រួមមាន កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ​៥៥​ សន្និសីទ​ ក្រោយ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក ​៣ លើក​ទី ២៣ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា លើក​ទី​ ១២ និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​ ២៩​។

យោងតាម​កម្មវិធី​ដដែល​នា​ថ្ងៃទី​ ៣ សីហា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​អគ្គលេខាធិការ​អាស៊ាន​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធីការ​ចុះហត្ថលេខា​លើ​លិខិតូបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ​ដោយ​ប្រទេស​ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និង​អារ៉ាប់រួមអេមីរ៉ាត​។ កិច្ចប្រជុំ​ត្រីភាគី​ចំនួន ​៣ ដាច់​ដោយឡែក​ពីគ្នា​រវាង​កម្ពុជា​ និង​លេខាធិការដ្ឋាន​អាស៊ាន​ជាមួយនឹង​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ចំនួន​ ៣ រួមមាន ប្រទេស​ន័រវេស ប្រទេស​តួកគី នឹង​គ្រោង​នៅ​ថ្ងៃទី​ ៣ ខែសីហា​ និង​ប្រទេស​ស្វ៊ីស​នឹង​គ្រោង​នៅ​ថ្ងៃទី​ ៤ ខែសីហា​។ ប្រទេស​ចំនួន​ ៤ ​ផ្សេងទៀត​នឹងត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ រួមមាន​ប្រទេស​ប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រ​ខាងកើត និង​អាស៊ែបៃហ្សង់​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ AMM លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លោក ប្រាក់ សុខុន រំពឹង​ថា នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយនឹង​សមភាគី​បរទេស​របស់​លោក​។ លោក​ ប្រាក់ សុខុន នឹងធ្វើ​សន្និសីទ​កាសែត នៅ​ថ្ងៃទី​ ៥ ខែសីហា បន្ទាប់ពី​បិទបញ្ចប់​កិច្ចប្រជុំ​ទាំងអស់​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក Antony J. Blinken នឹង​មកដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី ​៥ ខែសីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក-​អាស៊ាន​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​។ សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បញ្ជាក់​នា​ថ្ងៃទី ២៩ ខែកក្កដា ថា លោក Antony J. Blinken នឹងធ្វើ​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក ចំពោះ​មជ្ឈភាព​អាស៊ាន និង​ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​។

លោក​ក៏​នឹង​ជួប​ទ្វេភាគី​ផងដែរ​ជាមួយ​លោក​ ហ៊ុន សែន និង​លោក​ ប្រាក់ សុខុន ​ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​អាស៊ាន​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រឹង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។ លោក Blinken ក៏​នឹង​ជួប​ជាមួយ​អតីត​និស្សិត​វ័យក្មេង​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍​ផងដែរ​។ សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​លោក​រដ្ឋមន្ត្រី​ក៏​នឹង​លើកឡើង​ពី​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​ ១៩ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ វិបត្តិ​នៅ​ភូមា និង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន​»​។

យោងតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ​កក្កដា​មាន​អ្នកសារព័ត៌មាន​ចំនួន​ជាង ៦០០ ​នាក់ ដែល​ក្នុងនោះ​អ្នកសារព័ត៌មាន​បរទេស​ជាង ២៥០​ នាក់ បាន​ចុះឈ្មោះ​នៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​មក​យក​ព័ត៌មាន​អំពី​កិច្ចប្រជុំ AMM នេះ​។ ក្រសួង​ព័ត៌មាន​បាន​ត្រៀម​មន្ត្រី និង​បុគ្គលិក​ចំនួន​ ៧០ ​នាក់ ដើម្បី​ជួយ​សម្របសម្រួល​ដល់​អ្នក​សារព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​នេះ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា អាស៊ាន​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ធ្វើឱ្យ​ដំណោះស្រាយ​កើតមាន​នៅ​មីយ៉ាន់​ម៉ា​ ដើម្បី​ជា​គំរូ ឬ​ជា​លំអាន​នៅក្នុង​ការដោះស្រាយ​វិបត្តិ​ផ្សេងៗ​ទៀត​ដែល​កើតមាន​នៅក្នុង​តំបន់​នៅ​ថ្ងៃ​អនាគត​៕